សម័យនេះ មានប្រភេទនៃទំនាក់ទំនងសម្ព័ន្ធភាពរវាងបុរស និងស្ត្រី កើតឡើងច្រើនរូបបែបណាស់ តែថ្ងៃនេះ យើងមានសម្ព័ន្ធភាពរវាងមនុស្សប្រុស និងមនុស្សស្រី បែបថ្មី ១ទៀត មកជម្រាបជូន។
បច្ចុប្បន្ននេះ តើមានអ្នកណាខ្លះដែលកំពុងស្ថិតក្នុងអារម្មណ៍មួយដែលគិតថា ជាមួយនឹងបុរស ឬនារីម្នាក់នោះ យើងមានអារម្មណ៍ល្អជាមួយគេខ្លាំងជាងពាក្យថា “មិត្ត” និងមានភាពរ៉ូមែនទិកខ្លាំងណាស់ តែមិនចង់អភិវឌ្ឍបន្ត ឱ្យក្លាយជាគូស្នេហ៍ឡើយ។ ជួនកាលអ្នកអាចនឹងកំពុងស្ថិតក្នុងសម្ព័ន្ធភាព ដែលគេហៅថា Situationship ហ្នឹងឯង…
Situationship មានភាពរ៉ូមែនទិកល្អ តែមិនអភិវឌ្ឍបន្ត
មានអារម្មណ៍ល្អពេលបាននៅជាមួយគ្នា ទៅណាមកណាជាមួយគ្នា ញ៉ាំបាយជាមួយគ្នា បានជួបគ្នា និយាយគ្នាពីរឿងនេះរឿងនោះបានរហូត។ មានអារម្មណ៍ល្អនឹងគ្នា វាគឺជាភាពរ៉ូមែនទិកដ៏សែនល្អ ប៉ុន្តែស្ថានភាព និងឋានៈ មិនព្រមអភិវឌ្ឍបន្ត ឱ្យក្លាយជាគូស្នេហ៍នឹងគ្នា។
ស្ថានភាពបែបនេះ ប្រហែលជារឿងរ៉ាវថ្មីមួយសម្រាប់សម្ព័ន្ធភាពបុរស និងស្ត្រីបែប Situationship។ សម្ព័ន្ធភាពបែបនេះ អ្នកជំនាញការខាងចិត្តសាស្ត្រ និងស្នេហាមួយចំនួន ឱ្យនិយមន័យថា វាគឺជាភាពរ៉ូមែនទិករយៈពេលខ្លីៗ ដោយសារតែភាគីណាម្នាក់ មិនចង់ផ្លាស់ប្ដូរស្ថានភាព ឬឋានៈ មិនចង់ឱ្យមានការចងភ្ជាប់គ្នាបែបស៊ីជម្រៅអ្វីទាំងអស់ ដែលសម្ព័ន្ធភាពបែបនេះ យើងអាចហៅបានថា ជាសម្ព័ន្ធភាពបែបចម្លែក ដោយសារម្នាក់ៗបានទទួលប្រយោជន៍រៀងៗខ្លួនផង និងត្រូវការនៅលីវរហូតផង ក៏ប្រហែលជាមិនខុសប៉ុន្មានឡើយ។
ចំណុចសង្កេតមើលសម្ព័ន្ធភាពបែប Situationship…
-សម្ព័ន្ធភាពនេះ គ្មានឈ្មោះសម្រាប់ហៅឡើយ…មិត្តជិតដិត ក៏មិនមែន គូសង្សារ ឬគូស្នេហ៍ ក៏មិនមែន
-មិនមានភាពជាប់លាប់…ជួបគ្នាក៏បាន មិនជួបគ្នាក៏បាន
-មិនមានការនិយាយពីរឿងអនាគត…ជួបគ្នា ដើរលេងជាមួយគ្នា រួចហើយ ក៏ហីៗរៀងខ្លួន
-មិនមានសម្ព័ន្ធភាពដែលស៊ីជម្រៅ…មិនមានរឿងសិច ចូលមកពាក់ព័ន្ធឡើយ
-ទំនេរ ក៏ជួបគ្នា មិនទំនេរ មិនចាំបាច់ជួបគ្នាក៏បាន…គ្មានការបង្ខិតបន្ខំភាគីណាមួយ ត្រូវតែមកជួបឱ្យបានឡើយ
-មិនមានការចងភ្ជាប់រវាងអ្នកទាំង២…គ្មានចំណងអ្វីទាំងអស់
-មិនមានការនឹកដល់រឿងស្ថានភាព និងឋានៈ និងសូវជាសួរនាំគ្នាពីរឿងហ្នឹងប៉ុន្មានឡើយ…
ប្រាកដណាស់ថា សម្ព័ន្ធភាពបែបនេះ ក៏អាចមានអ្នកដែលគេពេញចិត្តដែរ តែបើសិនជាវាកើតឡើងចំពោះយើងវិញ ហើយយើងមិនចូលចិត្ត គួរតែសួរនាំអំពីសម្ព័ន្ធភាពនោះឱ្យបានច្បាស់លាស់ បើសិនជាមិនអភិវឌ្ឍបន្ត យើងក៏អាចនឹងជ្រើសរើសផ្លូវ ដែលត្រូវដកខ្លួន ថយចេញមកដោយខ្លួនឯង ហើយដំណើរការបន្តទៅក្នុងសម្ព័ន្ធភាពផ្សេងទៀតបាន៕