ក្រសួងរតនាគាររបស់អាមេរិច កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសពីការដាក់ទណ្ឌកម្មលើមន្ត្រី រដ្ឋាភិបាលវេណេស៊ុយអេឡាចំនួន ១០នាក់ ដែលខ្លួនបានមើលឃើញថាជាប់ពាក់ព័ន្ធនឹង ការធ្វើឲ្យខូចដល់ដំណើរការបោះឆ្នោត ការគាបសង្កត់លើប្រព័ន្ធផ្សព្វផ្សាយ ឬក៏ប្រព្រឹត្តិអំពើពុករលួយនៅក្នុងកម្មវិធីស្បៀងអាហារដែលគ្រប់គ្រង់ដោយរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានចិន Xinhua។
មន្ត្រីវេណេស៊ុយអេឡាដែលរងទណ្ឌកម្មរួមមានដូចជា រដ្ឋមន្ត្រីកសិកម្ម រដ្ឋមន្ត្រីវប្បធ៌ម អតីតរដ្ឋមន្ត្រីព៌តមាន និងទំនាក់ទំនង និងឯកអគ្គរដ្ឋទូតប្រចាំប្រទេសអ៊ីតាលី។
ការរងទណ្ឌកម្មនេះ មានន័យថា ទ្រព្យសម្បត្តិទាំងអស់របស់ជនទាំងនោះដែលមាននៅអាមេរិចនឹងត្រូវបង្កកទាំងអស់ ហើយប្រជាជនអាមេរិចនឹងត្រូវហាមប្រាមមិនឲ្យមានទំនាក់ទំនងជាមួយនឹងពួកគេនោះទេ។
ការប្រកាសពីទណ្ឌកម្មរបស់អាមេរិច ដើម្បីឆ្លើយតបទៅនឹងការបោះឆ្នោតក្នុងប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃទី ១៥ ខែតុលាកន្លងទៅ ដែលក្រសួងរតនាគារអាមេរិចបាននិយាយនៅក្នុងសេចក្តីប្រកាសថា ការបោះឆ្នោតមានភាពមិនប្រក្រតីជាច្រើន និងមានការលួចបន្លំដែលធ្វើឲ្យគណបក្សកាន់អំណាចឈ្នះសម្លេងភាគច្រើនទាំងមិនរំពឹងទុក។
ក្រសួងរតនាអាមេរិចនិយាយថា “បើទោះបីជាមានការស្នើឲ្យមានការត្រួតពិនិត្យឯករាជ្យលើលទ្ធផលបោះឆ្នោត ក៏រដ្ឋាភិបាលវេណេស៊ុយអេឡានៅតែបន្តនិតិវិធីរបស់ខ្លួន ដោយឲ្យមន្ត្រីឈ្នះឆ្នោតធ្វើការពិធីស្បថចូលកាន់តំណែង”។
“សាររបស់ពួកយើងបានបង្ហាញច្បាស់ថា អាមេរិចមិនឈរនៅជាមួយទេ ខណៈរបបរបស់លោក Nicolas Maduro នៅតែបន្តបំផ្លាញប្រជាធិបតេយ្យ និងភាពរីកចម្រើននៅក្នុងប្រទេសវេណេស៊ុយអេឡា”៕ សុភ័ក្ត្រ