Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ បង្រៀនកូនឱ្យស្គាល់ពី “ការឱ្យ” និងការ “ចែករំលែក”

លោកឪពុកអ្នកម្តាយជាច្រើន តែងតែជួបនឹងបញ្ហា នៅពេលដែលកូនតូចវ័យចូលសាលា ហើយច្រើនតែឈ្លោះជាមួយមិត្តភក្តិ រឿងដណ្តើមរបស់លេង ដែលចំពោះរឿងនេះ ប្រាកដណាស់ថា ឪពុកម្តាយពិតជាចង់ឱ្យកូនចេះចែករំលែក ស្គាល់ពីការចេះឱ្យទៅអ្នកដទៃ ព្រោះសង្គមបច្ចុប្បន្នមានការប្រកួតប្រជែងគ្នាខ្ពស់ ការបង្ហាត់ឱ្យកូនរៀនយល់ដឹងក្នុងការចេះចែករំលែកអ្វីដែលគេមាន ក៏ជាការជួយសាងឧបនិស្ស័យដ៏គួរឱ្យកោតសរសើមួយនេះ ឱ្យដក់ជាប់នៅក្នុងចិត្តកូនរហូតដែរ។

តើគួរចាប់ផ្តើមបង្ហាត់កូនអំពីរឿងនេះ នៅពេលណាល្អ?
កុមារនឹងចាប់ផ្តើមយល់ដឹងពីរឿង “របស់ខ្ញុំ” និង “របស់ឯង” ពេលមានអាយុ ៣ឆ្នាំ។ កូនតូចចាប់ផ្តើមចេះលេង រួមជាមួយក្មេងឯទៀតហើយ តែក្មេងៗនឹងចាប់ផ្តើមយល់ដឹងពីចែករំលែកមែនទែន គឺនៅពេលអាយុបានប្រមាណជា ៦ឆ្នាំ ហើយការបណ្តុះនិស្ស័យរឿងការចែករំលែកនេះដល់កូន អាណាព្យាបាលអាចធ្វើបាន តាំងពីកូនតូចចាប់ផ្តើមឈានចូលវ័យចេះនិយាយ។ ចំណែកឯវិធីបណ្តុះនិស្ស័យ ឱ្យកូនចេះចែករំលែកយ៉ាងណាខ្លះនោះ យើងនាំគ្នាតាមដានដូចតទៅ…

បបួលកូនចែករំលែក
ទៅមុខយ៉ាងសន្សឹមៗ៖ ប្រហែលយើងជាមនុស្សធំម៉េច នៅមានការហួងហែងរបស់របររបស់ខ្លួនឯង? ចុះទំរាំក្មេងៗ មិនថារបស់តូច ឬរបស់ធំនោះទេ ពួកគេមានអារម្មណ៍ថា វាជាវត្ថុមានតម្លៃរបស់គេ មិនងាយប្រគល់ទៅឱ្យអ្នកណាឡើយ។ ដូច្នេះការចង់ឱ្យកូនសម្លាញ់ ចេះចែករំលែក អាណាព្យាបាលមិនត្រូវបង្ខំឱ្យកូនចែករំលែកនៅពេលនោះភ្លាមៗឡើយ តែត្រូវធ្វើយ៉ាងសន្សឹមៗ អាចជាការចែកវេនគ្នាលេង ដូចជា “កូននៅលេងបានប៉ុន្មាននាទីទៀត រួចហើយសឹមដូរគ្នាលេងម្តង” ឬ “ចាំឱ្យពួកម៉ាកយើងលេងរួចសិន ចាំយើងលេងម្តង ពេលនេះលេងអាផ្សេងសិនទៅ ល្អជាង”។ល។

ហាមបន្ទោស ឬដាក់ទោស
បើកូនមានការដណ្តើមរបស់អ្វីមួយពីមិត្តភក្តិ ឬពីបងប្អូនគ្នាឯង លោកឪពុកអ្នកម្តាយមិនគួរស្តីបន្ទោស ឬដាក់ទោសកូននោះទេ មិនដូច្នោះទេ វានឹងក្លាយពីការតាំងចិត្តបង្រៀនកូន ទៅជាធ្វើឱ្យកូនមានអារម្មណ៍តតាំងចំពោះរឿងនោះទៅវិញ ហើយក៏មិនគួរដណ្តើមរបស់ពីដៃកូនមកវិញទេ ព្រោះអាចជាការបង្រៀនឱ្យកូនយល់ខុសថា ការដណ្តើមយករបស់ពីដៃអ្នកដទៃ គឺជារឿងដែលអាចធ្វើបាន តែត្រូវប្រើសំឡេម៉ឺងម៉ាត់។

ធ្វើជាគំរូល្អ
កុមារនឹងរៀនយល់ដឹងពីការមើលឃើញ និងធ្វើត្រាប់តាម។ បើចង់ឱ្យកូនចេះចែករំលែក ចេះផ្ដល់ឱ្យ លោកឪពុកអ្នកម្តាយត្រូវធ្វើជាគំរូឱ្យកូនបានឃើញ ដូចជាការយកនំទៅឱ្យអ្នកជិតខាង ការក្រោកឱ្យកូនក្មេង ឬមនុស្សចាស់អង្គុយ ពេលជិះនៅក្នុងរថយន្តក្រុង ឬអាចជាការចែករំលែកនៅក្នុងគ្រួសារ ដូចជា “ម៉ាក់ឱ្យកូនខ្ចីប៊ិចជាទីស្រឡាញ់របស់ម៉ាក់បាន” ឬ “ប៉ា ម៉ាក់នឹងចែកនំឱ្យកូនញ៉ាំណា៎”។

ធ្វើឱ្យក្លាយជារឿងសប្បាយ
អាចបបួលកូនលេងហ្គេមកម្សាន្ត ដែលមានការរួមគ្នាជួយ ដូចជា តរូបភាព ផ្លាស់គ្នាជួយដាក់តម្រៀប ជួយគ្នា តឱ្យចេញជារូបភាពដែលត្រឹមត្រូវ ឬការមានកិច្ចការងាររួមគ្នា ដូចជា បបួលគ្នាទៅជួយស្រោចទឹកដំណាំ ប្រមូលរបស់លេង និងអាចឱ្យនំកូនយកទៅចែករំលែកជាមួយពួកម៉ាកនៅឯសាលារៀនក៏បាន។

គោរពសិទ្ធិរបស់កូន
ការទទួលស្គាល់ថា នេះគឺជារបស់មានតម្លៃរបស់កូន ហើយកូនហួងហែងណាស់ ដូច្នេះពេលចង់ចាប់កាន់របស់ដែលកូនហួងហែងនោះ លោកឪពុកអ្នកម្តាយ គួរនិយាយសុំការអនុញ្ញាតកូនជាមុនសឹន ដើម្បីឱ្យកូនបានដឹងថា ពេលប៉ាម៉ាក់ចង់យករបស់គេ គឺតែងសុំអនុញ្ញាតជានិច្ច ដូច្នេះ បើគេចង់យករបស់ផស់អ្នកដទៃ ក៏ត្រូវតែសុំការអនុញ្ញាតដូចគ្នា។

សរសើរពេលកូនចេះចែករំលែក
ក្រៅពីពាក្យសម្តីដែលបានប្រាប់ បានបង្រៀនកូនហើយនោះ លោកឪពុកអ្នកម្តាយ ក៏កុំភ្លេចពោលពាក្យសរសើរផង នៅពេលកូនចេះចែករំលែកអ្វីមួយ ឱ្យទៅមិត្តភក្តិ ឬចេះរង់ចាំវេន ដើម្បីផ្លាស់គ្នាលេង និងដើម្បីឱ្យកូនមើលឃើញថា ការឱ្យរបស់ទៅនរណាម្នាក់ គឺជារឿងគួរឱ្យកោតសរសើរ និងថែមទាំងធ្វើឱ្យមិត្តភក្តិ ដែលគេចែករំលែកឱ្យនោះ មានសេចក្តីសុខដូចគ្នាដែរ។

ជួបជាមួយមិត្តភក្តិ
ការនាំកូនទៅចូលរួមក្រុមជាមួយក្មេងឯទៀត នឹងជួយឱ្យកូនបានស្ថិតនៅក្នុងស្ថានការណ៍ ដែលត្រូវកើតមានការចែករំលែកជាមួយអ្នកដទៃ។ ការដែលកូនបានមានឱកាសសាងសម្ព័ន្ធភាពជាមួយមិត្តភក្តិនេះ គឺជាការសាងភាពជឿទុកចិត្ត ដែលនឹងធ្វើឱ្យកូន មានអារម្មណ៍ចង់ចែករំលែកជាមួយមិត្តភក្តិដែលគេស្និទ្ធស្នាលផងដែរ។

លោកឪពុកអ្នកម្តាយមិនចាំបាច់មានសម្ពាធក្នុងចិត្តថា កូនត្រូវតែធ្វើឱ្យបានសម្រេចគ្រប់ពេល គ្រប់រឿងឡើយ ព្រោះអំឡុងពេលចាប់ផ្តើម កូនអាចនៅមិនទាន់សុខចិត្តងាយៗនោះទេ អាចត្រូវមានការលួងលោមច្រើនបន្តិច តែការធ្វើយ៉ាងសន្សឹមៗ និងជាប់លាប់ ក៏នឹងជួយបណ្តុះរឿងនេះ ឱ្យនៅជាមួយគេយូរតទៅទៀត និងធំធាត់ឡើង ក្លាយជាមនុស្សធំ ដែលស្គាល់ពីការផ្ដល់ឱ្យ និងចែករំលែកបានយ៉ាងសមរម្យ៕

Two adorable siblings playing on the floor
mother talking with her unhappy son at home; shallow DOF, focus on mothers eyes
Annoyed mother discussing misbehavior with tween son while they sitting at home table
×