កសិករចិនម្នាក់កំពុងអនុវត្តគ្រោងការណ៍ស្ថាបនាកសិដ្ឋានដោយប្រើវត្ថុធាតុដើមសំខាន់ គឺ…ពោត ។
ដោយមានការជួយគាំទ្រពីសំណាក់កសិករ ១៤ នាក់ទៀត លោក Liu Hong Cai ជាកសិករដែរ រស់នៅជិតទីក្រុង Shulan ខេត្ត Jilin ប្រទេសចិន បានសាងសង់កសិដ្ឋាន ដោយប្រើវត្ថុធាតុដើមជាផ្លែពោត -នេះបើតាម SCMP ឲ្យដឹងកាលពីម្សិលមិញ ។
ពោតជាង ២០.០០០ ផ្លែ ត្រូវបានភ្ជាប់បញ្ចូលក្នុងគ្រោងដែក ឬ ឈើដើម្បីសាងជាអគារបណ្តោយ ១២ ម៉ែត្រ ទទឹង ៤ ម៉ែត្រ ក្នុងទីលានកសិដ្ឋាន ។ ក្រៅពីអគារគេនៅសាងសង់បន្ថែមនូវកង្ហារខ្យល់, ឃ្លាំង, អណ្តូងទឹក និងរបង ពីពោតទាំងស្រុង ។
Yan Yue ដែលជាមន្ត្រីផ្នែកសាងសង់របស់ភូមិនេះ ឲ្យដឹងថា លោក Liu នៅចិញ្ចឹមឆ្មា បន្ថែមទៀត ដើម្បីបង្ក្រាបកណ្តុរដែលជា «សត្រូវ» របស់អគារនេះ ។ Yan ពោលថាៈ «ពួកយើងបាននាំយកឆ្មាអនាថាច្រើនក្បាល ពីទីក្រុងមកកាន់ទីនេះ ។ អគារនេះនឹងក្លាយជាលំនៅដ្ឋានថ្មីរបស់ពួកវា ។ ខ្ញុំគិតថា វាពិតជាគោលគំនិតប្លែក ហើយអស្ចារ្យ» ។
គ្រោងការណ៍សាងសង់នេះ នឹងបញ្ចប់អំឡុងពេល១សប្តាហ៍ទៀត ។ Liu ពោលថាៈ «ពួកខ្ញុំត្រូវប្រញាប់ប្រញាល់ ព្រោះព្រិលជិតធ្លាក់ហើយ» ។ លោកសង្ឃឹមថា ពេលសាងសង់រួច វានឹងក្លាយជាទីកន្លែងទេសចរណ៍ ៕