ដុំថ្មពីរដុំ ដែលមានរាងរៅ និងពណ៌សម្បុរខុសគ្នា តែសុទ្ធសឹងតែមានក្លិនក្រអូបដូចជាទឹកអប់ ម្ចាស់ដុំថ្មពីរដុំនេះឲ្យដឹងថា មានអ្នកនៅទីក្រុងហូជីមិញមកសុំទិញលោកក្នុងតម្លៃ ៥ លានដុង (២០ម៉ឺនដុល្លារ) តែលោកពុំទាន់លក់ ។
ដុំថ្មពីរដុំដែលជះក្លិនក្រអូបនេះ មួយដុំរាងមូលវែងពណ៌ក្រហមទម្ងន់ប្រមាណ ០,៦ គីឡូក្រាម ហើយមួយដុំទៀតពណ៌ប្រផេះ មានទម្ងន់ ០,៩ គីឡូក្រាម ដែលត្រូវបានកាត់ចេញពីផ្ទាំងថ្មធំមួយផ្សេងទៀត ។ ថ្វីត្បិតមានពណ៌សម្បុររាងរៅខុសគ្នាក្តី តែថ្មទាំងពីរដុំនេះសុទ្ធសឹងតែជះចេញក្លិនក្រអូបដូចទឹកអប់ ហើយដុំថ្មពណ៌ប្រផេះមានក្លិនក្រអូបខ្លាំងជាង ។
ម្ចាស់ដុំថ្មនេះឲ្យដឹងថា ២ខែមុនមានពលរដ្ឋម្នាក់នៅទីក្រុង Pleiku ខេត្ត gialai បានទៅពឹងពាក់លោកឲ្យជួយមើលហុងស៊ុយដើម្បីសង់ផ្ទះ ។ ដោយដឹងថា លោកចូលចិត្តប្រមូលទិញថ្មប្លែកៗម្ចាស់ផ្ទះក៏បានយកដុំថ្មពណ៌ក្រហមឲ្យលោក ចំណែកដុំថ្មពណ៌ប្រផេះគាត់ឲ្យលោកមកខ្ចីមកដាក់តាំងមើល ។ ថ្មទាំងពីរដុំនេះពេលណាក៏ជះក្លិនក្រអូបដែរ ។ ម្ចាស់ផ្ទះនោះបានប្រាប់លោកថា គាត់បានទិញវាពីប្រជាជនរកស៊ីនេសាទនៅតំបន់សមុទ្រ ។
ពេលយកវាមកដល់ផ្ទះគាត់បានយកដុំថ្មទាំងពីរទៅលាងសម្អាត ហើយសំណល់ទឹកក្រោយពេលលាងក៏ជះក្លិនក្រអូបដែរ ។ ឃើញចម្លែកបែបនេះលោកបានរកមើលតាមបណ្តាញអ៊ិនធឺណេត ក៏ឃើញថា ដុំថ្មទាំងនេះមានលក្ខណៈស្រដៀងនឹងផូស៊ីលក្រពះត្រីសមុទ្រដែលភាសាអង់គ្លេសហៅថា “Glosbe” ។
តាមអ្នកជំនាញការនោះប្រសិនបើក្រោយការធ្វើតេស្តវាពិតជា Glosbe មែន វាមានតម្លៃដល់ទៅរាប់សែនដុល្លារក្នុង១គីឡូក្រាមឯណោះ ព្រោះវាមានប្រសិទ្ធភាពក្នុងការផលិតប្រភេទឱសថពិសេស ក៏ដូចជាសម្រាប់ធ្វើវត្ថុធាតុដើមក្នុងការផលិតប្រភេទទឹកអប់ដែលមានតម្លៃដ៏ថ្លៃ ។