នៅពេលអ្នកណាម្នាក់បានមើលឃើញប្រាសាទអង្គរវត្ត ហើយបើពិនិត្យឱ្យស៊ីជម្រៅបន្ដិច គេនឹងឃើញរូបចម្លាក់នៅលើជញ្ជាំងនេះជាក្បួនទ័ពក្នុងសង្គ្រាម។ ក្នុងចំណោមក្បួនទ័ពដែលកំពុងច្បាំង នឹងទ័ពយួន(ដាវវៀត) និងទ័ពច្បាំងទាំងនេះ ត្រូវបានដឹកនាំដោយមេទ័ពម្នាក់ពាក់ក្បាំងជារូបស្នែង។
ចំពោះអ្នកស្រាវជ្រាវបានឱ្យដឹងថា ការដែលមេទ័ពខ្មែរនាសតវត្សរ៍ទី១២ ពាក់ក្បាំងរូបប្រើសបែបនេះ មិនមែនជារូបភាពល្អមើល ឬចៃដន្យឡើយ វាមនអត្ថន័យធ្វើឱ្យមេទ័ពនោះអង់អាចក្លាហានដូចជាសត្វប្រើស។
សិល្បករបុរាណបានឆ្លាក់រូបភាពនេះ បញ្ជាក់ពីគុណសម្បត្ដិនិងសេចក្ដីក្លាហានរបស់បុគ្គលមេទ័ព ដ៏ចំណាន។ សូមបញ្ជាក់ថា មេទ័ពធម្មតាដែលពុំបានទទួលជ័យជម្នះ គេមិនពាក់ស្នែងប្រើសនៅលើក្បាលទេ។ នេះជាជំនឿលើជីវចល។
សញ្ញាក្បាលប្រើសមានស្នែង អាចជាសត្វតំណាងឱ្យបុព្វការីជន ដែលគេចាត់ទុកសត្វប្រើសជាសត្វប្រចាំ ត្រកូលមេទ័ពដ៏ខ្លាំងក្លាពូកែ។
បច្ចុប្បន្ន ជំនឿជីវចលត្រូវបានគេប្រមូលផ្ដុំតែចំពោះអ្នកស្រុកអាចជាខ្មែរលើ ម្យ៉ាងទៀតជំនឿខាងលើនេះ បានធ្លាក់ចុះដោយសារឥទ្ធិពលវប្បធម៌ឥណ្ឌា ក៏ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ក៏ជំនឿលើជីវចលនៅពុំទាន់ រលត់នៅឡើយ។
ឧទាហរណ៍មួយជាក់ស្ដែង ជនជាតិខ្មែរនៅប្រទេសកម្ពុជា ក៏ដូចជានៅព្រំប្រទល់បច្ចុប្បន្ន នៅតែចាត់ទុកថា ស្នែងប្រើស ស្នែងខ្ទីង រមាស រមែងមានអំណាចពិសេស អាចជួយការពារពួកគេបាន ជាហេតុបណ្ដាលឱ្យគេមានស្នែងសត្វទាំងនោះតុបតែងផ្ទះសម្បែងរបស់ពួកគេ។ ទង្វើនេះ មិនមែនគ្រាន់តែលំអប៉ុណ្ណោះទេ ក៏ប៉ុន្ដែកើតចេញអំពីមូលដ្ឋានជំនឿសាសនាយ៉ាងប្រាកដ ព្រោះមានលក្ខណៈសាកល៕