ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងបន្ថែម អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង រហូតដល់ ១៥អង្សាសេ បណ្តាខេត្តនៅតំបន់ភ្នំ ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន។
ក្រសួងធនធានទឹកបញ្ជាក់ថា ស្ថានភាពអាកាសធាតុជាបន្តនៅតែសង្កេតឃើញថា ទ្រនុងសម្ពាធខ្ពស់ពីចិន បានធ្លាក់យ៉ាងគំហុក មកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុងល្បឿនខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន។
ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៥-១៦°C។
ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៧-១៨ °C។
ចំពោះរាជធានី និងបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ ២០°C។
នៅក្នុងអំឡុងពេលនោះដែរ សង្កេតឃើញសីតុណ្ហភាពអតិបរមា នៅវេលាថ្ងៃមានពី ២៦-២៩°C។ បន្ទាប់ពីថ្ងៃទី ២១ ខែធ្នូ សីតុណ្ហភាពអាចកើនឡើងពី ២-៣°C វិញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី