Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែបនេះ​មិន​គួរ​ស្តាប់​ទេ! អាជ្ញាធរ​ចិន​សម្រេច​កម្ទេច​ផ្ទាំង​ថ្ម​ដ៏​ពេញនិយម ខណៈ​អ្នកទេសចរ​មិន​ខ្លាច​ស្លាប់ ឡើង​ទៅ​ថត Selfie យ៉ាង​សប្បាយ

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ គេហទំព័រ South China Morning Post បានលាតត្រដាងថា មានបញ្ហាចម្រូងចម្រាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន បន្ទាប់​ពីមានសេចក្តី​រាយការណ៍​ថា មន្ត្រី​ចិន​បាន​និង​កំពុង​វាយ​កម្ទេចផ្ទាំង​ថ្មដ៏ប្រឈមគ្រោះថ្នាក់ នៃតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញមួយនៅជាយក្រុង Anyang ខេត្ត Henan ​ដោយ​សារ​តែមាន​ការ​ព្រួយ​បារម្ភ​សុវត្ថិភាព​។

ផ្ទាំងថ្មនេះ ត្រូវបានគេស្គាល់ថាជា “ថ្មសាកល្បងនៃភាពក្លាហាន” ខណៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន គេបានឃើញហ្វូងមនុស្សប្រុសស្រី នាំគ្នាទៅថតរូប Selfie យ៉ាង​សប្បាយ​រីក​រាយ រួម​ទាំង​ការ​ថត​វីដេអូ​ឃ្លីប​ជា​ច្រើន​ផង​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​ទេសចរណ៍​បាន​និយាយ​ថា តំបន់​នេះ​មិន​មែន​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​នោះ​ទេ តែវាជា​តំបន់​គ្រោះថ្នាក់ ហើយ​គ្មាន​បុគ្គលិក​មើល​ថែ​ឡើយ។

មន្ត្រីនោះ​បាន​និយាយ​ថា តាំង​ពី​ឆ្នាំ​មុន​មក មាន​ការ​ព្រមាន​ថា អ្នក​ទេសចរ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឡើង​ភ្នំ​ឡើយ រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ ការ​ប្រេះ​បែក​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ផ្ទាំង​ថ្ម ដែលជាមូលហេតុ នាំឲ្យមន្រ្តីសម្រេចចិត្តនាំយកម៉ាស៊ីនមកគ្រប់គ្រង និងបំផ្លាញចោលតែម្តង។

មន្រ្តីក៏បានលើកហេតុផលថា «មនុស្ស​ជា​ច្រើន​បាន​ឡើង​ភ្នំ​នោះ​ដើម្បី​ថត​រូប វាពិតជាប្រឈមគ្រោះថ្នាក់ពេកហើយ! ដូច្នេះ​យើង​វាយ​កម្ទេច​វា ដោយ​សារ​តែ​មាន​ការ​ភ័យ​ខ្លាច​ថា ​មាន​គ្រោះ​ថ្នាក់​នឹង​កើត​ឡើង​នៅ​ទី​នោះ។ ហើយសម្រាប់​ផ្ទាំង​ថ្ម​នេះ​ គឺទើប​តែ​មាន​ការ​ពេញ​និយម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះប៉ុណ្ណោះ»។

យ៉ាង​ណា​ក៏​ដោយ ការ​សម្រេច​របស់​រដ្ឋាភិបាល​មូលដ្ឋាន​លើក​នេះ បាន​បង្ក​ឱ្យ​មានការ​ជជែក​ដេញដោល​​រាលដាល​នៅលើ​បណ្តាញ​សង្គម​។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន មិនយល់ស្របនឹងវិធីសាស្រ្តនេះទេ ដោយបានចង្អុលបង្ហាញថា មិនចាំបាច់រុះរើបេតិកភណ្ឌធម្មជាតិដែលបានសាងសង់តាំងពីបុរាណកាលនោះទេ និងរួមជាមួយនឹងការផ្តល់យោបល់ខ្លះថា អាចប្រើរបងដើម្បីការពារហាមចូលប្រសើរជាងបំផ្លាញចោល។

ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​បាន​យល់​ស្រប​ជាមួយ​មន្ត្រី​ដោយ​និយាយ​ថា​៖ «​បើ​ទោះ​ជា​មាន​ការ​ជួសជុល​ក៏​ដោយ ក៏​មនុស្ស​ជា​ច្រើន​នឹង​ប្រថុយ​ជីវិតរបស់ពួកគេ ​ព្យាយាម​រក​ផ្លូវ​ឡើង​របង​នៅ​ទី​នោះដែរ»។ ចំណែកអ្នកប្រើប្រាស់ម្នាក់ទៀត ក៏​បានលើកឡើងដែរ​ថា៖ «ទោះ​បី​ជា​មើល​ពី​ខាង​ក្រៅ វា​ហាក់​ដូច​ជា​អាជ្ញាធរ​បាន​បំផ្លាញ​ថ្ម​នេះប្រាកដមែន ប៉ុន្តែ វា​ពិត​ជា​ត្រូវ​បាន​បំផ្លាញ​ដោយ​ភ្ញៀវ​ទេសចរ​មិន​ទទួល​ខុស​ត្រូវ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×