Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ប្រយោជន៍ ៥យ៉ាងនៃការ “ញ៉ាំទឹក” ពេលព្រឹក

ការញ៉ាំទឹក សំខាន់ចំពោះប្រព័ន្ធធ្វើការងាររបស់រាងកាយខ្លាំងណាស់ ព្រោះវាជួយបញ្ជូនសារធាតុអាហារឆ្លងកាត់កោសិកាផ្សេងៗ កាត់បន្ថយសីតុណ្ហភាពរបស់រាងកាយ និងជួយឱ្យសន្លាក់ឆ្អឹងទាំងឡាយ ធ្វើការបានយ៉ាងល្អទៀតផង។
ខ្លាំងជាងនោះទៅទៀត មានការងារសិក្សាស្រាវជ្រាវមួយ បានបង្ហាញឱ្យឃើញពីគុណប្រយោជន៍អំពីរឿងនេះថា ការញ៉ាំទឹកនៅពេលព្រឹកព្រលឹមជាប្រចាំ នឹងល្អចំពោះរាងកាយខ្លាំងណាស់ ដូច្នេះថ្ងៃនេះ សុខភាពយើង នឹងនាំលោកអ្នកទៅស្គាល់ពីគុណប្រយោជន៍ ៥យ៉ាង របស់ការញ៉ាំទឹកនៅពេលព្រឹក ដូចតទៅ…

១- ទឹកជួយសម្រកទម្ងន់
យើងនាំគ្នាមកស្រាយចម្ងល់ទាំងអស់គ្នាបន្តិចថា តើហេតុអ្វីបានការញ៉ាំទឹកនៅពេលព្រឹក ជួយសម្រកទម្ងន់បាន? មានការសិក្សាស្រាវជ្រាវមួយក្នុងឆ្នាំ២០១៥ បានបង្ហាញថា ក្នុងរយៈពេល ១២សប្ដាហ៍ មនុស្សធំ និងមនុស្សចាស់ នឹងសម្រកទម្ងន់បានច្រើន នៅពេលបានញ៉ាំទឹកប្រមាណជា ៥០០មីល្លីលិត្រ ឬកន្លះលិត្រ មុនញ៉ាំបាយគ្រប់ពេល។
ដែលវាទៅជាបែបហ្នឹង គឺដោយសារតែលទ្ធផលបានបង្ហាញថា ការស្រកទម្ងន់នេះ គឺជាលទ្ធផលបណ្ដាលមកពីការបន្ថយការបរិភោគអាហារ ដែលបង្កើនកម្លាំងថាមពល ព្រោះញ៉ាំទឹកមុន ទើបញ៉ាំអាហារបានតិច និងក្រៅពីនេះ នៅមានពាក់ព័ន្ធនឹងប្រព័ន្ធដែលហៅថា ធើ-ម៉ូ-ជេ-នី-ស៊ីស (Thermogenesis) ជាការផលិតកម្ដៅរបស់រាងកាយ ធ្វើឱ្យកើតមានការដុតបំផ្លាញកាឡូរីផងដែរ។
និងការងារស្រាវជ្រាវមួយទៀតក្នុងឆ្នាំ២០១៧ ដែលសូមលើកយកមកជម្រាបជូនដែរនោះ បានរកឃើញថា ក្មេងស្រីដែលញ៉ាំទឹក និងអាហារដែលមានគុណប្រយោជន៍ខាងភោជនាហារ និងត្រូវបានឱ្យញ៉ាំទឹកមុនពេលបាយព្រឹក ថ្ងៃត្រង់ និងពេលល្ងាច រយៈពេល ៨សប្ដាហ៍ បានបង្ហាញថា ទម្ងន់ខ្លួនស្រកចុះ តែសុខភាពរាងកាយនៅតែរឹងប៉ឹងមាំមួន ដែលការណ៍នេះអាចនិយាយបានថា ទឹកគឺជាផ្នែកមួយ ដែលជួយក្នុងការសម្រកទម្ងន់។

២- ទឹកជួយដល់ការចងចាំ និងសុខភាពផ្លូវចិត្ត ល្អប្រសើរឡើង
ខួរក្បាលត្រូវបានផ្គុំឡើងដោយទឹក ៨៣% សូម្បីតែខ្វះទឹកតែបន្តិចបន្តួច ក៏ហុចផលប៉ះពាល់ដល់ការទទួលដឹងរបស់យើងដែរ។ មានការងារស្រាវជ្រាវមួយបានបង្ហាញថា ទឹកមានផលល្អចំពោះការទទួលដឹង និងហុចផលល្អដល់ផ្លូវចិត្តរបស់យើងទៀតផង។ ទោះជាមិនសូវច្បាស់ប្រាកដក្ដី តែការស្រាវជ្រាវ បានចង្អុលបង្ហាញថា អ្នកដែលញ៉ាំទឹកពេញ ១ថ្ងៃ នឹងមានសុខភាពផ្លូវចិត្តល្អប្រសើរជាងអ្នកដែលមិនសូវបានញ៉ាំទឹក ហើយក្រៅពីនោះ អ្នកដែលខ្វះទឹក នឹងមានផលអាក្រក់ដល់ការចងចាំ និងមានសមាធិខ្លីខ្លាំងជាងប្រក្រតី ដូច្នេះហើយ បើចង់ចាប់ផ្ដើមជីវិតដោយថ្ងៃដែលល្អ គួរតែញ៉ាំទឹកតាំងពីព្រឹកព្រលឹម។

