មានដែលសួរខ្លួនឯងខ្លះទេថា តើស្នេហាគឺជាអ្វី? ហើយសេចក្ដីសុខក្នុងជីវិតរបស់ខ្លួនឯង គឺអ្វី? បើឆ្លើយបានភ្លាមៗដោយមិនចាំបាច់គិតយូរ ចម្លើយដំបូងហ្នឹងឯង ច្រើនតែជាចម្លើយដែលត្រូវនឹងបេះដូងរបស់អ្នកខ្លាំងបំផុត តែបើអ្នកខ្លះ ដែលនៅរាងស្ទាក់ស្ទើរ នៅឆ្ងល់ មិនដឹងថា អ្វីគឺជាសេចក្ដីស្នេហា អ្វីគឺសេចក្ដីសុខ និងគិតថា គឺស្នេហាហ្នឹងឯង ជាសេចក្ដីសុខ យកខ្លួនឯងទៅចងភ្ជាប់នឹងសេចក្ដីស្នេហាជាមួយនរណាម្នាក់ លុះមិនបានដូចចិត្តប៉ង វាក៏ក្លាយជាក្ដីខកចិត្ត ដែលរឿងបែបនេះ ភាគច្រើនតែងកើតឡើងចំពោះអ្នកដែលទើបហាត់មានស្នេហា។ ដូច្នេះ តទៅនេះគឺ ៤ចំណុចរិះគិត ដាស់តឿនចិត្ត ដែលអាចជាគន្លងផ្លូវ ដែលនឹងជួយចង្អុលបង្ហាញឱ្យអ្នកដែលទើបរៀនមានស្នេហា មិនធ្លាប់មានបទពិសោធន៍ បាននាំយកទៅកែសម្រួលប្រើ ដើម្បីឱ្យមានសេចក្ដីសុខ ជាមួយសេចក្ដីស្នេហាលើកដំបូងរបស់ខ្លួន បានច្រើនបំផុត។
១-ស្នេហាយ៉ាងមានសតិស្មារតី និងមានហេតុផល
សតិស្មារតី អាចជួយឱ្យយើងកែបញ្ហាបាន សូម្បីតែរឿងស្នេហាក៏ដោយ។ ការលះបង់ចំពោះសេចក្ដីស្នេហា គឺជារឿងដែលល្អ តែការធ្វើបែបវីវក់ មិនបានគិតពិចារណា មិនមែនជារឿងល្អទេ។ ការស្រឡាញ់នរណាម្នាក់ គួរយល់ពីចិត្តគេ ដឹងពីចិត្តខ្លួនឯង និងមិនស្រឡាញ់ខ្លាំង រហូតធ្វើឱ្យមនុស្សម្នាក់នោះធុញថប់ទើសទាល់ឡើយ។ គួរគិតមុនធ្វើ គិតមុននិយាយ គេហៅថា ជាការស្រឡាញ់យ៉ាងមានសតិស្មារតី វានឹងធ្វើឱ្យជីវិតគូ មានសេចក្ដីសុខខ្លាំងឡើង។
២-សម្លឹងមើលគ្រប់យ៉ាងដោយការពិត
ទោះជានឹងកើតរឿងអ្វីឡើងក៏ដោយ មិនមែនថា ការមានស្នេហាលើកដំបូង សុទ្ធតែសមបំណងជានិច្ចនោះទេ ឬការរស់នៅជាមួយគ្នាជាជីវិតគូ យូររាប់សិបឆ្នាំមកហើយ មានន័យថា ជាគូជីវិតនឹងគ្នានោះទេ។ ដូច្នេះត្រូវចេះហាត់សម្លឹងរឿងទាំងអស់នោះដោយការពិត យល់ពីជីវិត យល់ដឹងពីការប្រែប្រួលផ្លាស់ប្ដូរ នោះយើងនឹងមិនសូវរងគ្រោះជាមួយបញ្ហា និងមានសេចក្ដីសុខជាមួយសេចក្ដីស្នេហា បានច្រើនជាងយើងគិតមិនខាន។
៣-កុំនឹករំពឹងថា ត្រូវតែបានទទួលការតបស្នងមកវិញ
ការផ្ដល់ ឬការលះបង់ឱ្យ គឺជារឿងល្អ ជាពិសេសការរស់នៅជាជីវិតគូជាមួយនរណាម្នាក់។ ការធ្វើឱ្យមនុស្សម្នាក់មានសេចក្ដីសុខ ជារឿងដែលជួយពង្រឹងសម្ព័ន្ធភាពស្នេហ៍ឱ្យស្ថិតស្ថេរយូរអង្វែង ក៏ប៉ុន្តែ ការផ្ដល់ ឬការលះបង់ឱ្យ ដើម្បីនឹកសង្ឃឹមទទួលបានការតបស្នងមកវិញខ្លាំងជ្រុលពេក វានឹងធ្វើឱ្យអ្នកលះបង់ លែងមានសេចក្ដីសុខ ក្លាយទៅជា រឹតតែលះបង់ឱ្យ រឹតតែមានទុក្ខ។ ដូច្នេះ ពេលតាំងចិត្តចង់ផ្ដល់ ឬលះបង់រឿងល្អៗឱ្យទៅនរណាម្នាក់ហើយ ចូរកុំនឹករំពឹង សង្ឃឹមលើអ្វីច្រើនពេក ដើម្បីកុំឱ្យខកបំណងនៅពេលក្រោយ។
៤-កុំយកសេចក្ដីសុខទាំងមូលក្នុងជីវិត ទៅចងភ្ជាប់ជាមួយនរណាម្នាក់
ចូរចាំទុកក្នុងចិត្តជាប់ជានិច្ចថា ជីវិតរបស់យើងមានតម្លៃ កុំយកទៅចងភ្ជាប់ជាមួយនរណាម្នាក់ឱ្យសោះ ព្រោះមនុស្សម្នាក់នោះ អាចមិនបានមើលឃើញពីគុណតម្លៃរបស់យើងឡើយ ហើយទីបំផុតទៅ សេចក្ដីស្នេហានោះ វានឹងមានទាំងសមបំណង និងខកបំណង។ បើសមបំណង ក៏សូមឱ្យគ្រប់គ្រងស្នេហាយ៉ាងមានសតិស្មារតី និងមានសេចក្ដីសុខ បែបមិនចាំបាច់ខ្លួនជាប់គ្នា ឬបងទៅណា អូនទៅដែរ រហូតឡើយ តែបើវាក្លាយជាទុក្ខ និងជួបតែរឿងអាក្រក់ៗវិញនោះ គួរតែដកខ្លួន ថយមកគិតឡើងវិញជាថ្មីម្ដងទៀត ព្រោះថា លើពិភពលោកនេះ នៅមានមនុស្សច្រើនទៀតណាស់ ដែលអ្នកនឹងបានជួប។
យើងសង្ឃឹមថា ទាំងអស់នេះ នឹងក្លាយជាចំណុចរិះគិត ដែលនឹងជួយឱ្យអ្នកទើបហាត់មានស្នេហាថ្មីៗ បានសាកល្បងត្រិះរិះពិចារណាយ៉ាងល្អល្អះ ដើម្បីបានគ្រប់គ្រងស្នេហាយ៉ាងមានសេចក្ដីសុខ ច្រើនជាងមានស្នេហាដោយសេចក្ដីទុក្ខ ដោយសារតែស្គាល់ស្នេហាមិនច្បាស់៕