អតីតអ្នកការទូតអាមេរិចប្រចាំទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃព្រហ្បតិ៍ម្សិលមិញថា មានឱកាសតិចតួចបំផុតដែលផ្ទុះសង្គ្រាមជាថ្មីនៅឧបទ្វីបកូរ៉េ ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំបានបន្ទន់ជំហរលើរបបព្យុងយ៉ាងនៅសប្តាហ៍នេះ។
លោក Mark Lippert អតីតឯកអគ្គរដ្ឋទូតអាមេរិចប្រចាំកូរ៉េខាងត្បូង បានថ្លែងថា ប្រធានាធិបតីបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចរចារជាមួយនឹងព្យុងយ៉ាង ក្នុងកំឡុងការថ្លែងរបស់លោកនៅរដ្ឋសភាកូរ៉េខាងជើងកាលពីថ្ងៃអង្គារកន្លងទៅ។
ប្រធានាធិបតី ត្រាំបានផ្តល់ឲ្យរបបកូរ៉េខាងជើងនូវ “ផ្លូវដែលមានអនាគតល្អជាងនេះ” ប្រសិនជារបបនេះបញ្ឍប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
លោក Mark Lippert ថ្លែងថា “គាត់ (ត្រាំ) បានបើកទ្វារវិញ និងបានបង្ហាញគោលជំហររបស់គាត់ថា គាត់មានចំណាប់អារម្មណ៍ក្នុងការចរចារ។ កាលពីរយៈពេល ៣ខែមុន ការទស្សន៍ទាយរបស់ខ្ញុំថានឹងមានវិធានការយោធា មានភាគរយខ្ពស់ ពីព្រោះវាហាក់ដូចជាការចរចារគ្មាននៅក្បែរតុសោះ”។
ភាពតានតឹងកើនឡើងយ៉ាងខ្លាំងនៅឧបទ្វីប ចាប់តាំងពី កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចំងាយឆ្ងាយកាលពីខែកក្កដា និងសាកល្បងអាវុធនុយក្លេអ៊ែរទី ៦នៅខែកញ្ញា។ ដូណាល់ ត្រាំបានព្រមានកូរ៉េខាងជើង ដោយបានថ្លែងថា អាមេរិចប្រហែលគ្មានជំរើសអ្វីក្រៅតែពីកំទិចកូរ៉េខាងជើង ប្រសិនជារបបនេះនៅតែបន្តមហិច្ឆតានុយក្លេអ៊េររបស់ខ្លួន។
ប៉ុន្តែនៅក្នុងកំឡុងដំណើរទស្សនៈកិច្ចរបស់លោកក្នុងតំបន់អាស៊ីនេះ លោកត្រាំ បានបន្ទន់ជំហរ ដោយជំរុញឲ្យកូរ៉េខាងជើងវិលមករកតុចរចារវិញ៕ សុភ័ក្ត្រ