Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លំនៅដ្ឋានពលរដ្ឋជិត៤០ខ្នង កំពុងរងគ្រោះ ដោយសាររអិលបាក់ច្រាំង ចូលក្នុងទន្លេបាសាក់ នៅទល់មុខផ្សារស្អាងព្រែកតូច

កណ្តាល ៖ មកទល់ល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ ផ្ទះថ្មធំប្រមាណជាជិត៤០ខ្នង បានរងការខូចខាត និងផ្ទះអាជីវករជាច្រើនខ្នងទៀត បានរងការគំរាមកំហែង ដោយសារការបាត់ស្រុតច្រាំងទន្លេបាសាក់។

ឧប្បត្តិហេតុបាក់ច្រាំងទន្លេះ កើតឡើងតាំងពីវេលាម៉ោងប្រមាណជា ១១និង៥០នាទីរសៀលថ្ងៃទី ២៤ ខែមេសានេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១អា ទល់មុខផ្សារស្អាងព្រែកតូចខាងជើង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

តាមការឱ្យដឹងពីប្រជាពលរដ្ឋ នៅកន្លែងកើតឧប្បត្តិវហេតុខាងលើ ឱ្យដឹងថា រហូតមកទល់វេលាល្ងាចថ្ងៃដដែលនេះ ការរអិលបាក់ស្រុតច្រាំងទន្លេបាសាក់ កើតឡើងចាប់ពីភូមិត្រពាំងឈូក បន្តរហូតដល់ភូមិក្បាលជ្រោយ ឃុំព្រែកគយ មានបណ្តោយជាង៥០០ម៉ែត្រ។ អ្នកភូមិបានមករស់នៅទីនេះ ៣០-៤០ឆ្នាំមកហើយ មិនដែលមានការបាក់ស្រុតដូច្នេះទេ ហើយក៏មិននឹកស្មានថាមានរឿងបែបនេះដែរ ព្រោះកន្ទុយដីរបស់ពួកគាត់ មានប្រវែងជាង២០ម៉ែត្រឯណោះ ចាប់ពីមាត់ទន្លេមកដល់ផ្ទះ។

ពលរដ្ឋសង្ស័យថា ការបាក់ច្រាំងទន្លេនេះ អាចបណ្តាលមកពីករណីទូកបូមខ្សាច់ ព្រោះមុនថ្ងៃចូលឆ្នាំកន្លងទៅថ្មីៗនេះ ពួកគាត់បានឃើញក្រុមទូកបូមខ្សាច់ បានមកបូមខ្សាច់នៅខាងក្រោយផ្ទះរបស់ពួកគាត់ ប៉ុន្តែអំឡុងពេលបូមនោះមិនទាន់មានករណីរអិលបាក់ច្រាំង ចូលទន្លេនោះទេ ទើបតែពេលនេះផ្ទះអាជីវករនៅទល់មុខផ្សារតូច ជាប់មាត់ទន្លេចាប់ផ្តើមបាក់ស្រុតជាបន្តបន្ទាប់។

លោក សេង វុធ អភិបាលស្តីទីស្រុកស្អាង បានបញ្ជាក់ថា គិតមកដល់រសៀលថ្ងៃទី២៤ មេសា នេះ លំនៅដ្ឋានពលរដ្ឋចំនួន៣៧ខ្នង បានរងគ្រោះ ក្នុងនោះបានបាក់និងខូចខាតប្រមាណពី២០ទៅ៣០ភាគរយ ប៉ុន្តែមិនមានមនុស្សណាម្នាក់រងរបួសនោះទេ។ ហើយក្រោយមានការរអិលបាក់ស្រុតម្ចាស់ផ្ទះបាននាំគ្នា រើឥវ៉ាន់ចាកចេញពីបន្តបន្ទាប់ ហើយលោកអភិបាលស្រុក និងឯកឧត្តមអភិបាលខេត្ត ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក៍បានបញ្ជាកម្លាំងមកកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ប្រជាពលរដ្ឋភ្លាមៗផងដែរ ដែលមកដល់ពេលនេះ ក៏ពុំទាន់មានលំនៅដ្ឋានណាមួយ រលំបាក់ទាំងស្រុងនោះដែរ ពោលគឺខូចខាតពី២០ទៅ៣០ភាគរយ។

លោកអភិបាលស្រុកស្តីទី ក៏ថ្លែងទទួលស្គាល់ជាបឋមថា ករណីនេះអាចបណ្តាលមកពីទូកបូមខ្សាច់ ហើយលោកបានបញ្ជាឱ្យកម្លាំង កំពុងស្រាវជ្រាវរកទូកបូមខ្សាច់នេះ ដោយសារតែលោកពុំដែលទទួលបានឃើញច្បាប់អនុញ្ញាតបូមខ្សាច់កន្លែងនេះឡើយ។

សូមបញ្ជាក់ថា ផ្ទះថ្មទល់មុខផ្សារស្អាងនោះជាប្រភេទផ្ទះអាជីវកម្ម ដែលក្រុមអាជីវករលក់ដូរទំនិញគ្រប់ប្រភេទ រាប់តាំងលក់មាស ពេជ្រ ផ្លាទីន គ្រឿងអលង្ការ លក់គ្រឿងសំណង់ សម្ភារៈអគ្គិសនី កង់ សម្ភារៈប្រើប្រាស់ផ្សេងៗគ្រប់ប្រភេទទៀត៕ រក្សាសិទ្ធដោយ ៖ ឈុនហ៊ាត

×