តាម Guardian មុខម្ហូបនិងការជ្រើសរើសអ្នកចូលរួមពិធីលាងសាយភោជន៍ថ្នាក់រដ្ឋរបស់កូរ៉េខាងត្បូងបានធ្វើឲ្យជប៉ុនខឹងសម្បារយ៉ាងខ្លាំងពេលប្រទេសនេះទទួលប្រធានាធិបតីអាមេរិក Donald Trump។ជាក់ស្តែងគឺប្រធានាធិបតីអាមេរិក ត្រូវបានទទួលដោយមុខម្ហូបក្នុងនោះមានបង្កង ដែលនេសាទបាននៅតំបន់សមុទ្រកំពុងមានជម្លោះនេសាទរវាងប្រទេសទាំង២។
ប្រព័ន្ធព័ត៌មានជប៉ុនបានហៅពិធីជប់លៀងនេះជាទង្វើ “ប្រឆាំងជប៉ុន” ព្រោះវាមានវត្តមាននៃ “បង្កង” ត្រូវបាននេសាទពីតំបន់ Dokdo នៅជិតនោះ។ Dokdo ជាកោះតូចមួយដែលជប៉ុនហៅថា Takeyhama។ ទាំងជប៉ុននិងកូរ៉េខាងត្បូងសុទ្ធសឹងប្រកាសអធិបតេយ្យភាពចំពោះកោះនេះ។
ដោយឡែកក្នុង Menu នៅពិធីជប់លៀង ប្រធានាធិបតីអាមេរិក គេឃើញមានទាំងត្រី ឆ្អឹងជំនីគោអាំង រួមជាមួយទឹកជ្រលក់ធ្វើពីស៊ីអ៊ីវដែលមានអាយុកាល ៣៦០ឆ្នាំ។
ពុំត្រឹមតែរឿងបង្ក១ប៉ុណ្ណោះទេ កូរ៉េខាងត្បូងនៅបានអនុញ្ញាតឲ្យ “ទាសករផ្លូវភេទ” ជំនាន់សង្គ្រាមជួបលោក Trump ថែមទៀត។ នោះគឺអ្នកស្រី Lee Yong-Soo ដែលធ្លាប់ត្រូវគេចាប់បង្ខំឲ្យបម្រើក្នុងផ្ទះបនសម្រាប់ទាហានជប៉ុនពេញអំឡុងពេលសង្គ្រាមលោកលើកទី២។
កាសែតរបស់កូរ៉េខាងត្បូង បានផ្តិតយករូបភាព នៃជំនួបរវាងលោក Trump ជាមួយស្ត្រីវ័យ៨៨ឆ្នាំខាងលើ ក្នុងពិធីជប់លៀងនោះ។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន Yoshihide Suga ចោទសួរថា តើវាជាការឆ្លាតវៃដែរឬទេ គ្រានាំយកទង្វើរំញោចបែបនេះក្នុងវិស័យការទូតខណៈដែលប្រទេសទាំង៣ អាមេរិក ជប៉ុន កូរ៉េខាងត្បូង កំពុងប្រឹងប្រែងរួមគ្នា ដាក់សម្ពាធលើកូរ៉េខាងជើង ដែលជាភាគីជម្លោះបច្ចុប្បន្ន?៕ សូយន