ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការស្រាវជ្រាវរួមគ្នាក្រោមកម្មវិធី ភាពជាដៃគូផ្តល់ចំណេះដឹង ឆ្នាំ២០១៨ រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលកូរ៉េ លើក្រោមប្រធានបទ “ទំនាក់ទំនងរវាងម៉ាក្រូសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ៖ ការវិភាគ និងការអនុវត្ត សម្រាប់បរិបទសេដ្ឋកិច្ចកម្ពុជា”។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមការចូលរួមពីលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ជាមួយនឹងលោក Seung Hee LEE អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានកិច្ចការអន្ដរជាតិ នៃធនាគារកណ្ដាលកូរ៉េ ព្រមទាំងមានការចូលរួមពីសំណាក់មន្ដ្រីធនាគារជាតិ និងធនាគារកណ្ដាលកូរ៉េ និងសាស្ត្រាចារ្យពីសាកលវិទ្យាល័យ Yonsei ។
ការស្រាវជ្រាវរួមគ្នាក្រោមកម្មវិធីភាពជាដៃគូ ផ្តល់ចំណេះដឹងរបស់ធនាគារកណ្តាលកូរ៉េ នឹងផ្ដល់ឱកាសដល់មន្ដ្រីជំនាញ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយនិង អ្នកស្រាវជ្រាវនៃធនាគារកណ្ដាលកូរ៉េ និងសាកលវិទ្យាល័យ Yonsei របស់ប្រទេសកូរ៉េ ដើម្បីពង្រឹងជំនាញផ្នែកវិភាគ និងការសិក្សានូវទំនាក់ទំនងរវាងម៉ាក្រូសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់ម៉ូដែលសេដ្ឋកិច្ច។
លទ្ធផលនៃការស្រាវជ្រាវនឹងក្លាយជាឯកសារថ្មីមួយបន្ថែមទៀត សម្រាប់អ្នកស្រាវជ្រាវទូទៅ ហើយក៏ជាធាតុចូលក្នុងការរៀបចំគោលនយោបាយនានា ជាពិសេស ការរក្សាស្ថិរភាពហិរញ្ញវត្ថុឲ្យរឹងមាំ សំដៅគាំទ្រការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា គម្រោងស្រាវជ្រាវនេះរំពឹងថា នឹងបញ្ចប់និងផ្សព្វផ្សាយនៅខែធ្នូឆ្នាំ២០១៨ខាងមុខ៕ ដោយ ៖ បញ្ញាស័ក្តិ