ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ អាកាសធាតុនឹងចុះត្រជាក់ក្នុងកម្រិតមធ្យម។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់នៅប្រទេសចិន និងខ្យល់មូសុងឦសាន្ត បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្តាហ៍ ដែលស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម កន្លែងខ្លះអាចលើសមធ្យម។
១- តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
- អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យមានជាអាទិ៍ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។
២- តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ១៧-២១ °C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
- អាកាសធាតុអាចចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ពិសេសផ្ដុំភ្នំដងរែក និងខ្ពង់រាបឦសាន្ត មានជាអាទិ៍ ខេត្តមណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ ។
៣- តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
- អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់នេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN