«គឺជាដែនដីមួយ ដែលប្រជាជននៅទីនេះរងនូវការមាក់ងាយពីសំណាក់ប្រជាជននៃតំបន់នានារាប់សិបឆ្នាំមកហើយ។
ខ្លះគ្រាន់តែពួកម៉ាកផឹកស្រាអាក្រក់ ក៏ដៀលថាផឹកអាក្រក់មើលតែពួករលាក់កងជើង។ នៅមានពាក្យតិះដៀល ដទៃទៀតជាច្រើន និយាយឱ្យចំទៅគេចាត់ទុកថា អ្នករលាក់កងជើងជាមនុស្សមិនគួរសេពគប់ ជាមនុស្សនៅស្រទាប់ក្រោមរបស់សង្គមកម្ពុជា។
តាមពិត អ្នកដែលតិះដៀលអ្នករលាក់កងជើងបែបនេះ គេមិនទាំងដឹងថា ប្រជាជនរលាក់កងជើងជាមនុស្សប្រភេទ ណានោះទេ ហើយរលាក់កងជើងនោះនៅទីណាផង។
លោកព្រឹទ្ធាចារ្យ ពាល ឡឹម ជនជាតិព័រ ដែលមួយជីវិតរបស់លោក កុំថាឡើយកំពង់ស្ពឺ សូម្បីតែថ្នល់កៅស៊ូមានរាងយ៉ាងម៉េច ក៏លោកតាមិនទាំងស្គាល់ផងនោះ បានឱ្យដឹងថា ឈ្មោះដើមនៃរលាក់កងជើងគឺ«លាក់កងជើង»។
លោកតាពាល ឡឹម គាត់ស្ទាត់ជំនាញក្នុងការនិយាយភាសាព័រ ដែលជាភាសាកំណើតរបស់គាត់ គាត់និយាយភាសា ខ្មែររដឺនៗ ពិកបាកក្នុងការស្ដាប់ តែបានអ្នកបកប្រែជួយ។ លោកតានិទានថា កាលពីយូរលង់ណាស់មកហើយ នគរខ្មែរមានចម្បាំងជាមួយសៀម តែខ្លះគេថា ចម្បាំងជាមួយចម្ប៉ា។ ដោយច្បាំងចាញ់គេ ស្ដេចអង្គនោះក៏គេចខ្លួនកាត់ព្រៃមកដល់តំបន់រលាក់កងជើងសព្វថ្ងៃនេះ ដែលកាលនោះមិនទាន់មានឈ្មោះទេ។ គេនិយមហៅស្ដេចថា «ហ្លួង»។
អ្នកស្រុកតំបន់នោះស្គាល់អ្នកភៀសខ្លួននោះថាជាហ្លួងគ្រប់គ្រងនគរខ្មែរ។ ដោយអស់កម្លាំង ហ្លួងនោះក៏ឈប់សម្រាកកម្លាំងនៅទួលមួយ ឈ្មោះទួលស្រមរ ដើម្បីសោយក្រយា។ ទីទួលនោះ ក៏ត្រូវគេដាក់ឈ្មោះថា
ទួលស្រមរហ្លួង រហូតដល់សព្វថ្ងៃនេះ។
ក្រោយពីសម្រាកមានកម្លាំង ហ្លួងអង្គនោះក៏យាងបន្តទៅទៀត។ ដោយនឿយព្រះកាយ ស្ដេចក៏បានសម្រាកយកកម្លាំង។ ស្ដេចបានផ្អែកខ្នងទៅនឹងដើមគ្រើលមួយដើម។ លុះស្ដេចបន្ដដំណើរទៅទៀត អ្នកស្រុកនៅទីនោះបានហៅកន្លែងនោះថា «គ្រើលហ្លួងផ្អែក» ទល់សព្វថ្ងៃនេះ។
