Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ វិន័យល្អរបស់កូន ឪពុកម្តាយអាចចាត់ការបាន តាំងពីនៅតូច

ក្មេងនាយុគសម័យថ្មីនេះ ច្រើនតែមិនសូវស្តាប់បង្គាប់ឪពុកម្តាយប៉ុន្មានឡើយ ដោយសារតែភាពឌឺរឹង និងភាពរពឹសរបស់គេខ្លួនឯង តាមរយៈទង្វើ ការធ្វើត្រាប់តាមបែបផ្សេងៗទាំងពីសង្គមជុំវិញខ្លួន ទូរទស្សន៍ បណ្ដាញសង្គម ឬពីមិត្តភក្តិ ហើយបើសិនជាឪពុកម្តាយ ចេះតែបណ្តោយឱ្យកូនតូចខ្វះខាតរបៀបវិន័យរហូតទៅនោះ វាច្បាស់ជានឹងក្លាយជាការបណ្តុះបណ្តាល ឱ្យគេប្រមូលសន្សំទម្លាប់និស្ស័យមិនល្អនេះ រហូតក្លាយជាក្មេងច្រងេងច្រងាង ក្លាយជាបញ្ហារបស់សង្គមនាថ្ងៃខាងមុខ ដែលនឹងជះផលអាក្រក់ដល់ឪពុកម្តាយ និងរូបគេខ្លួនឯងដោយផ្ទាល់ទៀតផង។
ខាងក្រោមនេះ គឺជាដំបូន្មាន និងការណែនាំល្អៗ ដែលនឹងជួយអាណាព្យាបាលទាំងឡាយ ឱ្យបានដឹងពីការសាងរបៀបវិន័យមូលដ្ឋានដល់កូន ដែលវានឹងធ្វើឱ្យគេរស់នៅ រួមជាមួយមនុស្សផ្សេងទៀតក្នុងសង្គម នៅពេលធំឡើង បានយ៉ាងល្អប្រសើរ។

វិធីសាងរបៀបវិន័យដល់កូន

១.ដាស់តឿនប្រាប់ដោយពាក្យសម្តី
ពាក្យសម្តី អាចរាប់បានថា ជាគ្រឿងដាស់តឿនចិត្តដំបូងគេ ដែលយើងអាចប្រាប់ទៅកូនបានយ៉ាងងាយៗបំផុត តែត្រូវប្រើពាក្យសម្តីដែលពីរោះ ទន់ភ្លន់ ចិត្តត្រជាក់ មិនត្រូវស្តីបន្ទោស ឬថាឱ្យគេខ្លាំងៗឡើយ ទាំងអស់នេះ គឺដើម្បីឱ្យកូនកើតមានភាពទន់ភ្លន់ និងចេះស្តាប់បង្គាប់យើង។

២.ធ្វើជាគំរូដ៏ល្អដល់កូន
ព្រោះឪពុកម្តាយ គឺជាគ្រូដំបូងគេ…មានន័យថា ទង្វើរបស់ឪពុកម្តាយ គឺជាឧទាហរណ៍ដ៏ល្អបំផុតរបស់កូន ដូច្នេះទើបយើងត្រូវធ្វើគំរូល្អៗជាមួយកូន។ ត្រូវយកចិត្តទុកដាក់នឹងរបៀបវិន័យរបស់ខ្លួនឯងជាមុន ដូចជា ទុកដាក់របស់របរឱ្យមានរបៀប និងត្រូវកន្លែង បើក-បិទភ្លើង ឬទូរទស្សន៍ឱ្យមានពេលមានវេលា ដើម្បីឱ្យកូនតូចបានមើលឃើញគំរូល្អៗទាំងនេះ និងប្រតិបត្តិតាមបានយ៉ាងងាយស្រួល។

៣.ការទិតៀន
យើងគួរតែទិតៀន ចំពោះតែទង្វើណាដែលមិនត្រឹមត្រូវ ទិតៀនយ៉ាងមានហេតុ មានផល មិនពាក់ព័ន្ធវែងឆ្ងាយ ដោយយករឿងដទៃមកពាក់ព័ន្ធ ឬម៉ៅរួមថា គេជាក្មេងមិនល្អនោះឡើយ។

