Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ “ជំងឺរលាកស្បែកក្បាល” ឬ “អង្គែរ” មានមូលហេតុ និងវិធីព្យាបាលដែលត្រឹមត្រូវ ដូចតទៅ…

មនុស្សជាច្រើន តែងជួបប្រទះសភាវរោគរលាកស្បែកក្បាល ឬ(Seborrheic dermatitis) ដែលជាទូទៅ យើងច្រើនតែនិយមហៅថា អង្គែរ (Dandruff) បញ្ហារបស់ជំងឺរលាកស្បែកក្បាល ឬដែលយើងហៅថា អង្គែរនេះ ក្រៅពីនឹងធ្វើឱ្យមនុស្សជុំវិញខ្លួន មានអារម្មណ៍មិនសូវចូលចិត្តហើយ បច្ចុប្បន្នមានអ្នកដែលកើតអាការនេះទាំងប្រុស និងស្រី ចូលព្យាបាលកាន់តែច្រើនឡើងទៀតផង។

តើជំងឺរលាកស្បែកក្បាល ឬអង្គែរនេះ គឺអ្វី?
អាការរលាកស្រទាប់ស្បែកនេះ ចាត់ទុកជាជំងឺរ៉ាំរ៉ៃ ដែលកើត-ជា កើត-ជា មិនជាដាច់ឡើយ អាចហៅបានថា អ្នកជំងឺដែលកើតហើយ ក៏អាចវិលមកកើតម្ដងទៀតដដែលៗបានដែរ។ គេជឿថា ជំងឺនេះពាក់ព័ន្ធនឹងការកើនឡើងនៃមេរោគផ្សិតពពួក Malassezia globosa ដែលមកផ្លាស់ប្ដូរជាតិប្រេងនៅលើស្បែកក្បាល បង្កឱ្យកើតជាអាការរលាកឡើង។
អ្នកដែលកើតជំងឺរលាកស្បែកក្បាលនេះ ទោះជាមិនមានគ្រោះថ្នាក់ដល់ជីវិតមែន តែធ្វើឱ្យបុគ្គលភាពរបស់អ្នកដែលកើតរោគនេះខូចខាត ធ្វើឱ្យខ្វះភាពជឿជាក់លើខ្លួនឯងក្នុងរឿងផ្សេងៗ ទាំងក្នុងរឿងធ្វើការងារ និងការសម្រេចចិត្តក្នុងរឿងផ្សេងៗ។

អាការរបស់រោគរលាកស្បែកក្បាល ឬអង្គែរ
អាការរលាកស្បែកក្បាល បណ្ដាលពីមូលហេតុជាច្រើន ដែលប្រទះឃើញច្រើននៅលើអ្នកដែលមានសរសៃសក់ និងស្បែកក្បាលមានជាតិប្រេង ដែលអាការនេះនឹងធ្ងន់ធ្ងរខ្លាំង ឬតិច ខុសប្លែកពីគ្នា ដោយលក្ខណៈរបស់អាការនឹងមានកន្ទួលក្រហម ជ្រុះសក់ រមាស់ស្បែកក្បាលឡើងហុយ នៅកន្លែងដែលស្បែកក្បាល ពេលមានការផលិតជាតិប្រេងច្រើនជាងប្រក្រតី។ អ្នកខ្លះមានអាការក្រហាយ នៅពេលប៉ះញើស ឬពេលត្រូវពន្លឺថ្ងៃខ្លាំង អាការនឹងកម្រើកខ្លាំង ព្រោះស្បែកក្បាលនឹងផលិតប្រេងច្រើនខុសប្រក្រតី។

មូលហេតុរបស់ជំងឺរលាកស្បែកក្បាល ឬអង្គែរ
មានបច្ច័យខាងក្រៅផ្សេងៗ មកជំរុញធ្វើឱ្យអាការកម្រើកឡើង ដូចជា…
១- បរិស្ថាន ដែលជាបច្ច័យអវិជ្ជមាន ការប្រែប្រួលរបស់អាកាសធាតុ ដូចជាសំណើម កម្ដៅពីពន្លឺថ្ងៃ ធូលី និងផ្សែង។
២- ប្រភេទអាហារមួយចំនួន
៣-ភេសជ្ជៈដែលមានជាតិអាល់កុល អាចធ្វើឱ្យកើតការប្រែប្រួលរបស់អ័រម៉ូនក្នុងរាងកាយ។
៤-កត្តាមួយចំនួន ដូចជាពេលកើតជំងឺគ្រុនផ្ដាសាយ បើសិនរាងកាយចុះខ្សោយ ការសម្រាកមិនបានគ្រប់គ្រាន់ ភាពធុញថប់តានតឹងកើនឡើងច្រើន និងសភាវខ្វះអាហារ ក៏ធ្វើឱ្យកើតសភាវរលាកស្បែកក្បាលបានដែរ។

Dandruff

វិធីព្យាបាលជំងឺរលាកស្បែកក្បាល ឬអង្គែរ
ការព្យាបាលនឹងចាប់ផ្ដើមដោយការប្រើសាប៊ូកក់សក់កម្ចាត់អង្គែរ តែបើមានអាការធ្ងន់ធ្ងរ ត្រូវប្រើថ្នាំលាបប្រឆាំងការរលាកដែលស្ថិតក្នុងក្រុមស្ទើ-រ៉យដ៍ នៅលើស្បែកក្បាល ឬថ្នាំលេបប្រឆាំងនឹងមេរោគផ្សិត។ ក្រៅពីនេះ គួរគេងសម្រាកឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយភាពធុញថប់តានតឹងផង។
សភាវរលាកស្បែកក្បាល ទោះជាមិនមែនជារោគធ្ងន់ធ្ងរមែន តែក៏ជាមូលហេតុធ្វើឱ្យឫសសរសៃសក់ចុះខ្សោយដែរ តាមរយៈបច្ច័យទាំងអស់ ដែលនឹងទៅជំរុញការរលាករបស់រន្ធសរសៃសក់ ដែលការរលាកជាបន្តបន្ទាប់ និងរ៉ាំរ៉ៃ អាចធ្វើឱ្យរន្ធសរសៃសក់ត្បៀតសំប៉ែត ហើយអ្វីដែលតាមមកនោះគឺ បញ្ហារលាកឫសសក់ និងកើតការដាច់ជ្រុះរបស់សរសៃសក់។ បើសិនគ្មានការថែទាំព្យាបាល នឹងកើតបញ្ហាក្បាលទំពែកនាពេលអនាគត៕

×