ទីបំផុត ថ្ងៃទី១៤កុម្ភៈ “ទិវានៃសេចក្ដីស្រឡាញ់” ឬ Valentine day ក៏មកដល់ដូចរៀងរាល់ឆ្នាំ កំលោះក្រមុំទាំងឡាយក៏នាំគ្នាសម្ដែងពីសេចក្ដីស្រឡាញ់ដ៏ស្រស់ស្អាត និងដ៏សែនរីករាយចំពោះគ្នាទៅវិញទៅមក ដែលមានទាំងនាំគ្នាទៅមើលកុន ទៅញ៉ាំបាយ ស្ដាប់ភ្លេង និងជូនកាដូតំណាងឱ្យបេះដូងរបស់ខ្លួនដល់គ្នាទៅវិញទៅមកទៀតផង…តែ អេស?! តើមានអ្នកណាដឹងខ្លះទេថា “កាដូដែលមិនគួរទិញជូនគូស្នេហ៍” ក្នុងថ្ងៃ Valentine day នេះមានអ្វីខ្លះទៅ? អូខេៗ អីលូវ យើងនាំគ្នាមកដឹងនៅពេលនេះតែម្ដងទៅថា កាដូ ១០យ៉ាង ដែលមិនគួរទិញជូនគូស្នេហ៍នោះ មានដូចតទៅ…
១-ស្បែកជើង
ចំណុច ១នេះ ហាមដាច់ខាតតែម្ដង! អ្នកណាមានសង្សារ ប្រញាប់យកទៅប្រាប់ភ្លាមទៅ…គេនិយាយថា បើសិនគូស្នេហ៍ទិញស្បែកជើងឱ្យ នឹងធ្វើឱ្យបែកបាក់គ្នា ព្រោះស្បែកជើង វាត្រូវតែនៅ ១គូៗ ដូច្នេះហើយទើបសម្រាប់មនុស្សដែលជាសង្សារនឹងគ្នា តែមិនទាន់បាននៅជាមួយគ្នាជាគូ ធ្វើឱ្យស្បែកជើងបានក្លាយប្រផ្នូលមិនល្អ ដែលអាចធ្វើឱ្យឃ្លាតឆ្ងាយពីគ្នា ឬបែកបាក់គ្នាបាន។ សូមប្រាប់ទៅចុះថា រឿងនេះធ្លាប់កើតជាមួយមនុស្សច្រើននាក់ហើយ។
២-សម្លៀកបំពាក់ពណ៌ខ្មៅ
កាដូបែបនេះ គួរឱ្យខ្លាចខ្លាំងណាស់។ ហាមឱ្យសម្លៀកបំពាក់ឈុតដែលមានពណ៌ខ្មៅ ធ្វើជាកាដូជូនគ្នាជាដាច់ខាត ព្រោះមនុស្សចាស់បុរាណគេប្រកាន់ មិនថាតែអាវ ខោ សំពត់ ឬកន្សែងបង់កក៏ដោយ ព្រោះមនុស្សចាស់ទុំ លោកតែងតែប្រដៅជាប់ជានិច្ចថា បើយើងជូនឈុតខ្មៅទៅនរណា យើងច្បាស់បានទៅចូលរួមពិធីបុណ្យសពអ្នកនោះមិនខាន។
៣-នាឡិកា
ចំណុចនេះ ចេញមកបែបកាន់តំណមខ្លាំងជាង ព្រោះមនុស្សជាច្រើននាំគ្នាជឿខ្លាំងណាស់ថា បើសិនគូសង្សារទិញនាឡិកាឱ្យ នឹងធ្វើឱ្យរយៈពេលដែលសេពគប់គ្នា អាចនឹងត្រូវបញ្ចប់ នៅពេលដែលនាឡិកានោះឈប់ដើរ មិនថាដោយសារមូលហេតុអ្វីក៏ដោយ។
៤-ទឹកអប់
មិនជឿ កុំប្រមាថ ព្រោះមានមនុស្សជាច្រើនដែលគេជឿ គេលួបខ្សិបប្រាប់ថា ហាមកុំឱ្យសង្សារទិញទឹកអប់ឱ្យជាដាច់ខាត ព្រោះសេចក្ដីស្នេហារបស់អ្នក អាចនឹងសាបរលាប ដូចក្លិនទឹកអប់ដែលហើរបាត់អស់ទៅតាមពេលវេលា។
៥-រូបថត
វត្ថុ ១ទៀតដែលហាមឱ្យគ្នាជាដាច់ខាត គឺរូបថតម្នាក់ឯងរបស់ខ្លួនឯង ព្រោះវាប្រៀបដូចជាការឱ្យរូបទុកមើលជាទីនឹករឭក នៅពេលបែកពីគ្នាដូច្នោះដែរ។ តំណម ១នេះ មនុស្សជាច្រើនធ្លាប់ជួបមកហើយ ដូច្នេះ បើអ្នកណាមិនចង់ឱ្យរឿងដដែលបែបនេះកើតឡើងម្ដងទៀត ចូរចៀសវាងជាដាច់ខាត!។
៦-កន្សែងជូតមុខ
មានអត្ថន័យដូចនឹងវត្ថុខ្លាំងណាស់។ កន្សែងជូតមុខ ភាគច្រើនគេប្រើវាសម្រាប់ធ្វើអី អ្នកទទួលបានកាដូនេះ ក៏ត្រូវតែប្រើប្រាស់វាយ៉ាងនោះដែរ។ អ្នកទទួលបានកន្សែងជូតមុខ ភាគច្រើន នឹងយកទៅជូតទឹកភ្នែកផងដែរ ដូច្នេះ អ្នកណាដែលមិនចង់ស្រក់ទឹកភ្នែក ចូរចៀសវាងការជូនកាដូជាកន្សែងជូតមុខ។
៧-វត្ថុមុតស្រួច
ចំណុចមួយនេះ មិនមែនជាជំនឿទេ ព្រោះវាអាចនឹងកើតឡើងយ៉ាងពិតប្រាកដ តែបើជឿ ក៏មិនជាខាតបង់អីដែរ។ ពួកវត្ថុមានមុខមុតស្រួច ដូចជាអាវុធ កាំបិត ដាវ របស់លេងផ្សេងៗដែលមុតស្រួច ចូរកុំយកទៅធ្វើជាកាដូជូនគ្នាអី ព្រោះអាចនឹងធ្វើឱ្យអ្នកដែលបានទទួល មានគ្រោះថ្នាក់ មានបញ្ហា និងសំណាងអាក្រក់។
៨-ក្រាសសិតសក់
បើយើងជូនក្រាសសិតសក់ទៅសង្សារ ឬទៅមិត្តណាម្នាក់ នឹងធ្វើឱ្យសម្ព័ន្ធភាពរបស់យើង និងគេម្នាក់នោះ ត្រូវឃ្លាតឆ្ងាយពីគ្នា ប្រើដូចធ្មេញរបស់ក្រាសសិតសក់នោះដូច្នោះដែរ។
៩-ម្ជុលខ្ទាស់ ឬកន្លាស់ខ្ទាស់លម្អ
រូបខាងក្រៅ អាចនឹងមើលទៅស្អាត តែខាងក្នុងបង្កប់ទៅដោយអត្ថន័យដ៏សែនឈឺចាប់ ព្រោះគេជឿថា បើសិនជាជូនម្ជុលខ្ទាស់ ឬកន្លាស់ខ្ទាស់លម្អទៅអ្នកណា នឹងក្លាយជាការចាក់ដោតបេះដូង សាងក្ដីឈឺចុកចាប់ ទាស់ទែងទៅអ្នកដែលបានទទួលនោះមិនខាន។
១០-ផលិតផលធ្វើពីកែវ
កាដូមួយនេះ មនុស្សជាច្រើនប្រហែលជាធ្លាប់ទទួលបានញឹកញាប់ រហូតក្លាយជាកាដូដែលធម្មតាៗអស់ទៅហើយ តែតាមជំនឿវិញ គេនិយាយថា បើសិនជាចៃដន្យផលិតផលធ្វើពីកែវនោះ វាបែក នោះនឹងមានន័យពីសម្ព័ន្ធភាពរបស់អ្នកទាំង២ នឹងដល់ពេលបែកបាក់ដូចគ្នាដែរ៕