បាត់ដំបង ៖ កងកម្លាំងនគរបាលខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនបុគ្គលិកអង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS) ចំនួន៣នាក់ ពាក់ព័ន្ធនឹងការធ្វើសកម្មភាពចែកចាយខិត្ដប័ណ្ណ រូបភាពសន្លឹកបោះឆ្នោត ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលខុសពីទម្រង់ដើមរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន នៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះបានឲ្យដឹងថា បុគ្គលិកអង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS) ទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលខេត្តឃាត់ខ្លួន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ រួមមាន៖ ទី១៖ ឈ្មោះ ប៉ែន សុមុនី ភេទប្រុស អាយុ៣៦ឆ្នាំ ជាប្រធានអង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS) មានទីលំនៅផ្ទះលេខ៤៩ ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២៖ ឈ្មោះ សេក ផារី ភេទស្រី អាយុ៤៣ឆ្នាំ ជាអនុប្រធានអង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS) មានទីលំនៅផ្ទះលេខ១៨ ផ្លូវ១៥៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី៣៖ ឈ្មោះ ឃុន និមល ភេទប្រុស អាយុ៣៥ឆ្នាំ ជាមន្ដ្រីស្ម័គ្រចិត្តអង្គការស្ម័គ្រចិត្ត ដើម្បីសង្គម (CVS) មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ក្រោយពីបានសាកសួរមុនសញ្ញាទាំង៣នាក់ បានឆ្លើយសារភាពថា ដូចខាងក្រោម៖ ការបោះឆ្នោត និងធ្វើសកម្មភាពចែកចាយខិត្ដប័ណ្ណនេះ ក្នុងគោលបំណងចង់ឲ្យប្រជាពលរដ្ឋ ចូលរួមបោះឆ្នោត និងបានយល់ដឹងពីរបៀបរបបនៃការបោះឆ្នោត។ ការបោះឆ្នោតរូបភាពសន្លឹកឆ្នោត ខុសពីទម្រង់ដើមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការចែកចាយខិត្តប័ណ្ណនេះ មិនបានរាយការណ៍ និងសុំការអនុញ្ញាតពីគណៈកម្មាធិការរៀបចំការបោះឆ្នោត។ ការបោះពុម្ពខិត្តប័ណ្ណនេះ គឺនៅផ្ទះលេខ២០១១ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានចំនួន២,០០០សន្លឹក។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចដកហូតបានខិត្តប័ណ្ណចំនួន ១៩២៣សន្លឹក ចំពោះអ្នកទាំង៣នាក់ បានធ្វើការអប់រំធ្វើកិច្ចសន្យា ឲ្យបញ្ឈប់សកម្មភាព និងបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្នានវិញ៕ ដោយ ៖ បញ្ញាស័ក្តិ