តំណាងរបស់អ្នកសិល្បៈទាំង២ បានបញ្ជាក់ថា គូស្នេហ៍នេះបាន “ចែកផ្លូវគ្នាហើយ!” ប៉ុន្តែបដិសេធពុំផ្តល់បន្ថែមព័ត៌មានលំអិតឡើយ។
នៅថ្ងៃទី១៣/១១ ព័ត៌មានពីតារាសម្តែង Joo Won និងតារាចម្រៀង BoA ចែកផ្លូវគ្នាត្រូវបានចុះផ្សាយព្រោងព្រាត ជាហេតុធ្វើឲ្យពួកអ្នកគាំទ្រ ស្ថិតក្នុងសភាពស្រឡាំងកាំង។ ប៉ុន្មាននាទីក្រោយមក ក្រុមហ៊ុនគ្រប់គ្រងបានប្រកាសថា៖ “Joo Won និង BoA បានចែកផ្លូវគ្នាហើយ។ ពិតជាពិបាកដឹងអំពីពេលវេលាជាក់លាក់ ក៏ដូចជាមូលហេតុ ព្រោះថា នេះជាជីវិតឯកជនរបស់ពួកគេ”។
នេះពិតជាព័ត៌មានអាប់អួរ ក្នុងពិភពកម្សាន្តរបស់កូរ៉េខាងត្បូង។ គេនៅដិតអារម្មណ៍ថា កាលពីខែ ១/២០១៧ ដើមឆ្នាំនេះអ្នកទាំង២ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជនពួកគេទាំង២ត្រូវបានវាយតម្លៃថា ជាគូព្រេងស័ក្តិសម ពុំមានរឿងអាស្រូវ សម្រស់ និងទេពកោសល្យលេចធ្លោរដូចគ្នា។ ពួកគេបានស្រឡាញ់គ្នាតាំងឆ្នាំ ២០១៦ តាមរយៈការណែនាំរបស់មិត្តភក្តិ ទាំងសងខាង ហើយក៏មានចិត្តគំនិត ចំណង់ចំណូលចិត្តស្រដៀងគ្នា។
BoA (ឈ្មោះពិត Kwon Boa) ជាតារាចម្រៀង Solo លំដាប់ដំបូងរបស់ Kpop។ គេក៏ឃើញនាងដើរតួជាតារាសម្តែងផងដែរ។ បន្ទាប់ពីបង្កចំណាប់អារម្មណ៍តាមរយៈតួអង្គក្នុងភាពយន្តទូរទស្សន៍ My Wife’s Having an Affair this Week របស់ស្ថានីយ៍ JTBC ដែលទើបបញ្ចាំងអំឡុងខែ ១០ កន្លងមក។ ក្រៅពីនោះនាងនៅជា MC របស់ Show Produce 101 រដូវកាលទី២។
ខណៈពេលដែល BoA កំពុងមមាញឹកនឹងការចូលរួមជាមួយកម្មវិធីកម្សាន្តនានា នោះ Joo Won ត្រូវផ្អាករាល់សកម្មភាពសិល្បៈ ដើម្បីបំពេញកាតព្វកិច្ចយោធានៅអំឡុងខែ ៥ ឆ្នាំ ២០១៧ ហើយក្នុងជួរទ័ពលោកកំពុងបំពេញតួនាទីជាអ្នកជំនួយការបង្ហាត់បង្រៀនចំណុះពលថ្មើជើងលេខ៣ នៅមូលដ្ឋាន Baek Gol ៕ សូយន