លើលោកនេះ ម្តាយជាទ្រព្យសម្បត្តិមហាសាលដែលមានតម្លៃបំផុតសម្រាប់កូនៗ។ ក្នុងទំហំចិត្តរបស់អ្នកម្តាយ តែងបារម្ភនិងស្រលាញ់កូន ទោះជួបការលំបាកយ៉ាងណា ក៏ខំប្រឹងប្រែង ដោយហេតុផលតែមួយគត់ គឺដើម្បីអនាគតកូន។
ទោះជាយ៉ាងណា ការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព របស់អ្នកម្តាយក្រីក្រម្នាក់ ដែលសូម្បីតែគ្មានលុយសម្រាប់ថ្លៃពេទ្យផងនោះ បានសម្រេចចិត្តយកកូនប្រុសតូចដ៏កំសត់ម្នាក់ មកផ្ញើនឹងព្រះសង្ឃ និងសង្ឃឹមថាកូនប្រុសចេះស្តាប់បង្គាប់ព្រះសង្ឃ ខិតខំរៀនសូត្រក្របយកចំណេះដឹង ដើម្បីអនាគតល្អនៅថ្ងៃខាងមុខ។
តែអ្វីដែលធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម រំជួលចិត្តយ៉ាងខ្លាំងនោះ គឺនៅពេលបានឃើញវីដេអូ នៃវេលាឃ្លាតគ្នា រវាងកូននេនតូចដ៏គួរឲ្យស្រលាញ់ និងម្តាយ គឺពិតជាគួរឲ្យសង្វេគណាស់ នោះក៏ព្រោះតែកូននេនឈ្មោះថា ពន្លឺ ពុំចង់ឲ្យអ្នកម្តាយជាទីស្រលាញ់ ឃ្លាតចាកចេញពីខ្លួន វិលត្រឡប់ទៅផ្ទះវិញឡើយ។
រូបភាព និងវីដេអូ របស់កូននេនតូច ពន្លឺ ត្រូវឃ្លាតពីទ្រូងម្តាយទាំងនៅតូច យំក្សឹកក្សួលចង់ទៅតាមញោម (ម្តាយ) បេះមិនលែង បានកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមជាច្រើន បានបង្ហាញអារម្មណ៍ក្តុកក្តួលយ៉ាងដូច្នេះថា៖ «អាណិតណាស់, មើលហើយស្រក់ទឹកភ្នែក!, ការបែកឃ្លាតនេះពិតជាឈឺចាបផ្លូវចិត្តខ្លាំងណាស់ យំតាមហើយលោកក្មយហើយ ព្រោះធ្លាប់ឆ្លងកាត់ តស៊ូណា! លោកក្មួយ, នៅជាមួយលោកគ្រូហ្នឹងហើយនេន ដើម្បីអោយមានពន្លឺវិជ្ជាទៅថ្ងៃមុខ, ជូនពរឲ្យកូននេន ពន្លឺ ឆាប់ជាពីជំងឺផងណា!…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង