ថ្មីៗនេះ ខ្ទើយរៀនចប់ថ្នាក់បរិញ្ញាប័ត្រម្នាក់នៅក្នុងប្រទេសថៃ បានសម្រេចចិត្តទម្លាយរឿងរ៉ាវដ៏គួរឲ្យហួសចិត្ត នៅលើហ្វេសប៊ុកថា គាត់ត្រូវបានគេបដិសេធទទួលយកធ្វើការទេ នៅក្រុមហ៊ុនពាណិជ្ជកម្មមួយ ។
ខ្ទើយរូបនេះបានបង្ហោះរូបថត screnshot នៃ email មួយ ដែលក្នុងនោះ ក្រុមហ៊ុននោះបាននិយាយថា៖ «សុំទោសផង! ពួកយើងពុំអាចទទួលយក ‘ស្ត្រីស៊ីម២’ ប្រភេទនេះបានទេ» ។
ភ្លាមៗនោះ ក៏មានប្រតិកម្មពីមិត្តភក្តិ និងអ្នកលេងអ៊ិនធើរណេតជាច្រើន ដោយពួកគេបានសួរថា៖ «តើនេះជាសម័យអ្វីទៅ?» និងបានថ្កោលទោសចំពោះអ៊ីម៉ែល និងក្រុមហ៊ុននោះជាខ្លាំង ។
អ្នកលេងអ៊ិនធើរណេតម្នាក់ បាននិយាយថា គាត់គួរតែសប្បាយចិត្ត ដែលពួកគេពុំទទួលយកគាត់ធ្វើការ ព្រោះពួកគេពិតជាពុំមែនជាក្រុមហ៊ុនមានវិជ្ជាជីវៈ ។
តាមច្បាប់សមភាពយេនឌ័ររបស់ថៃ ដែលបានចែងក្នុងមាត្រាទី១៨ មានខ្លឹមសារថា ប្រសិនបើអ្នកណាម្នាក់គិតថាខ្លួនឯង កំពុងរងការឈឺចាប់ដោយសារការរើសអើងផ្លូវភេទ នោះមានសិទ្ធិដាក់ពាក្យបណ្តឹងទៅគណៈកម្មការវិនិច្ឆ័យការរើសអើងផ្លូវភេទ ដើម្បីកំណត់ថាតើវាជាការអើងអើងផ្លូវភេទ ឬ យ៉ាងណា និងរកដំណោះស្រាយចុងក្រោយមួយ ។ នេះបើយោងតាម sanook ៕ ចន្ទី