បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ជក់ថ្នាំញៀនញៀនបានទាញកាំបិតដេញកាប់អ្នកភូមិ ត្រូវបានកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនបាននៅវេលាម៉ោង១១យប់ ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្រុម៥ ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកអនុសេនីយ៍ សរ សុភក្ត្រា មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជាតិ រស្មី ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មុនការចាប់ខ្លួននេះ ប្រជាពលរដ្ឋបានប្តឹងថាយុវជនម្នាក់កាន់កាំបិតបំរុងកាប់ទៅលើប្រជាពលរដ្ឋនៅម្តុំអាគារថ្មី។
កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯកនួន នីណារ៉ូមេបញ្ជាការរងកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការណ៍បង្ក្រាបឈានទៅដល់ឃាត់ខ្លួនជនសង្ស័យ។ ក្រោយធ្វើការឆែកក្នុងខ្លួនជនសង្ស័យរកឃើញម៉ាទឺកកក១កូនថង់តូច កាំបិតខ្វែវ១។
លោកវរៈសេនីយ៍សប៊ុនសឿងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលបន្ទុកគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យត្រូវបានបញ្ជូនដល់អហខេត្ត ហើយគេសារភាពថា បានជក់ថ្នាំដែលមិត្តភ័ក្រឲ្យ។ ញៀនថ្នាំញៀនក៏យកកាំបិតមកកាប់គេឯង តែត្រូវអាវុធហត្ថធ្វើការឃាត់ខ្លួនបានតែម្តង៕ ដោយ ៖ បន្ទាយ