ឪពុកម្តាយក្នុងសង្គមកម្ពុជាយើង មិនសូវជាមើលឃើញពីគុណប្រយោជន៍នៃការបង្ហាត់កូន ឬអនុញ្ញាតឱ្យកូនរៀនចេះគូរូបគំនូរប៉ុន្មានឡើយ ដែលការពិតទៅ ការបង្ហាត់ ឬឱ្យកូនរៀនគូររូប ចេះផាត់ពណ៌ ឬឆ្លាក់អក្សរ និងរូបផ្សេងៗនោះ មានប្រយោជន៍ចំពោះក្មេងខ្លាំងណាស់លើផ្នែកការគិតនឹកស្រមៃ អារម្មណ៍កម្សាន្ត និងការចេះសង្កេតមើលទៀតផង។ ថ្ងៃនេះ យើងសូមលើកយកពីគុណប្រយោជន៍ល្អៗ នៃការបង្ហាត់ និងការឱ្យកូនរៀនគូររូប មកជម្រាបជូនលោកឪពុកអ្នកម្ដាយដែលជាអាណាព្យាបាល ដូចតទៅ…
ការបង្ហាត់ និងអនុញ្ញាតឱ្យកូនចេះគូរូប នឹង…
១.ធ្វើឱ្យកូនក្លាយជាក្មេងហ៊ានគិត ហ៊ាននឹកស្រមៃ
វ័យកុមារ ជាវ័យដែលពេញហូរហៀរទៅដោយការគិតស្រមៃ។ ការចេះគូររូប និងផាត់ពណ៌ នឹងជួយឱ្យកុមារបានហ្វឹកហាត់ ប្រើការគិតស្រមៃបានយ៉ាងសេរី ដែលវានឹងហុចផលធ្វើឱ្យកុមារ ក្លាយជាមនុស្សហ៊ានគិត ហ៊ានចាប់ផ្តើមធ្វើនូវអ្វីថ្មីៗ ធ្វើឱ្យក្មេងបានសម្តែង និងបង្ហាញនូវអ្វីដែលគេនឹកឃើញ និងមានអារម្មណ៍ដឹង ជាពិសេសនៅលើក្មេងតូច ថែមទាំងមានភាពពាក់ព័ន្ធខាងជំនាញសរសេរអក្សរយ៉ាងល្អ ដែលនឹងធ្វើឱ្យក្មេងស្រឡាញ់ការគូរ ការសរសេរ ចេះធ្វើការងារ និងមានមោទនភាពលើខ្លួនឯងទៀតផង។
២.នឹងជួយឱ្យចេះហ្វឹកហាត់សមាធិ ឬចេះផ្ចង់អារម្មណ៍
នៅពេលការច្នៃបង្កើតការងារគូររូបគំនូរនីមួយៗរបស់កុមារ ចប់អស់ហើយ កុមារនឹងមានអារម្មណ៍ដឹងពីមោទនភាពចំពោះស្នាដៃរបស់គេខ្លាំងណាស់ ធ្វើឱ្យគេមានអារម្មណ៍ក្លៀវក្លាស្វាហាប់ក្នុងការសាងស្នាដៃថ្មីៗជាបន្តទៀត។ ជួយហ្វឹកហាត់ឱ្យយល់ដឹងពីភាពប្រណីត និងមានសមាធិ ព្រោះក្នុងខណៈដែលក្មេងព្យាយាមគ្រប់គ្រងដៃខ្លួនឯងឱ្យអាចគូររូប ផាត់ពណ៌ ឬច្នៃប្រឌិតវត្ថុអ្វីមួយ បានសម្រេចនោះ គឺពិតជាត្រូវប្រើការតាំងចិត្ត ផ្ចង់អារម្មណ៍ និងប្រើសមាធិខ្លាំងណាស់។
៣.ធ្វើឱ្យកុមារមានសុខភាពផ្លូវចិត្តល្អ និងរីករាយស្រស់ស្រាយ
ការព្យាយាម និងការប្រើសមាធិ ដែលម៉ឺងម៉ាត់នឹងនរ តាមការដឹងក្តីរបស់កុមារក្នុងវ័យនីមួយៗ នឹងធ្វើឱ្យកុមារ ក្លាយជាមនុស្សមានសិល្បៈនៅក្នុងខ្លួន មានភាពល្អិតល្អន់ និងទន់ភ្លន់ខាងផ្លូវចិត្ត។ ធ្វើឱ្យចេះដឹងពីគុណតម្លៃនៃធម្មជាតិ សិល្បៈ វត្ថុសម្ភារ ឬរូបបែបនៃការគិតផ្សេងៗទៀតផង ធ្វើឱ្យមានជីវិត និងផ្លូវចិត្តដ៏ល្អស្រស់ស្រាយ។ ជួយធ្វើឱ្យកុមារស្គាល់ពីការធ្វើការរួមគ្នា ចេះសម្របសម្រួលខ្លួន និងចេះសម្រួលគំនិតឱ្យមូលចូលគ្នា ទទួលស្គាល់គ្នាទៅវិញទៅមក ដែលទាំងអស់នេះហើយ គឺជាគ្រឹះនៃការរស់នៅរួមគ្នាយ៉ាងមានសាមគ្គីភាព និងមានប្រជាធិបតេយ្យក្នុងសង្គម៕