ការដើរលេងកម្សាន្តរយៈពេលខ្លីទៅកាន់ទីប្រជុំជន Sekinchan គឺជាសកម្មភាពដ៏ពេញនិយមមួយ ជាពិសេសប្រសិនអ្នករស់នៅក្នុងជ្រលងភ្នំ Klang ក្នុងប្រទេសម៉ាឡេស៊ី ។ ហើយអ្វីដែលទាក់ទាញអ្នកដើរលេងបំផុតនោះ គឺគ្មានអ្វីជាជាងទេសភាពវាលស្រែដ៏ស្រស់បំព្រងនោះទេ ដែលផ្តល់ភាពល្អប្រសើរសម្រាប់ពួកគេថតរូបផ្សេងៗ បង្ហោះឡើងបណ្តាញសង្គម ។
ទោះយ៉ាងណា ប្រសិនបើអ្នកចូលចិត្តថតរូបជាមួយទេសភាពវាលស្រែស្រូវទុំ នោះអ្នកគួរតែយកចិត្តទុកផង ព្រោះថាអ្នកអាចកំពុងធ្វើឲ្យផលដំណាំស្រូវរបស់ប្រជាកសិករក្រីក្រទាំងនោះខូច!! ។ តាមរយៈការថ្ងៃឈប់សំរាកវិស្សមកាលថ្មីៗនេះ និងការប្រារព្ធពិធីបុណ្យ Hari Raya នោះមានការកើនឡើងចំនួនភ្ញៀវទេសយ៉ាងច្រើនកុះករ ទៅកាន់ Sekinchan ។ ប៉ុន្តែ ទន្ទឹមនោះផងដែរ កសិករជាច្រើនបានកំពុងត្អូញត្អែរជាខ្លាំងថា វាលស្រែរបស់ពួកគេកំពុងត្រូវបានបំផ្លាញដោយភ្ញៀវទេសចរគ្មានខួរគិត ។
នៅពេលនេះ កសិករទុក្ខព្រួយទាំងនោះនៅ Sekinchan បានដាក់ស្លាកបដាជាច្រើន នៅជុំវិញស្រែរបស់ពួកគេ ដើម្បីព្រមានដល់ពួកភ្ញៀវទេសចរ កុំឲ្យចូលក្នុងស្រែរបស់ពួកគាត់ទៀត ប៉ុន្តែ ភ្ញៀវទេសចរទាំងនេះពុំបានយកចិត្តទុកដាក់សូម្បីបន្តិចឡើយ ។ ផ្ទុយទៅវិញ ពួកគេនៅបន្តលុកលុយក្នុងស្រែ ដើម្បីស្វែងរកទីកន្លែងសមសួន ដើម្បីថតរូបរបស់ពួកគេ ហើយពួកគេបានវែកផ្លូវដោយជាន់ទៅដើមស្រូវ បណ្តាលឲ្យរងការខាតបង់ជាខ្លាំង ។
សមាគមទេសចរណ៍ Sekinchan និយាយថា ពួកគេក៏បានព្យាយាមយ៉ាងខ្លាំង ដើម្បីអប់រំភ្ញៀវទេសចរទាំងនោះ ដែលមកទស្សនាភូមិនេះ តាមរយៈសារនៅលើទំព័រកាសែត ឬ សៀវភៅ ប៉ុន្តែ ពួកគេនៅតែមិនស្តាប់តាមដំបូន្មានរបស់ពួកគេនោះទេ ។ ពួកគេនិយាយថា ពួកគេយល់ហើយថា មនុស្សចូលចិត្តមកថតរូបដ៏ស្រស់ស្អាត នៅវាលស្រែនៅក្នុង Sekinchan ប៉ុន្តែ វាមិនចាំបាច់ត្រូវដើរលុកលុយក្នុងដំណាំរបស់កសិករបែបនេះឡើយ ។
កសិកររងផលប៉ះពាល់បាននិយាយថា ពួកគេស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភ្ញៀវទេសចរមកកាន់វាលស្រែរបស់ពួកគេ ដើម្បីស្វែងយល់បន្ថែម អំពីដំណើរការលូតលាស់របស់ស្រូវ ប៉ុន្តែ បែរជាមានការសោកស្តាយជាខ្លាំង នៅពេលភ្ញៀវទេសចរទាំងនោះ ពុំយកចិត្តទុកដាក់លើស្លាកសញ្ញាព្រមាន ឬ ពេញចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការដាំដុះស្រូវបែបនេះ ៕ ឧត្តម