នេះជារឿងមួយថ្មីដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តយ៉ាងខ្លាំង ដែលលោកចោរមួយក្រុមលួចឆ្កែគេ យកទៅធ្វើម្ហូបហើយ ឆ្លៀតថតរូបបង្ហោះ ដោយមិនដឹងថា ក្នុងបំណងឌឺដាក់ម្ចាស់ ឬក៏ចង់បង្អួតសាច់ក្លែមនោះទេ។
តាមរយៈរូបភាព បានបង្ហាញសត្វឆ្កែពូជក្បាលធំ ដ៏ទ្រលក់ទ្រលន់១ក្បាល ត្រូវបានគេស្រុះទឹកក្តៅ កោសរោមអស់មួយផ្នែកទៅហើយ ខណៈអ្នកធ្វើស៊ី២នាក់ កំពុងឈរមើល ដោយបង្ហាញឃើញតែជើងប៉ុណ្ណោះ ខណៈមុខមាត់មិនដឹងជាអ្នកណា!។
ក្រោយពីបាត់ឆ្កែសំណព្វ និងខំដើរស្វែងរកមិនឃើញសោះ នៅទីបំផុតក៏រកឃើញតែរូបភាព ត្រូវគេកោសរោមជិតរួច ម្ចាស់បានត្រឹមតែប្រកាសស្វែងរកជនដៃដល់ ដោយព្យួរប្រាក់រង្វាន់ 1000$ ចំពោះអ្នកណាដែលអាចផ្តល់ជូនព័ត៌មាន អំពីជនដៃដល់ដែលបានសម្លាប់សត្វឆ្កែសំណព្វរបស់ខ្លួន។ បន្ទាប់មក ម្ចាស់ឆ្កែក៏បានប្រាប់ថា ពួកអ្នកសម្លាប់ឆ្កែទីស្រលាញ់របស់ខ្លួន យកទៅធ្វើស៊ីនោះ គឺជាអ្នកនៅអូរកន្សែងតែម្តង។
ក្រឡេកមកមើលអ្នកលេងបណ្តាញសង្គមវិញ ជាពិសេសអ្នកស្រលាញ់សត្វចិញ្ចឹម ក្រោយពីបានឃើញបែបនេះ បានបង្ហាញអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងថា៖ «កូនគេកូនខ្ញុំមិនដឹងពេលជិតស្លាប់វេទនាប៉ុណ្ណាទេលោកអើយ ថោកទាបណាស់ពួកអាសត្វធាតុអស់នេះ, កូនអើយកូន អាណិតណាស់ទាល់តែអ្នកស្រលាញ់សត្វ ទើបយល់អារម្មណ៍មួយហ្នឹង,…»។ រីឯអ្នកខ្លះទៀត អាណិតខ្លាំងពេក ដល់ថ្នាក់ឧទ្ធិសបែបនេះថា៖ «សូមទៅកាន់សុគតិភពណាកូន សូមអោយកូនកើតជាតិទៅមុខ កើតជាមនុស្សវិញ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង