ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង នៅជាប់នឹងសណ្តរស្ទឹងព្រែកត្នោត ត្រូវលិចចូលក្នុងស្ទឹង ដោយសារបាក់ស្រុតដី នៅច្រាំងស្ទឹង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី១៨ ខែមករា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីពលរដ្ឋជាម្ចាស់ផ្ទះ បានឱ្យដឹងថា នៅមុនកើតហេតុ ពួកគាត់ កំពុងអង្គុយហូបបាយបានលឺសំឡេងស្រឹបៗជាច្រើនដង ហើយផ្ទះចេះតែរង្គើរ ដោយភ្លាមៗនោះ បងប្អូនពលរដ្ឋជាម្ចាស់ផ្ទះនីមួយៗ រួមទាំងក្រុមគ្រួសារ បាននាំគ្នារត់ចេញទៅខាងក្រៅ ក៏ស្រាប់តែឃើញដីក្រោមផ្ទះដែលនៅជាប់នឹងច្រាំងស្ទឹង មានការបាក់ស្រុតបន្តិចៗម្តង លុះមិនបានប៉ុន្មាន ក៏ស្រុតរលំផ្ទះពួកគាត់ចូលទៅក្នុងស្ទឹងតែម្តងទៅ ។
ពួកគាត់ បានបន្ថែមទៀតថា ដោយសារហេតុការណ៍ភ្លាមៗពេក ពួកគាត់ មិនអាចប្រមូលអីវ៉ាន់ និងសម្ភារៈចំបាច់ជាច្រើន បានទាន់ពេលនោះទេ ធ្វើឱ្យសម្ភារៈ និងរបស់របរមួយចំនួន ត្រូវជាប់ក្នុងផ្ទះ ហើយលិចចូលទៅក្នុងស្ទឹងទាំងអស់តែម្តង ។
ក្រោយកើតហេតុ គេសង្គេតឃើញមានកម្លាំងនគរបាលប៉ុស្តិ៍ជាច្រើននាក់បានចុះដល់ទីតាំងខាងលើ ដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ពលរដ្ឋ០៥គ្រួសារ ដែលជាម្ចាស់ផ្ទះទាំង៥ខ្នង ដែលបានបាក់ស្រុតចូលក្នុងស្ទឹង រួមមាន៖ ទី១ឈ្មោះ ហៀង រ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ មានសមាជិក ០៤នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១១ម៉ែត្រ បានបាត់លុយចំនួន ២០០០ដុល្លារ ផ្លាកទីន ១ដំឡឹង ប្លង់ដី ២ប័ណ្ណ និងសំភារៈប្រើប្រាស់ផ្សេងៗ ។ ២.ឈ្មោះ រ៉ាន់ ស្រីនាង ភេទស្រី អាយុ ២៨ឆ្នាំ មានសមាជិក ០៤នាក់ ស្រី ០៣នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១១ម៉ែត្រ បាត់លុយចំនួន ១០០០ដុល្លា និងសំភារៈប្រើប្រាស់ផ្សេងៗ ។ ទី៣.ឈ្មោះ រ៉ាន់ រ៉ាវី ភេទប្រុស អាយុ ៣៥ឆ្នាំ មានសមាជិក ០៣នាក់ ស្រី ០២នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១១ម៉ែត្របាត់លុយចំនួន ១៥០០ដុល្លា និងសំភារៈប្រើប្រាស់ផ្សេងៗ ។ទី៤.ឈ្មោះ អ៊ុច ឃីម ភេទស្រី អាយុ ៦២ឆ្នាំ មានសមាជិក ០១នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ១៥ម៉ែត្រ បាត់លុយចំនួន ១៥០ដុល្លា និងសំភារៈប្រើប្រាស់ផ្សេងៗ ។ទី៥.ឈ្មោះ ផល សុផា ភេទស្រី អាយុ ៤២ឆ្នាំ មានសមាជិក ០៦នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥ម៉ែត្រ គុណ៩ម៉ែត្រ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី