សត្វខ្លាដំបងមួយក្បាល ដោយអចេតនាបានធ្លាក់ក្នុងអណ្តូងទឹកជម្រៅជាង ៨ម៉ែត្រ នៅខាងក្រោយវិហារ Balesh war នៅទីក្រុង Sika , រដ្ឋ Rajas than , ឥណ្ឌា ។
ទោះបីពូកែវារតោងយ៉ាងណា ក៏សត្វខ្លាដំបងនេះមិនអាចឡើងពីអណ្តូងរួច ។ វាត្រូវប្រឈមនឹងការស្លាប់ដោយលង់ទឹកប្រសិនពុំមានការអន្តរាគមន៍ទាន់ពេល។ សំណាងល្អសម្រាប់វា ដែលពេលនោះហ្វូងស្វានៅជុំវិញវិហារ បានឃើញហេតុការណ៍នេះ ពួកវានាំគ្នាចោមរោមជុំវិញមាត់អណ្តូង , ហក់ចុះហក់ឡើងស្រែកឡូឡា ដើម្បីឲ្យគេចាប់អារម្មណ៍ ។ អ្នកភូមិនៅក្បែរនោះចាប់ផ្តើមសង្ស័យ និងបានមកក្បែរអណ្តូងចង់ដឹងថា មានរឿងអ្វីកើតឡើងក៏ស្រាប់តែប្រទះឃើញពន្លឺភ្នែក២ជះចេញពីក្នុងអណ្តូងទឹកដ៏ងងឹត។
ពួកគេប្រញាប់រៀបចំការជួយសង្គ្រោះ ដោយការដាក់ជណ្តើរចុះឲ្យសត្វខ្លាតោងឡើង ដោយភ្លេចគិតពីគ្រោះថ្នាក់ចំពោះខ្លួនឯង ព្រោះសត្វខ្លាជាពូជស៊ីសាច់ វាអាចសម្រុកវាយប្រហារមនុស្សកាលបើនៅជិតគ្នា ។ ប៉ុន្តែសំណាងល្អ ក្រោយពេលឡើងផុតពីអណ្តូង សត្វខ្លានោះក៏រត់យ៉ាងលឿនចូលព្រៃបាត់ដោយពុំមានសកម្មភាពណាគំរាមកំហែងដល់អ្នកភូមិនៅជុំវិញ ៕ លីសា