៤.មិនគួរសម្លុតគំរាមកូន ឱ្យខ្លាចឡើយ
បើយើងប្រើការសម្លុត ឬគំរាមជាប្រចាំនោះ វានឹងធ្វើឱ្យក្មេងមានទស្សនគតិក្នុងន័យអវិជ្ជមានចំពោះយើងកាន់តែខ្លាំងឡើង ដូច្នេះគួរផ្តល់ភាពសំខាន់ទៅលើការបង្ហាត់បង្រៀន ពីរបៀបវិន័យដល់កូនយ៉ាងសន្សឹមៗ ត្រជាក់ៗ និងជាប់លាប់វិញប្រសើរជាង។ មិនគួរសម្លុតដោយពាក្យសម្តីដែលធ្ងន់ធ្ងរ ឬគំរាមដោយពាក្យសម្ដីដែលអាក្រក់ស្តាប់ ដើម្បីឱ្យកូនមានអារម្មណ៍ភ័យខ្លាចនោះទេ ព្រោះវានឹងក្លាយជាចំណុចខ្សោយ ដែលបង្កប់នៅក្នុងជម្រៅចិត្តកូន។

៥.បង្កើនសុខភាពផ្លូវចិត្ត បែបវិជ្ជមានដល់កូន
អាចនឹងរកអ្វីម្យ៉ាង ដែលជាកម្លាំងជំរុញចិត្តដល់កូន ដូចជា ឱ្យអ្វីតបស្នងទៅវិញ នៅពេលកូនប្រតិបត្តិតាមរបៀបវិន័យ បានល្អគ្រប់ ១អាទិត្យ ឬគ្រប់ ១ខែ។ អាចនឹងនាំទៅដើរលេង ឬទិញរបស់លេងឱ្យជារង្វាន់ក៏បាន ដើម្បីឱ្យកូនបានដឹងថា ការមានវិន័យល្អ នឹងធ្វើឱ្យខ្លួនសប្បាយរីករាយ។

៦.បង្រៀនអំពីតិចនិក ក្នុងការចាត់ការខ្លួនឯងដល់កូន
ពោលគឺ នៅពេលគេមានអារម្មណ៍ធុញថប់តានតឹង ឬក្រោធខឹង គួរណែនាំឱ្យកូន នៅម្នាក់ឯងស្ងាត់ៗ ស្ងប់សតិអារម្មណ៍ ដើម្បីឱ្យចិត្តត្រជាក់ទៅវិញដោយខ្លួនឯង ឬក៏រកបទចម្រៀងស្តាប់ មើលទូរទស្សន៍ ដើម្បីបន្ធូរអារម្មណ៍មួហ្មងទាំងនោះឱ្យល្អឡើងវិញ។ នៅពេលអ្នកបង្ហាត់កូនបានបែបនេះ វានឹងធ្វើឱ្យកូនធំធាត់ឡើង ព្រមជាមួយវិធីគ្រប់គ្រងចាត់ការអារម្មណ៍ខ្លួនឯងបានយ៉ាងល្អ និងធ្វើឱ្យគេរស់នៅរួមជាមួយអ្នកដទៃក្នុងសង្គម បានយ៉ាងគ្មានបញ្ហាទៀតផង។

ការបង្ហាត់បង្រៀនវិន័យទាំងនេះដល់កូន នឹងមានលទ្ធផលជោគជ័យច្រើន គឺនៅពេលណាដែលវាត្រូវបានធ្វើឡើងយ៉ាងជាប់លាប់ មិនខ្វះចន្លោះ តែបើសិនមានការលើកលែង ឬការអនុគ្រោះ ឬឪពុកម្តាយនឿយហត់ ធ្វើព្រងើយកន្តើយចំពោះទង្វើកូនវិញនោះ វានឹងលែងធ្វើឱ្យវិន័យ ក្លាយជាវិន័យទៀតហើយ ហើយកូនរបស់យើង ក៏នឹងគ្មានផ្លូវមានរបៀបវិន័យល្អយ៉ាងពិតប្រាកដ។ ដូច្នេះចូរឧស្សាហ៍បង្កើនឧបនិស្ស័យនេះ ដល់កូនតាំងពីគេនៅតូចៗប្រសើរជាង ព្រោះថា ឈើខ្ចី វាងាយស្រួលពត់ ជាងឈើចាស់៕

×