ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សៅ សុវណ្ណី អនុប្រធានក្រុមការងារចុះជួយស្រុករំដួល និងជាប្រធានក្រុមការងារចុះជួយឃុំថ្នាធ្នង់ស្រុករំដួល ខេត្តស្វាយរៀង បានដឹកនាំសមាជិក សមាជិកា ជិត៣ពាន់នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត សម្រាប់នីតិកាលទី៦ ឆ្នាំ២០១៨ នៅ ស្រុករំដួល ខេត្តស្វាយរៀង។
នៅក្នុងពិធីនេះ លោក សៅ សុវណ្ណី បានអំពាវនាវឱ្យសមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីនៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត ក្នុងការទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
ជាមួយគ្នានឹងការបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិលើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចចបម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ មានរយៈពេល២០ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែកក្កដា។ ក្រៅពីការបើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ ក៏នឹងធ្វើពិធីអបអរសាទរខួប៦៧ ថ្ងៃកំណើតរបស់ខ្លួនផងដែរ។ គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា «បក្សប្រជាជនបដិវត្ដន៍ខ្មែរ» បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យ បានបង្កឡើងចាប់ពីខែមេសា ឆ្នាំ១៩៧៥ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូ ហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ៕ វ៉ៃកូ