យើងជឿថា គូស្វាមី-ភរិយាជាច្រើន ច្បាស់ជាធ្លាប់ជួបនឹងបញ្ហា “ធុញទ្រាន់” ជីវិតក្រោយការរៀបការ ដែលមើលទៅវាហាក់ដូចជាសាបឈឹង លែងផ្អែមល្ហែម គ្មានភាពរស់រវើក ក្លាយទៅជាម្នាក់ៗ ចាប់ផ្ដើមងាកទៅរស់នៅបែបឯកជនរបស់ខ្លួនឯងកាន់តែខ្លាំងឡើងនោះមិនខាន។ នារីៗដែលមានអារម្មណ៍ថា ខ្លួនហាក់ដូចជាអស់ចំណង់ Passion និងលែងច្បាស់ក្នុងចិត្តថា តើការដែលខ្លួនឯងគិតរៀបការហ្នឹង មិនដឹងថា វាត្រូវ ឬក៏ខុសនោះឡើយ! តែឈប់សិន! កុំអាលគិតច្រើនដល់ថ្នាក់ចង់ចែកផ្លូវគ្នាអី ព្រោះថា អ្នកនាងមិនទាន់បានសាកល្បងកែសម្រួលការរស់នៅបែបជីវិតគូជាថ្មីនៅឡើយ។ ដូច្នេះ ពេលនេះសូមសាកល្បងស្ដាប់គន្លឹះល្អៗតទៅនេះ ដែលអ្នកនាងអាចនាំយកទៅកែច្នៃប្រើ ដើម្បីបំពេញបន្ថែមភាពផ្អែមល្ហែមដល់ជីវិតគូ ក្រោយពីវាបានរលុបបាត់យូរយារមកហើយនោះ ឱ្យវិលត្រឡប់មកវិញបាន បើមិនច្រើន ក៏តិចដែរ មិនខាន។
១-សម្លឹងរកមើលចំណុចល្អរបស់បុរសម្នាក់នោះឱ្យឃើញ
អ្នកនាងរៀបការជាមួយបុរសម្នាក់នោះ គឺព្រោះតែអ្នកនាងមើលឃើញចំណុចល្អនៅក្នុងខ្លួនគេ រហូតមកដល់អីឡូវនេះ នៅពេលដែលរៀបការនឹងគ្នាយូរមក អាចធ្វើឱ្យអ្នកនាងមានអារម្មណ៍នឿយណាយ ឬស៊ាំធ្លាប់នឹងទង្វើល្អៗ ដែលបុរសម្នាក់នោះបានធ្វើចំពោះអ្នកនាង រហូតក្លាយជាភារកិច្ចតួនាទីទៅហើយ។ ដូច្នេះ ចូរសាកល្បងសរសេរ ធ្វើជាបញ្ជីចេញមកថា តើបុរសម្នាក់ដែលជាស្វាមីរបស់អ្នកនាងហ្នឹង មានចំណុចល្អអ្វីខ្លះនៅពេលនេះ?។ ការធ្វើដូច្នេះ គឺដើម្បីជួយដាស់តឿនស្មារតី ឱ្យអ្នកនាងចាប់ផ្ដើមងាកមកយកចិត្តទុកដាក់លើរូបគេឡើងវិញ និងចាប់ផ្ដើមចង់រស់នៅជាមួយគ្នាតទៅទៀត។
២-សាកល្បងផ្លាស់ប្ដូរការគិតរបស់ខ្លួនឯង
កែសម្រួលទស្សនគតិរបស់ខ្លួនឯងជាថ្មី ព្រោះថា ជីវិតក្រោយអាពាហ៍ពិពាហ៍ គឺការរស់នៅក្នុងរូបបែបថ្មីមួយ ដែលខុសប្លែកពីការគ្រាន់តែជាគូសង្សារនឹងគ្នាដូចពីមុន។ ជួនកាលអ្នកនាង អាចនឿយហត់ដោយសារតែត្រូវធ្វើការងារច្រើន រហូតធ្វើឱ្យមានអារម្មណ៍ថាចង់សម្រាក ចង់មានពេលវេលាឯកជនរបស់ខ្លួនឯងខ្លះ តែបែរជាត្រូវមកធ្វើការងារផ្ទះ មើលថែទាំស្វាមី ដែលការពិតវិញ អ្នកនាងគួរសាកល្បងបែរមុខមកជជែកពិភាក្សាគ្នា ហើយកែសម្រួលការគិតជាថ្មី។ លាក់អារម្មណ៍មិនល្អនោះឱ្យជិត កុំយកទៅទម្លាក់លើបុរសម្នាក់នោះ យកចិត្តគេមកដាក់ចិត្តខ្លួនឯងឱ្យបានច្រើនឡើង កុំយករឿងផ្សេងដែលមិនមានពាក់ព័ន្ធ ទៅទម្លាក់លើបុរសម្នាក់ ដែលគេមិនដឹងអីផងនោះឱ្យសោះ។ ទាំងអស់នេះ នឹងជួយធ្វើឱ្យអ្នកនាង បានត្រឡប់មកវិញយ៉ាងសន្សឹមៗ និងមានអារម្មណ៍ថា ការពិតទៅ ជីវិតគូរបស់អ្នកនាង មិនបានអាក្រក់ដូចដែលអ្នកនាងគិតឡើយ។
៣-សាកល្បងរកពេលវេលាចេញទៅញ៉ាំបាយជាមួយគ្នា ដូចកាលពីគ្រាជួបគ្នាលើកដំបូង
បើសិនអ្នកទាំង២ ឃ្លាតឆ្ងាយ ឬខកខានពីការប្រើពេលវេលាជាមួយគ្នាយូរមកហើយនោះ ចូរសាកល្បងពិភាក្សាគ្នាទៅមើលថា ចង់រកថ្ងៃឈប់សម្រាកណាមួយ ទៅដើរលេងនៅកន្លែងដែលធ្លាប់ទៅលេងជាមួយគ្នាកាលពីសម័យទើបទំនាក់ទំនង និងក្លាយជាសង្សារគ្នាថ្មីៗ និងនិយាយរំឭកពីអតីតកាលដ៏ផ្អែមល្ហែម។ ទាំងអស់នេះ នឹងជួយដាស់តឿនការចងចាំថា តើអ្នកទាំង២ ស្រឡាញ់គ្នាប៉ុនណា? ដែលទាំងអស់នេះ វានឹងជួយឱ្យអ្នកទាំង២ វិលមកយកចិត្តទុកដាក់គ្នាកាន់តែខ្លាំងឡើងទៀតផង។
អាការអស់ចំណង់ Passion ក្រោយការរៀបការ ដែលកើតឡើងនេះ មិនមែនជារឿងចម្លែកឡើយ បើសិនជាអ្នកទាំង២ នៅតែស្រឡាញ់គ្នា និងគ្មាននរណាម្នាក់មានចំណុចអាក្រក់ច្រើន រហូតដល់ពិបាកនឹងអភ័យទោសឱ្យទេនោះ ចូរសាកល្បងប្រើវិធីដែលបានរៀបរាប់មកនេះ ធ្វើជាជំនួយការ បន្ថែមសេចក្ដីស្នេហាដែលកំពុងតែជិតរលត់ ឱ្យវិលមកឆេះថ្គោលឡើងវិញម្ដងទៀត ហើយភាពផ្អែមល្ហែមក្រោយរៀបការ នឹងវិលត្រឡប់មកវិញយ៉ាងពិតប្រាកដ៕