ស្ដេចជំនាន់ដើមមានពាក់កងជើងធំៗណាស់។ ដោយចង់បន្លំខ្លួនជាមួយប្រជាជន ដើម្បីការពារក្រែងលោកម្លាំងបច្ចាមិត្តមកទាន់នោះ ស្ដេចអង្គនេះក៏បានសម្រេចចិត្តដោះកងជើងលាក់ទុកនៅតំបន់នោះ។ គេក៏ហៅតំបន់នោះថា «លាក់កងជើង»ទៅ តែក្រោយមកមិនដឹងជាយ៉ាងម៉េចទេ ស្រាប់តែក្លាយទៅជា «រលាក់កងជើង»ទៅវិញ។
ក្រោយពីលាក់កងជើងហើយ ស្ដេចបន្ដដំណើរទៅដល់ភូមិមួយ អ្នកភូមិនៅទីនោះនៅតែស្គាល់ព្រះរាជារបស់ខ្លួន ទោះបីជាក្លែងខ្លួនជាប្រជារាស្ដ្រក៏ដោយ។ ព្រះមហាក្សត្របានបញ្ជាទៅតាសាល ដែលជាព្រឹទ្ធាចារ្យនៃភូមិនោះឱ្យ ធ្វើជារោងដ៏ធំមួយដើម្បីរៀបចំពិធីបុណ្យ។ រោងតាសាលធ្វើនោះមិនត្រឹមតែមិនសព្វព្រះទ័យព្រះមហាក្សត្រប៉ុណ្ណោះទេ តែថែមទាំងបណ្ដាលឱ្យមហាក្សត្រខ្ញាល់ថែមទៀងផង។ ព្រះរាជាដោយខ្ញាល់នឹងតាសាល បានដាក់បណ្ដាសាដល់អ្នកភូមិនោះថា បើតាសាលមានជីវភាពធូរធារ អ្នកភូមិនោះត្រូវតែធ្វើស្រែចម្ការមិនបានផល និងកើតចម្បាំងរាំងជល់ទៀតផង។ តែបើតាសាល ជួបប្រទះភាពតោកយ៉ាកនោះ ទើបអ្នកភូមិនោះបានសេចក្ដីសុខ។
ដោយសារតែមានរឿងរ៉ាវរបស់តាសាលបែបនេះហើយ ទើបភូមិនោះមានឈ្មោះថា ភូមិតាសាលរហូតមកដល់សព្វថ្ងៃនេះ។
ដែនដីមេម៉ាយខ្លឹម ឬដែនដីមាក់ងាយ
រលាក់កងជើង ស្ថិតក្រោមក្រសែភ្នែកមាក់ងាយពីសំណាក់មនុស្សតំបន់ផ្សេងៗ មួយផ្នែកដោយសារបណ្ដាសារបស់ស្ដេចចំពោះតាសាល។ នៅមានរឿងអាម៉ាស់មួយទៀត ដែលបណ្ដាលឱ្យមនុស្សតំបន់ផ្សេងៗហាក់មើលស្រាលអ្នករលាក់កងជើង។
លោកស៊ីម ហឿន ជាអ្នកស្រករក្រោយមួយរូប ដែលដឹងរឿងរ៉ាវនៃប្រវតិ្ដរលាក់កងជើងច្រើនពីចាស់ៗជំនាន់នោះ បាននិយាយថា នៅរលាក់កងជើងរបរសំខាន់របស់គេ គឺបរបាញ់ ចូលព្រៃរកខ្លឹម រកជ័រ…។ ចំណែកប្រុសៗដែលជាប្ដី ទៅព្រៃម្ដងៗយ៉ាងតិចណាស់ក៏៣ខែដែរទើបត្រឡប់មកវិញ ជាហេតុធ្វើឱ្យប្រពន្ធដែលនៅផ្ទះឯណេះដាច់របបយូរ ហើយក៏ចាត់ទុកខ្លួនឯងថាអ្នកមេម៉ាយ។
ប្រុសពីចម្ងាយតែងតែទៅរកទិញជ័រនៅរលាក់កងជើង។ ឃើញស្រីៗទាំងនោះគ្មានប្ដីនៅជាមួយ ពួកគេក៏ហៅស្រីៗទាំងនោះថា មេម៉ាយខ្លឹម(មេម៉ាយខ្លឹមចន្ទន៍)។ ប្រុសៗកំហិលទាំងនោះតែងតែប្រើសម្ដីលែបខាយចំពោះស្ដ្រីទាំងនោះ យូរៗស្រីទាំងនោះយល់ព្រមរួមរ័កជាមួយ ព្រោះខ្លួនក៏ដាច់របបយូរដែរហើយ។
ករណីបែបនេះ ចេះតែឮតៗគ្នា ហើយអ្នកទៅទិញជ័រ ទិញខ្លឹមតែងតែរួមរ័កជាមួយប្រពន្ធគេជានិច្ច។ យូរៗទៅរឿងនេះ ល្បីសុសសាយដល់គេឯង បណ្ដាលឱ្យគេតិះដៀលស្រីៗរលាក់កងជើងថា ស្រីគ្មានប្រពៃណីត្រឹមត្រូវ។ អ្វីៗទាំងអស់នេះ សុទ្ធតែជាការនិទានតៗគ្នាតែប៉ុណ្ណោះ។
អ្នករលាក់កងជើងទាំងមូល បានទទួលការមាក់ងាយដោយសារតែស្រី្ដក្នុងតំបន់នោះធ្វើខ្លួនបែបនេះ។ តែលោកស៊ីម ហឿន បាននិយាយទៀតថា វាជាការនិទានតៗគ្នាតែប៉ុណ្ណោះ។
ប្រវតិ្ដឡានស៊ីស្មៅ
រឿងនិទានពីការដាក់ស្មៅឱ្យឡានស៊ី ក៏ត្រូវគេអះអាងថា កើតចេញពីតំបន់រលាក់កងជើងនេះដែរ។ លោកតាពាល ឡឹម និយាយថា កាលនោះលោកតាមិនទាន់ដឹងក្ដីទេ តែឪពុកម្ដាយរបស់លោកនិយាយថា មានពួកបារាំងបើកឡានទៅដល់តំបន់នោះ។ ដោយផ្លូវឆ្ងាយ ម៉ាស៊ីនរថយន្ដក្ដៅ ម្ចាស់ឡានក៏បើកគម្របម៉ាស៊ីនដើម្បីឱ្យម៉ាស៊ីនឆាប់ត្រជាក់។ ពួកអ្នកស្រុកឃើញបែបនេះ ក៏ថាឡានហាមាត់ ហើយយកស្មៅមកដាក់ឱ្យឡានស៊ី។ បារាំងម្ចាស់ឡានខឹង ក៏បិទគម្របម៉ាស៊ីនយ៉ាងខ្លាំង ហើយបើកទ្វារឡានយកដែករវៃបញ្ឆេះឡានចេញទៅ។
ពួកអ្នកស្រុកឃើញគេរវៃបញ្ឆេះឡានបែបនេះ ក៏និយាយថា«អានេះចាក់ច្រមុះទៅចេះស្រែក»។
រត់ព្រៃ
រលាក់កងជើង គឺជាតំបន់សម្បូរណ៍ទៅដោយឈើប្រណីតៗ តែលំនៅស្ថានប្រជាជនតូចៗ ដែលមើលទៅមិនសមជាអ្នករស់នៅតំបន់ សម្បូរណ៍ឈើឡើយ។ តែលោកតាពាល ឡឹម បាននិយាយថា ពួកគេមិនធ្វើផ្ទះធំ ដោយសារតែកន្លងមករវល់តែរត់ចូលព្រៃ គឺរត់ពេញព្រៃគេចពីសង្គ្រាម។
អនុខេត្តថ្មកែវ
កាលពីទសវត្សទី៦០ សម្ដេចព្រះមហាក្សត្រ នរោត្តម សីហនុ ចង់អភិវឌ្ឍន៍តំបន់នោះឱ្យមានការរីកចម្រើននឹងគេ។ ព្រះអង្គក៏សម្រេច បង្កើតអនុខេត្តមួយនៅតំបន់នោះ គឺអនុខេត្ត«ថ្មកែវ» ។ព្រះអង្គបានប្រមូលខ្មែរកម្ពុជាក្រោមនិងអ្នកគ្មានលំនៅឱ្យទៅរស់នៅទីនោះ។
ដោយសារតែតំបន់ដាច់ស្រយាល ខ្វះទឹក គួបផ្សំនឹងជាតំបន់គ្រុនចាញ់ផងនោះ ហើយរត់ទៅទីប្រជុំជនអស់ទៅ។ ម្លោះហើយទីនោះនៅតែជាតំបន់ដាច់ស្រយាល ដែលគេទៅមិនដល់និងគ្មានអ្នកណានឹកនាដដែល។
រលាក់កងជើងពេលនេះនៅជិតបង្កើយ
បើគិតពីភ្នំពេញទៅរលាក់កងជើងមានចម្ងាយជាង ១៣០គីឡូម៉ែត្រ តែបើគិតពីខេត្តកំពង់ស្ពឺទៅមានចម្ងាយជាង៩០ គីឡូម៉ែត្រ។ លោកចែម សារឹម ភិបាលស្រុកឱរ៉ាល់ បាននិយាយថា កន្លងមកមិនដែលមានអង្គការណាចង់ជួយអ្នករលាក់កងជើងទេ ព្រោះឆ្ងាយពេក។ ពីមុនគេមកដល់រលាក់កងជើងដោយជិះម៉ូតូឌុប កំពង់ស្ពឺ រលាក់កងជើងទៅមក ១៥០ដុល្លារឯណោះ តែពេលនេះ Maeda បានស្ថាបនាផ្លូវទៅកាន់រលាក់កងជើងបានរួចជាស្ថាពរ ក្រោមគម្រោងថវិការបស់ LWS ។
ផ្លូវលំថ្មីនេះ អាចបើករថយន្ដក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងមួយថ្ងៃគេអាចទៅមករលាក់កងជើងបាន២ ឬ៣ជើង មិនតែប៉ុណ្ណោះ មានរថយន្ដឈ្នួលរត់ទៅដល់ទីនោះទៀតផង។
លោកចៅហ្វាយស្រុកបាននិយាយទៀតថា សព្វថ្ងៃអ្នករលាក់កងជើងលែងចូលព្រៃរកជ័រទៀតហើយ គឺគេចាប់ផ្ដើមរានដីធ្វើស្រែចម្ការ តែក៏នៅមានអ្នកភូមិខិលខូចខ្លះទៅលួចដុតព្រៃយកសត្វផងដែរ។ លោកពន្យល់ថា តាមពិតទៅការដុតព្រៃនេះ គោលបំណងធំរបស់អ្នកភូមិមិនមែនដើម្បីយកសត្វនោះទេ គឺដើម្បីឱ្យខ្លោចដើមឈើធំៗដើម្បីកាប់ឈើនោះលក់។ ឯពួកអ្នកស្រុកនិយាយថា កាប់ឈើដែលឆេះ ទើបអាជ្ញាធរឬមេព្រៃមិនរករឿង។
អ្នករលាក់កងជើងគឺជាមនុស្សស្មោះត្រង់ ហើយឆាប់ជឿទុកចិត្តគេណាស់។ ពូកគេមិនបានរៀនសូត្រចេះដឹងឡើយ តែថាបើរត់ចូលព្រៃឱរ៉ាល់កុំសង្ឃឹមថារួចខ្លួនឱ្យសោះ គឺព័ទ្ធចាប់ភ្លាមៗតែម្ដង។
លោកចៅហ្វាយស្រុកនិយាយទៀតថា ផ្លូវលេខ៤២ មកកាន់រលាក់កងជើងមានអូរ១៦កន្លែង លោកចង់បានស្ពានចំនួន៦ នៅតំបន់អូរធំៗជាបន្ទាន់ តែមិនដឹងថាទៅសុំអ្នកណា។ លោកបញ្ជាក់ថា បើមានស្ពាន ច្បាស់ជាមានអ្នកចង់មកស្គាល់រលាក់កងជើង ច្រើនជាមិនខាន។
សម្រាប់ខែប្រាំង គេអាចបើកបរដោយគ្មានស្ពានបាន ព្រោះទឹកអូរខ្លះរាក់ ខ្លះរីង ដូច្នេះគេបើកបរកាត់អូរដោយគ្មានបញ្ហា៕