«ប៉ឹង» គឺជាសម្លៀកបំពាក់ប្រពៃណីមួយបែប មិនថាស្ដេច ឬប្រជារាស្ដ្រធម្មតាទេ តែងតែនិយមស្លៀកពាក់សម្លៀកបំពាក់នេះ តាំងតែពីសម័យបុរេប្រវតិ្ដសាស្ដ្រម្ល៉េះ ដែលជាសមិទ្ធផលរបស់ជនជាតិខ្មែរសុទ្ធសាធ។
ប៉ឹងបុរសនាសម័យអង្គ
បច្ចុប្បន្ននេះ ទោះបីជាសម្លៀកបំពាក់ប៉ឹងនេះត្រូវបានរលាបសាបសូន្យ លែងសូវមានការនិយមរាប់អានពីសំណាក់មនុស្សក្នុង សម័យជឿនលឿនហើយក៏ដោយ គេនៅតែសង្កេតឃើញមានបងប្អូនខ្មែរលើយើងខ្លះ ដូចជានៅខេត្ដមណ្ឌលគិរី និងរតនគិរី នៅនិយមស្លៀកប៉ឹងនេះនៅឡើយដែរ។
ការដែលបងប្អូនខ្មែរលើនៅតំបន់ភូមិភាគឦសាននៅតែនិយមប្រើប្រាស់ប៉ឹងនេះនៅឡើយ ធ្វើឱ្យគេនឹកឃើញនូវសម័យវប្បធម៌ក្លឹង្គ។ ព្រោះថា ថ្វីត្បិតតែខ្មែរបានទទួលវប្បធម៌ អារ្យធម៌ក្លិង្គ ដែលជាប្រភពនៃភាពរុងរឿង កប់កំពូលក៏ដោយ ជនជាតិខ្មែរពុំបានលះបង់ចោលនូវលក្ខណៈវប្បធម៌ដើមមួយចំនួន ដែលសតិអារម្មណ៍ប្រពៃណីជាតិដាក់តម្លៃ ឬចាត់ទុកថាជាទំនៀមទម្លាប់ល្អរបស់ខ្លួន។
ត្រង់នេះហើយ ដែលអ្នកស្រាវជ្រាវបានខិតខំបង្ហាញ គឺប្រពៃណី «ប៉ឹងបុរស» ដែលសង្គមខ្មែរទាំងមូលនាសម័យអង្គរបាន និយមប្រើប្រាស់ មិនថាត្រកូលក្សត្រ ឬរាស្ដ្រនោះឡើយ ដើម្បីឆ្លុះបញ្ចាំងនូវនិរន្ដរភាពរបស់ជនជាតិខ្មែរយើងតាំងពីសម័យ មហានគរ។
មានភស្តុតាងមួយចំនួន ដែលអ្នកស្រាវជ្រាវបានលើកយកមកបង្ហាញពីភាពចំណាស់របស់ប្រពៃណីខ្មែរស្លៀកប៉ឹង។ ប្រសិនបើយើងទៅទស្សនានៅប្រាសាទបន្ទាយឆ្មារ និងប្រាសាទបាយ័ន យើងនឹងឃើញនូវរូបភាពដែលស្មានមិនដល់ គឺព្រះបាទជ័យវ័រ្មនទី៧ ដែលជាព្រះមហាក្សត្រដ៏ខ្លាំងកប់កំពូល បានកសាងប្រាសាទបុរាណរាប់រយក្នុងអតីតមហានគរខ្មែរ និងជាស្ដេចសឹកក៏បានស្លៀក«ប៉ឹង»ដូចជាប្រជារាស្ដ្រខ្មែរទូទៅដែរ។ នេះហើយ ដែលសបញ្ជាក់ឱ្យឃើញថា ទោះបីឥទ្ធិពលដ៏ខ្លាំងក្លារបស់ឥណ្ឌាបានបោកបក់មកលើសង្គមខ្មែរជំនាន់នោះក្ដី ក៏មិនអាចលុបបំបាត់នូវប្រពៃណីស្លៀកប៉ឹង ដែលជាសមិទ្ធផលរបស់សង្គមខ្មែរសុទ្ធសាធបានដែរ។ រួមសេចក្ដីមក គឺព្រះមហាក្សត្រ និងប្រជារាស្ដ្រខ្មែរជាអ្នកឱ្យតម្លៃ យ៉ាងខ្ពស់នូវសម្លៀកបំពាក់ខាងលើនេះ។
ប្រពៃណីស្លៀកប៉ឹងនេះ បានកើតមានឡើងតាំងពីសម័យវប្បធម៌ថ្មរំលីងមកម្ល៉េះ។ «ដំបូងយើងបានសង្ស័យថា វាបានកើតចេញ ពីខឿនវប្បធម៌នាសម័យបុរេប្រវតិ្ដសាស្ដ្រ ប៉ុន្ដែឥឡូវយើងមិនច្រឡំទេ វាពិតជាដូច្នេះមែន ព្រោះយើងបានជួបប្រទះនូវគំនូរបុរាណលើជញ្ជាំងថ្មជាច្រើនផ្ទាំង ព្រមជាមួយនឹងវត្ថុសិល្បៈ»។
ប្រៀបធៀបចម្លាក់បុរាណនាសម័យអង្គរទៅនឹងសម័យនគរភ្នំ គេនឹងឃើញទេវតានាសម័យនគរភ្នំ ដូចជាព្រះនារាយណ៍នៅ ប្រាសាទស្រីទេព(ប្រទេសថៃបច្ចុប្បន្ន) និងព្រះនារាយណ៍នៅអង្គរបុរី(តាកែវ) ដែលជាមរតកវប្បធម៌ខ្មែរនៅតែស្លៀកពាក់ប៉ឹង ថ្វីបើមានស្ដួចស្ដើងណាស់ក៏ដោយ។
សរុបសេចក្ដីមក ការនិយមប៉ឹង ដោយព្រះមហាក្សត្រខ្មែរ ដូចជាប្រជារាស្ដ្រនាសម័យអង្គរ ពុំមែនមានន័យថា ជនជាតិខ្មែរមិនចេះប្រើសំពត់ ឬសារុងចរបាប់ធ្វើអំពីសូត្រដែលមានពណ៌ចម្រុះនោះទេ។ តាមពិត គេប្រើនៅក្នុងពិធីបុណ្យទានធំៗ ដែលនៅពេលធ្វើដំណើរ ឬទៅសឹកសង្គ្រាមក្នុងជីវភាពប្រចាំថ្ងៃធម្មតាឡើយ។ ការប្រើប៉ឹងខាងលើនេះ គឺជាភស្ដុតាងបង្ហាញនូវលក្ខណៈខ្មែរសុទ្ធសាធនៃសម្លៀកបំពាក់ខ្មែរដែលបានតពីប្រពៃណីខ្មែរលើ ឬខ្មែរដើមតែប៉ុណ្ណោះ៕