ប្រជាជនខ្មែររស់នៅក្នុងខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា រួមមានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក៏ដូចគ្នានឹងប្រជាជនខ្មែរដែលរស់នៅក្នុងខេត្តសុរិន្ទ ស៊ីសាកេត និងខេត្តបុរីរម្យ ក្នុងប្រទេសថៃនាពេល បច្ចុប្បន្ននេះដែរ ពួកគេនៅតែមានជំនឿថា ខ្នាយតាន់របស់ជ្រូកព្រៃគឺជាវត្ថុស័ក្ដិសិទ្ធិ ដែលនាំមកនូវសិរីមង្គលនិងសេចក្ដីសុខចម្រុងចម្រើន។
ជំនឿលើខ្នាយតាន់ជ្រូកព្រៃ ក៏កើតមានទៅដល់ប្រជាជនខ្មែរភាគតិចដែលរស់នៅតាមច្រករបៀងនៃព្រំដែន ខ្មែរ-ឡាវផងដែរ។ ជនជាតិខ្មែរលើទាំងនេះ មានដូចជាពួកទំពួន ព្នង និងស្ទៀងជាដើម ដែលភាគច្រើននៃពួកនេះពាក់ខ្នាយតាន់ជ្រូកព្រៃជាប្រចាំថ្ងៃទៀតផង។
ការនិយមមានជំនឿលើខ្នាយតាន់ជ្រូកព្រៃរបស់ប្រជាជនខ្មែរស្ទើរតែជាទូទៅក៏ដោយ ក៏គេនៅតែមានជំនឿ ខ្លាំងជាងគេគឺខ្នាយតាន់ជ្រូកព្រៃនៅតំបន់ជួរភ្នំដងរែក។ ជួរភ្នំដងរែកជាតំបន់អាថ៌កំបាំង ដែលគេយល់ថា ជាកន្លែងរស់នៅដ៏សុខសាន្ដរបស់សត្វជ្រូកព្រៃ ព្រោះនៅទីនោះមានសម្បូរចំណីអាហារដ៏គាប់ចិត្ដរបស់ ហ្វូងជ្រូក គឺមើមដំឡូងព្រៃ។
តាមការស្រាវជ្រាវបានឱ្យដឹងថា ជ្រូកព្រៃមានទម្លាប់រស់នៅជាហ្វូងៗរបស់វា។ នៅក្នុងហ្វូងជ្រូកព្រៃនីមួយៗ គេឃើញមានមេហ្វូងមួយជាជ្រូកឈ្មោល ដែលមិនត្រឹមតែមានមាឌធំ ហើយខ្លាំងជាងគេទេ វាថែមទាំងកាចសាហាវទៀតផង។ នៅក្នុងខណៈដែលមានកូនជ្រូកព្រៃទើបនាងកើតមក មេហ្វូងជ្រូកព្រៃដ៏កាចសាហាវនេះសម្លាប់នូវកូនជ្រូកឈ្មោលណាដែលវាទទួលស្គាល់ថាមានមហិទ្ធិរិទ្ធិដូចវា។
អ្នកស្រុករស់នៅតំបន់ជួរភ្នំដងរែកបានឱ្យដឹងថា ការបំផ្លាញកូនខ្លួនឯងដូច្នេះ បណ្ដាលមកពីមេហ្វូងខ្លាចក្រែងកូនឈ្មោលនៅក្នុងហ្វូងនោះដណ្ដើមអំណាចធ្វើជាមេហ្វូងទៅថ្ងៃក្រោយ។
ទម្លាប់របស់ជ្រូកព្រៃនេះ ពុំមែនជារឿងចៃដន្យនៅក្នុងសង្គមសត្វដែលធ្វើឱ្យមានការរន្ធត់ចិត្ដនោះទេ តែនេះជាច្បាប់ធម្មជាតិ។
ពេលមេហ្វូងជ្រូកព្រៃជិតងាប់ ទើបវាទុកកូនឈ្មោលណាដែលប្រកបដោយលក្ខណសម្បតិ្ដរឹងមាំ មានដុះខ្នាយវែងជាគេបន្ដិច ដើម្បីទុកឱ្យដឹកនាំហ្វូងជ្រូកព្រៃជាបន្ដពីវាទៀត។ ចំពោះមេហ្វូងជ្រូកព្រៃដល់ ពេលវេលាចាស់ជរាខ្លាំងទៅ វាដើរទៅរកកន្លែងស្ងាត់និងមានដើមឈើផងដើម្បីយកខ្នាយតាន់របស់វាទាំង ពីរកាច់បំបាក់ទុកបង្កប់ចោលនៅនឹងដើមឈើនោះ។
មហិទ្ធិរិទ្ធិរបស់ខ្នាយតាន់នៅត្រង់ថា បារមីឬវត្ថុស័ក្ដិសិទ្ធិជាពន្លឺនៅលើថ្ងាសជ្រូកព្រៃដែលតាមថែរក្សាគាំពារ ជានិច្ចកាល។ បារមីនេះឯងដែលពិបាកនឹងមាននរណាមួយអាចសម្លាប់វាដោយងាយៗបានឡើយ។ ហេតុដូច្នេះហើយ ប្រជាជនខ្មែរនៅតាមតំបន់ព្រៃភ្នំដងរែក និងតំបន់ខ្ពង់រាបដទៃទៀតមានជំនឿថា អ្នកដែលរើសបានខ្នាយតាន់ជ្រូកព្រៃយកមកពាក់ គឺគេនឹងមានសេចក្ដីសុខ សិរីសួស្ដីជាពុំខាន។ បារមីនៃខ្នាយតាន់នេះនឹងនៅរក្សាការពារមិនឱ្យសត្រូវជិតឆ្ងាយមកបៀតបៀនឬយកឈ្នះលើខ្លួនគេបានឡើយ។
អ្នកមានខ្នាយតាន់ជ្រូកព្រៃ គេតែងតែកាន់ត្រណមមួយចំនួនឱ្យបានខ្ជាប់ខ្ជួន គួបផ្សំនឹងមន្ដអាគមបន្ថែមទៀតផង ដែលកាន់តែធ្វើឱ្យខ្នាយតាន់ជ្រូកព្រៃមានបារមីកាន់តែខ្លាំងក្លាថែមទៀត។
ចំពោះបងប្អូនជនជាតិខ្មែរលើក៏មានជំនឿដូចគ្នានេះដែរ។ គេបានចាត់ទុកជំនឿនេះជាទំនៀមទម្លាប់និង ប្រពៃណីប្រចាំជនជាតិផងដែរ។ គេយល់ឃើញថា បារមីខ្នាយតាន់ជ្រូកព្រៃសម្រាប់ការពារនឹងសត្វព្រៃដ៏ កាចសាហាវផ្សេងៗឬអាវុធ ដូចជាព្រួញសរជាដើម។ ដោយហេតុថា នៅតំបន់ព្រៃភ្នំពុំមានគ្រាប់កាំភ្លើង ឬជាតិផ្ទុះឡើយ។
សរុបសេចក្ដីមក ជំនឿលើខ្នាយតាន់ជ្រូកព្រៃរបស់ជនជាតិខ្មែរយើងអាចឆ្លុះបញ្ចាំងឱ្យឃើញថា ទស្សនៈរបស់មនុស្សពេលប្រឈមមុខនឹងគ្រោះកំណាចណាមួយ គេមានប្រាថ្នាតែសេចក្ដីសុខនិងមាន ភាពត្រជាក់ត្រជុំតែប៉ុណ្ណោះ។ហើយជំនឿនេះក៏ជាមែកធាងនៃខឿនវប្បធម៌និងអារ្យធម៌របស់ជនជាតិ មួយចំនួនផងដែរ។
គប្បីជម្រាបផងដែរថា ចំពោះខ្មែរសុរិន្ទបុរីរម្យសព្វថ្ងៃ ឆ្អឹងថ្គាម ខ្នាយនិងឈាមសត្វព្រៃមួយចំនួនមាន តួនាទីយ៉ាងសំខាន់ក្នុងការរក្សារោគឬជំងឺ។ ឧទាហរណ៍គេយកថ្គាមដំរីទៅដុសនឹងថ្ម ហើយស្រង់យកទឹកទៅបរិភោគដើម្បីការពារពុលថ្នាំ និងធ្វើឱ្យត្រជាក់ខ្លួនប្រាណ។ ខ្នាយដំរីនិងខ្នាយតាន់ជ្រូកវិញ គេប្រើសម្រាប់កែក្ដៅខ្លួនដែរ។ ឆ្អឹងត្មាត និងឆ្អឹងអក កែរោគគ្រុនញាក់ រវើរវាយនិងកែស្ដ្រីសម្រាលកូនមិនចេញប្រក្រតី ។ ជួនកាលគេក៏យកឈាមរមាសដើម្បីកែក្រំ និងជាំ ពេលដែលធ្លាក់ពីខ្នងដំរី ឬដើមឈើជាដើម។ ចំពោះចង្កូមខ្លា គេយកដាក់ពាក់ជាបន្ដោងនៅក ដើម្បីការពារនឹងសត្វព្រៃ ហើយបើចង្កូមខ្លានោះមានប្រហោង វាកាន់តែមានប្រសិទ្ធភាព ព្រោះព្រាយបិសាចខ្លាចណាស់។
តើមនុស្សនៅភូមិស្វាយមានជំនឿដូចនៅខាងលើនេះដែរឬទេ? ចំពោះចម្លើយនិងសំណួរនេះ តាមការស្រាវជ្រាវសិក្សាប្រៀបធៀបរបស់យើងបានឱ្យដឹងថា អ្វីដែលទើបពោលខាងលើ មិនខុសប្លែកនឹងជំនឿរបស់សហគមន៍ខ្មែរនៅភូមិស្នាយប៉ុន្មានឡើយ។ ដោយហេតុថា សំណល់វប្បធម៌ជាវត្ថុបុរាណជាច្រើន ដូចជាឆ្អឹង ចង្កូមសត្វ ដែលគេកប់ជាមួយសព ពុំមែនជាការចៃដន្យទេ ក៏ប៉ុន្ដែទាំងអស់នេះឆ្លើយតបតាមជំនឿប្រពៃណីរបស់មនុស្សខ្មែរនាសម័យបុរេប្រវត្តិសាស្ដ្រយ៉ាងពិតៗ៕ សុបិន្ត