នេះជារឿងថ្មីដ៏ហួសចិត្ត និងស្ទើរតែមិនគួរឲ្យជឿ ដែលដំបូងឡើយ គេគិតថាស្មានតែជាការសម្តែង តែពេលនេះ បានដឹងច្បាស់ហើយថា ឡានទំនើប Range Rover ១គ្រឿង ដែលជាឡានតែមួយគត់ កំពុងដើរចាក់តាមការ៉ាស់សាំង រួចដាក់មេប្រូចមិនទូទាត់លុយ ដោយមិនដឹងថាជាចោរដើរបូមសាំង យកទៅលក់បន្ត ឬយ៉ាងណានោះទេ។
ជាក់ស្តែង បើតាមម្ចាស់ការ៉ាស់សាំងទី១ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Seng Hour បានបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាព និងភ្ជាប់សារផ្តាំយ៉ាងខ្លីឲ្យបើកមើលៗប៉ូលិសផងថា៖ «ជ្រុលជារត់ រត់អោយលឿនណាមេ ហើយមើលមុខអោយស្រួលបួលផង បងៗនៅចាំតាមផ្លូវច្រើនដែរ Rang rover»។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពីវីដេអូម្ចាស់ការ៉ាស់សាំងខាងលើ បានបង្ហោះឡើងកំពុងល្បីមិនទាន់បានប៉ុន្មានផង ឥឡូវនេះ ចូលដល់វគ្គម្ចាស់ការ៉ាស់សាំងទី២មួយទៀត ក៏បានបញ្ចេញវីដេអូបង្ហាញឡាន Range Rover តែមួយនេះ ក៏បានចាក់សាំងកន្លែងរបស់គាត់រួច ដាក់មេប្រូចដូចគ្នាផងដែរ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Sambath Raksa បានបង្ហាញរូបភាព និងព្រមានឲ្យឡាន Range Rover នេះ ប្រញាប់ចូលខ្លួនមកទូទាត់ប្រាក់យ៉ាងដូច្នេះថា៖ «សូមម្ចាស់រថយន្ត Rang Rover ដែលមានភិនភាគដូចក្នុងរូបនេះ យកប្រាក់មកទូទាត់អោយខាងស្ថានីយ៍ សាវីមិច ហុក ហេង ព្រែកអញ្ចាញ យើងខ្ញុំវិញផងលោក ដែលលោកបានចាក់រួចហើយក៏បើកចេញទៅបាត់ នាយប់ទី 20.04.23 បើមិនដូចច្នោះទេ ខាងស្ថានីយ៍យើងខ្ញុំនឹងបញ្ចេញផ្លាកលេខឡានលោកជាសាធារណៈជាមិនខាន ស្ថានីយ៍យើងខ្ញុំចាក់យកប្រាក់ មិនចាក់យកពាក្យអរគុណទេ»។
គាត់ក៏បានបញ្ជាក់ក្នុងខមិនទាំងហួសចិត្តថា៖ «ទើបស៊ែរអោយគេម្សិលមិញ ឥលូវជួបខ្លួនឯងវិញ សាំហ្មង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង