Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ វិធីងាយៗ ៨យ៉ាង ដែលធ្វើឱ្យកូនបានដឹងពីសេចក្តីស្រឡាញ់របស់ឪពុកម្តាយ

តើលោកឪពុកអ្នកម្តាយដឹងទេថា សម្រាប់កូនៗ រឿងដែលសំខាន់ខ្លាំងជាងការបានរបស់លេងធំៗ ឬបានញ៉ាំនំដែលគេចូលចិត្ត គឺការបានទទួលសេចក្តីស្រឡាញ់អំពីឪពុកម្តាយ និងទោះបីជាលោកអ្នក ចង់ប្រាប់ថា ជាធម្មតាឪពុកម្ដាយត្រូវតែស្រឡាញ់កូនរបស់ខ្លួនឯងស្រាប់ហើយក៏ដោយ តែហ្នឹង វាគ្រាន់តែជាពាក្យសម្ដីប៉ុណ្ណោះ។ ដូច្នេះបើចង់ឱ្យកូន បានដឹងពីសេចក្តីស្រឡាញ់របស់ឪពុកម្តាយយ៉ាងពិតប្រាកដនោះ សូមសាកល្បងធ្វើតាម វិធី ៨យ៉ាង ដែលយើងនាំមកជម្រាបជូនបន្តទៅនេះ ធានាថា កូនៗនឹងមានសេចក្តីសុខ និងមានអារម្មណ៍កក់ក្តៅយ៉ាងអស់ពីចិត្តមិនខាន…

១-ប្រើពេលវេលារួមជាមួយកូន
មិនអាចបដិសេធបានឡើយថា ឪពុកម្តាយសម័យនេះ ត្រូវខាតបង់ពេលវេលាជាមួយនឹងរឿងការងារ និងរឿងផ្សេងៗទៀតអស់ជាច្រើន រហូតអាចនិយាយបានថា ស្ទើរតែគ្មានពេលបាននៅជាមួយកូនៗឡើយ ដូច្នេះពេលដល់ថ្ងៃឈប់សម្រាក ឬថ្ងៃទំនេរ ប៉ាម៉ាក់គួរតែប្រើពេលវេលាដ៏សែនវិសេសនេះ នៅជាមួយកូនៗ អាចនឹងរៀបចំពិធីជប់លៀងតូចមួយនៅក្នុងផ្ទះ ឬនាំគេទៅលេងសួនកម្សាន្ត ទៅទិញរបស់លេង ឬអ្វីក៏ដោយ ដែលលោកអ្នកគិតថា កូននឹងមានសេចក្តីសុខ។

២-ទទួលស្តាប់គ្រប់យ៉ាងដែលកូននិយាយប្រាប់
នៅពេលដែលកូនចង់និយាយអ្វី ចង់រៀបរាប់ពីរឿងអ្វីដែលគេបានជួប ឱ្យលោកឪពុកអ្នកម្តាយស្តាប់ លោកអ្នកក៏គួរតែនៅរង់ចាំស្តាប់គេយ៉ាងយកចិត្តទុកដាក់ មិនមែនគ្រាន់តែស្តាប់ហើយ ឆ្លើយឱ្យតែរួចៗពីមាត់នោះទេ។
៣-និយាយពាក្យថា ស្រឡាញ់ឱ្យបានញឹកញាប់
ជាវិធីមួយដ៏ល្អ និងត្រង់ៗបំផុត ដែលកូននឹងអាចដឹងបានថា ឪពុកម្តាយស្រឡាញ់គេប៉ុនណា។ បើចង់ឱ្យកូនមានអារម្មណ៍ថា ខ្លួនគេសំខាន់ និងមានអារម្មណ៍កក់ក្តៅនោះ ចូរនិយាយប្រាប់គេ ឱ្យបានញឹកញាប់តាមដែលអាចធ្វើបាន។ ធានាថា គេច្បាស់ជា Happy យ៉ាងពិតប្រាកដ។

៤-ឱប និងថើប នៅពេលមានឱកាស
នៅពេលមានឱកាសបានជិតស្និទ្ធជាមួយកូនហើយ វិធីដែលបង្ហាញពីសេចក្តីស្រឡាញ់បានល្អបំផុតនោះ គឺការឱប និងថើបថ្ពាល់កូនហ្នឹងឯង។ សាកល្បងធ្វើសាកលមើល រួចហើយលោកអ្នកនឹងបានឃើញស្នាមញញឹមតូចមួយនៅលើផ្ទៃមុខរបស់កូនមិនខាន។

៥-សួរនាំពីជីវិតប្រចាំថ្ងៃរបស់គេ
ក្រោយវិលមកពីសាលារៀនរៀងរាល់ថ្ងៃ ឬថ្ងៃណាក៏ដោយ ដែលមានឱកាសបាននិយាយលេងជាមួយកូន ចូរសាកល្បងសួរនាំពីជីវិតប្រចាំថ្ងៃរបស់កូន ឬអាចនឹងសួរនាំពីរឿងរៀន រឿងអនាគត ឬរឿងអ្វីដែលពាក់ព័ន្ធនឹងខ្លួនគេទៅមើល ព្រោះរឿងអស់ហ្នឹងហើយ ដែលបង្ហាញឱ្យឃើញថា អ្នកយកចិត្តទុកដាក់ និងផ្តល់ភាពសំខាន់ចំពោះគេខ្លាំងប៉ុនណា។

៦-កោតសរសើរ នៅពេលគេធ្វើជាក្មេងល្អ
នៅពេលណាដែលកូនធ្វើអំពើល្អ ឬធ្វើជាក្មេងល្អ លោកឪពុកអ្នកម្តាយមិនគួរធ្វើព្រងើយទេ តែគួរផ្ដល់ពាក្យកោតសរសើរដល់គេជារង្វាន់។ យើងសូមប្រាប់ទៅចុះថា មិនចាំបាច់មានកាដូអ្វីមកឱ្យនោះទេ ត្រឹមតែពាក្យសម្ដីល្អៗ ពាក្យកោតសរសើរអំពីប៉ាម៉ាក់ គឺជាកាដូដ៏ល្អបំផុត។

៧-រក្សាពាក្យសន្យា
មិនថាតែការសន្យាក្នុងរឿងតូចតាច ដូចជា នឹងនាំទៅដើរលេងសួនកម្សាន្ត ឬនឹងនាំទៅញ៉ាំនំនៅហាងទំនើបៗនោះទេ សូមប្រាប់ទៅចុះថា បើលោកអ្នកសន្យាហើយ មិនធ្វើតាម វាអាចនឹងបំផ្លាញអារម្មណ៍របស់កូនបាន។ ដូច្នេះវិធីដែលល្អគឺ នៅពេលសន្យាអ្វីមួយហើយ គួរតែធ្វើឱ្យបាន ទើបជាការប្រសើរ។

៨-ធ្វើឱ្យកូនៗញញឹម
សូមប្រាប់ទៅចុះថា ការធ្វើរឿងកំប៉ិកកំប៉ុក ដែលអាចធ្វើឱ្យកូនៗញញឹមបាននេះហើយ គឺជារឿងដែលមានតម្លៃខ្លាំងជាងអ្វីទាំងអស់ មិនថាតែការដាស់គេ ដោយការថើបថ្ពាល់ ឬមាន Surprise ដ៏គួរឱ្យស្រឡាញ់អ្វីមួយសម្រាប់គេ ឱ្យគេញញឹម និងសើចយ៉ាងមានសេចក្តីសុខនោះ យើងសូមប្រាប់ទៅចុះថា ត្រឹមតែប៉ុណ្ណឹង កូនៗក៏បានដឹងស្រេចទៅហើយថា អ្នកស្រឡាញ់គេប៉ុនណា៕

×