៣- ទឹកជួយឱ្យមានអារម្មណ៍ល្អ
ការញ៉ាំទឹកនៅពេលព្រឹក អាចនឹងធ្វើឱ្យយើងមានអារម្មណ៍ល្អ…លទ្ធផលនៃការស្រាវជ្រាវក៏ងាយៗ គឺបើសិនញ៉ាំទឹកតិច បរិមាណទឹកក្នុងរាងកាយក៏តិច យើងក៏នឹងមានអារម្មណ៍ស្រេកទឹក និងមានអារម្មណ៍ថា មិនសូវមានសមាធិ មិនសូវមានអារម្មណ៍ផ្ចង់លើការងារ ភាពស្ងប់អារម្មណ៍ថយចុះ និងឆាប់មួម៉ៅ។
សភាវខ្វះទឹក ហុចផលមិនល្អចំពោះអារម្មណ៍ បើចង់មានអារម្មណ៍ល្អ ចូរញ៉ាំទឹកតាំងពីព្រឹកព្រលឹម ឬបើសិនអាចទៅរួច គួរញ៉ាំទឹកឱ្យបានពេញ ១ថ្ងៃ នឹងល្អជាទីបំផុត។

៤- ទឹកជួយឱ្យស្បែកស្អាត
ស្បែក មានជាតិទឹកប្រមាណជា ៣០%។ ទឹកនៅក្នុងស្បែក នឹងជួយឱ្យស្បែករបស់ខ្លួនប្រាណយើង មានសុខភាពល្អ ភ្លឺរលោង មានភាពតឹងណែន។ ការញ៉ាំទឹកជួយឱ្យស្បែកមានសំណើម ជួយការពារស្លាកស្នាម ។ ដូច្នេះនារីៗយើង គួរញ៉ាំទឹកតាំងពីពេលព្រឹក ព្រោះកុំភ្លេចថា យើងត្រូវជួបទាំងកម្ដៅថ្ងៃ ល្អងធូលី និងបង្កើនសំណើមដល់ស្បែក ប្រៀបដូចជាក្រោះការពារស្បែកតាំងពីដំបូងៗដូច្នោះដែរ។

៥- ទឹកជួយឱ្យរាងកាយត្រៀមជាស្រេចកាន់តែខ្លាំងឡើង
ការញ៉ាំទឹកតាំងពីព្រឹក ជួយត្រៀមរាងកាយឱ្យត្រៀមខ្លួនជាស្រេចកាន់តែខ្លាំងឡើងក្នុងការធ្វើការងារប្រចាំថ្ងៃ។ ចូរកុំភ្លេចថា ទឹកជាផ្នែកផ្គុំសំខាន់របស់រាងកាយ អវយវៈច្រើនយ៉ាងក្នុងរាងកាយ ក៏ត្រូវការប្រើទឹកដែរ ដូចជា…
-ក្រលៀន…ការញ៉ាំទឹកជួយឱ្យក្រលៀនបណ្ដេញវត្ថុមិនល្អចេញពីរាងកាយ។
-ប្រព័ន្ធបេះដូង និងសរសៃឈាម…ញ៉ាំទឹកក្នុងបរិមាណគ្រប់គ្រាន់ នឹងជួយឱ្យប្រព័ន្ធឈាមរត់ ធ្វើការងារបានយ៉ាងពេញលេញ។
-សន្លាក់ផ្សេងៗ ធ្វើការមិនរអាក់រអួល…ទឹកជាផ្នែកផ្គុំសំខាន់ ដែលស្ថិតនៅម្ដុំបរិវេណសន្លាក់របស់ឆ្អឹង ការញ៉ាំទឹកយ៉ាងគ្រប់គ្រាន់ នឹងជួយសម្រាលអាការឈឺចាប់តាមសន្លាក់ ធ្វើឱ្យផ្នែកផ្សេងៗ ធ្វើការបានដោយមិនរអាក់រអួល៕

20 Sep 2013, Honolulu, Oahu, Hawaii, USA — Japanese woman drinking water in rural field — Image by © Colin Anderson/Blend Images/Corbis
back portrait of man’s gesture peeing in a toilet
×