សំពោចគឺជាសត្វដែលខ្លាចមនុស្ស និងកំរធ្វើការវាយប្រហារលើមនុស្សណាស់ ប៉ុន្តែពេលខ្លះវាក៏អាចវាយប្រហារមនុស្សផងដែរដើម្បីការពារខ្លួន។ ទោះបីវាជាសត្វចិញ្ជឹមក៏ដោយ ក៏ពេលខ្លះវាមានសភាពកាចដាក់មនុស្សផងដែរ ហើយការវាយប្រហាររបស់សត្វសំពោចបានកើតឡើងទៅលើកុមារីម្នាក់ឈ្មោះ Charlotte Ponce។
នាងត្រូវបានគេចុះផ្សាយពាសពេញពិភពលោក នៅពេលមុខមួយចំហៀងរបស់នាងត្រូវបានសត្វសំពោចក្នុងផ្ទះនាងវាយប្រហារ និងខាំស្ទើរខ្ទិចមុខ។ នៅពេលនោះ នាងទើបតែមានអាយុ ៣ខែប៉ុណ្ណោះ។
រឿងហេតុនោះបានកើតឡើង នោពេលទារក Charlotte ត្រូវបានឪពុកម្តាយរបស់នាងទុកចោលក្នុងផ្ទះម្នាក់ឯង។ សត្វសំពោចត្រូវបានគេសន្និដ្ឋានថា បានរួចចេញពីទ្រុង និងបានចូលក្នុងផ្ទះ ដោយសារតែទ្វារបើកចំហរ។ សត្វសំពោចរួចនោះ បានខាំមុខរបស់ក្មេងស្រីតូចយ៉ាងខ្លាំង ដោយបានបំផ្លាញច្រមុះ មុខខាងស្តាំ និងត្រចៀកនាង។
ប៉ុន្តែក្មេងស្រីនេះបច្ចុប្បន្នទទួលបានមុខមាត់ថ្មីហើយ ក្រោយពេលមិត្តភក្តិរបស់នាងបានធ្វើការរៃអង្គាសបានប្រាក់ចំនួន ១០.០០០ដុល្លា ដើម្បីធ្វើការវះកាត់កែសម្ភស្សដល់នាងនៅមន្ទីរពេទ្យ Beaumont Hospital ស្ថិតក្នុងទីក្រុង Dublin ប្រទេសអៀរឡង់។ ការវះកាត់បានបង្កើតច្រមុះ ត្រចៀកខាងស្តាំ និងបបូរមាត់ខាងលើថ្មីដល់នាង។
គ្រូពេទ្យបានធ្វើការដាំជាលិការត្រចៀកនៅក្នុងស្បែកនៃដៃរបស់នាង ហើយនៅពេលជាលិការត្រចៀកនោះលូតលាស់ពេញលេញវេជ្ជបណ្ឌិតនឹងធ្វើការយកវាទៅដាំនៅលើត្រចៀកផ្នែកខាងស្តាំរបស់នាង។
ទោះបីឆ្លងកាត់ការវះកាត់ជាច្រើនឆ្នាំក្តី ក្មេងស្រី Charlotte នៅតែជាក្មេងស្រីរីករាយម្នាក់ និងចូលចិត្តលេងជាមួយក្មេងៗស្រករនាង។ នាងបានប្រមូលក្រវិលជាច្រើនគូទុក ដោយនាងនិយាយថា នាងនឹងពាក់វានៅពេលនាងមានត្រចៀកថ្មី។
នៅទីបំផុត ក្តីសុបិន្តដើម្បីពាក់ក្រវិលរបស់នាងបានក្លាយជាការពិត ដោយនាងមានត្រចៀកដូចគេដូចឯង និងអាចពាក់ក្រវិលបាន៕ សុភ័ក្ត្រ
ប្រភព៖ Good Times