សេចក្ដីស្នេហាដែលមានន័យពីការសាងសម្ព័ន្ធភាពស្នេហ៍ជាមួយគ្នា ក្រៅពីសេចក្ដីស្រឡាញ់ និងការយល់ចិត្តគ្នាហើយ រឿងសំខាន់ ២រឿងទៀត ដែលត្រូវមានចំពោះគ្នា គឺការផ្ដល់ឱ្យ និងការគោរពគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យសេចក្ដីស្នេហានោះគង់វង្សស្ថិតស្ថេរ និងជាការរស់នៅជាមួយគ្នាប្រកបដោយសេចក្ដីសុខរបស់មនុស្ស ២នាក់ ដែលមកពីក្រុមគ្រួសារ និងកន្លែងផ្សេងគ្នា។ អីឡូវនេះ យើងមកដឹងទាំងអស់គ្នាថា តើការធ្វើឱ្យសម្ព័ន្ធភាពស្នេហ៍ស្ថិតស្ថេរគង់វង្ស ដោយការផ្ដល់ឱ្យ និងការគោរពគ្នាទៅវិញទៅមកនោះ មានអ្វីខ្លះ?…
១-ចូរស្ដាប់នូវអ្វីដែលគូស្នេហ៍របស់អ្នកត្រូវការ មានសេចក្ដីប្រាថ្នាធ្វើជាអ្វី និងពាក្យសម្ដីដែលដាស់តឿនស្មារតីអ្នក។
២-ចូរសម្ដែងឱ្យគេឃើញថា អ្នកមានភាពយកចិត្តទុកដាក់លើអ្វីដែលគូស្នេហ៍របស់អ្នកត្រូវការ មានបំណងប្រាថ្នាក្នុងការបានមក រួមទាំងការនិយាយដាស់តឿនស្មារតី។ ការសម្ដែងឱ្យគូស្នេហ៍ឃើញពីទង្វើរបស់អ្នក អាចធ្វើបានដោយការផ្ដល់ការគាំទ្រ សហការ និងជួយរុញច្រាន ដើម្បីឱ្យគេបានសម្រេចនូវអ្វីដែលគេត្រូវការ។
៣-នៅពេលអ្នកត្រូវគូស្នេហ៍សំណូមពរឱ្យធ្វើអ្វី ឬជួយលើរឿងអ្វីមួយ អ្នកគួរចាប់ផ្ដើមធ្វើភ្លាម និងជួយតាមដែលអាចជួយបាន។ កុំទុកចោល បណ្ដោយឱ្យពាក្យសំណូមពរនោះ កន្លងផុតទៅយូរពេក។
៤-ប្រើពាក្យសម្ដីដែលអាចជាការណែនាំ ពាក្យសម្ដីដែលសម្ដែងការកោតសរសើរ សម្ដែងពីអារម្មណ៍ស្រឡាញ់ចំពោះគូស្នេហ៍របស់អ្នក។ មិនមែនដោយសារតែគេ ទទួលបានជោគជ័យអ្វីម្យ៉ាងនោះទេ តែចូរប្រើពាក្យសម្ដីល្អៗទាំងនោះចំពោះគ្នា ព្រោះអ្នកស្រឡាញ់នូវអ្វីដែលជារូបគេ។
៥-បើចង់ប្រើអារម្មណ៍កំប្លុកកំប្លែងក្នុងការកម្ចាត់ភាពគួរឱ្យធុញទ្រាន់របស់ជីវិតគូ ឬដើម្បីផ្លាស់ប្ដូរស្ថានការណ៍ដែលកំពុងតានតឹង ឱ្យល្អប្រសើរឡើងវិញនោះ ក៏សុំឱ្យវាអារម្មណ៍កំប្លុកកំប្លែងពិត មិនមែនជាអារម្មណ៍បែបចំអកឡកឡាយឡើយ។
៦-បើគិតចង់ប្រៀបធៀបគូរបស់អ្នក ជាមួយអ្នកដទៃ ក៏សូមឱ្យមានត្រឹមតែ ១ករណីគត់ គឺការប្រៀបធៀបដែលធ្វើឱ្យគូស្នេហ៍របស់អ្នក យល់ឃើញថា គេ ឬនាងមានសមត្ថភាពខ្លាំង និងរឹងមាំប៉ុនណា។
៧-ជីវិតគូ គឺការបានរៀនយល់ដឹងពីការរស់នៅរួមគ្នាជាមួយមនុស្សម្នាក់យ៉ាងស៊ីជម្រៅ ហើយអ្នកទាំង២ ក៏បានដឹងពីការសម្ងាត់របស់គ្នាទៅវិញទៅមកដែរ ដូច្នេះ ចូរកុំយកទៅបង្ហាញឱ្យអ្នកដទៃណាដឹងឱ្យសោះ។
៨-សម្ព័ន្ធភាពស្នេហ៍ដែលល្អ គឺការគោរពទីតាំងឯកជនផ្ទាល់ខ្លួនរបស់គ្នាទៅវិញទៅមក ដូច្នេះបើមានអ្វីដែលអ្នកមិនយល់ស្រប ចូរទទួលស្ដាប់ក្នុងឋានៈដែលអ្នកជាគូជីវិតរបស់គេ។
៩-បើសិនមានរឿងដែលចង់រអ៊ូដាក់គូស្នេហ៍របស់អ្នក ចូរធ្វើតែល្មមសមរម្យ និងស្ថិតក្នុងរឿងដែលគួរនិយាយ ឬធ្វើបានហើយ កុំលូកជ្រៅ ឬឈានដល់ក្លាយជាការរិះគន់ ស្ដីបន្ទោស។
១០-បញ្ឈប់ការនិយាយចំអក ដៀមដាមគ្នាទៅវិញទៅមក តែចូរប្រើពាក្យសម្ដីដែលសុភាពរវាងគ្នាប្រសើរជាង៕