Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកស្ទឹងព្រែកត្នោតបានស្រកចុះប្រមាណ ២ តឹកហើយ អាជ្ញាធររាជធានី កំពុងត្រៀមប្រគល់អំណោយជូនពលរដ្ឋរងគ្រោះ

ភ្នំពេញ៖ ទឹកស្ទឹងព្រែកត្នោតដែលបានហក់ឡើង និងបានបណ្ដាលឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនធំ នៅសណ្តរស្ទឹងព្រែកត្នោត ខណ្ឌដង្កោ កាលពីប៉ុន្មានថ្ងៃមុននេះ គិតមកត្រឹមព្រឹកថ្ងៃទី១៦មករានេះ កំពស់ទឹកបានស្រកចុះប្រមាណ២តឹកហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអាជ្ញាធររាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់ មើលថែប្រជាពលរដ្ឋ គឺមិនអោយប្រជាពលរដ្ឋណាម្នាក់ស្លា.ប់ដោយការអត់បាយឡើយ។ នេះជាការបញ្ជាក់របស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ស្ថានភាពជាក់ស្ដែង នៅតាមទីតាំងដែលលិចដោយជំនន់ទឹកភ្លៀងនៅម្លុកវត្តកំពង់ក្តុល សង្កាត់សាក់ សំពៅ ខណ្ឌដង្កោជាថ្មីម្តងទៀត នាព្រឹកថ្ងៃ ទី ១៦ ខែ មករា ឆ្នាំ ២០២៣នេះ ។

ឯកឧត្តមឃួង ស្រេង បានប្រសាសន៍លើកឡើងថា៖ កម្រិតទឹកដែលជន់លិចដោយជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោត បានស្រកចុះប្រមាណ២តឹកហើយ នៅថ្ងៃទី១៦មករានេះ ហើយវានឹងបន្តស្រកចុះបន្ថែមទៀត ។ អ្វីដែលអាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់បន្តទៀតនោះ គឺមើលថែប្រជាពលរដ្ឋ ដែលលិចលង់នេះ ដោយត្រូវនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មកចែកជូន គឺមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លា.ប់ដោយការអត់បាយឡើយ។ លោកណែនាំអោយអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានាប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ និងស្រង់ស្ថិតិប្រជាពលរដ្ឋរងគ្រោះអោយបានច្បាស់លាស់ ដើម្បីយើងយកអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនពួកគាត់អោយបានទាន់ពេលវេលា។

គួររំលឹកថា ទឹកស្ទឹងព្រែកត្នោតបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំង និងហៀរចូលលិចលំនៅដ្ឋានប្រជាពលរដ្ឋតែម្តង ហើយក៏ត្រូវបានអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌ ចុះជួយអន្តរាគមន៍ទប់ទឹកតែម្តង ហើយគិតមកត្រឹមព្រឹកថ្ងៃទី១៦មករានេះ កំពស់ទឹកបានស្រកចុះប្រមាណ២តឹកហើយ ។

បើតាមអាជ្ញាធរ គ្រោះធម្មជាតិនេះបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ២០០០ខ្នងផ្ទះហើយ ដែលទទួលរងការលិចលង់ និងត្រូវទទួលបានអំណោយ ដែលអាជ្ញាធររាជធានីនិងត្រូវរៀបចំប្រគល់ជូន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×