នេះជារឿងដ៏មិនធម្មតានោះទេ ដែលអ្នកទោសម្នាក់ក្នុងចំណោម២នាក់ នៅក្នុងប្រទេសថៃ ពិតជាជំនាញមែន ដែលអាចគាស់សោសូឡិច រត់ចេញពីកន្លែងឃុំខ្លួនដោយសុវត្ថិភាព ដោយប្រើពេលត្រឹមតែប្រមាណ ៥ នាទី ប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ។ តាមរយៈវីដេអូ CCTV នៅខាងក្នុងប៉ុស្តិ៍នគរបាល Makham ខេត្តចាន់ថាបុរី បានបង្ហាញអ្នកទោសម្នាក់ ចាប់លើកសោសូឡិចមកឆ្កឹះ ថមៗ និងប្រុងប្រយ័ត្នបំផុត។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពីប្រើពេលត្រឹមតែ ៥ នាទី ប៉ុណ្ណោះ អ្នកទោសដ៏ជំនាញរូបនោះ បានគាស់សោបានសម្រេច ហើយពួកគេទាំងពីរ ក៏ប្រញាប់ប្រញាល់នាំគ្នាពាក់ម៉ាស់ រត់គេចពីបន្ទប់ឃុំខ្លួនដោយសុវត្ថិភាព។
រហូតដល់ម៉ោង ៦ និង១៧នាទីព្រឹក ទើបដឹងថាមានអ្នកទោសរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចក៏តាមរកភ្លាមៗផងដែរ។ ដោយសារប្រជាពលរដ្ឋ បានផ្តល់តម្រុយ នៅទីបំផុត សមត្ថកិច្ចឈានទៅចាប់ខ្លួនបានម្នាក់ឈ្មោះ Wichit ឬហៅថា Kling Hin Khao អាយុ ៣៥ ឆ្នាំ (ជាអ្នកគាស់សោ និងត្រូវបានចាប់ខ្លួនពីបទលួចម៉ូតូ) ខណៈម្នាក់ទៀត កំពុងតាមចាប់ខ្លួន។
មន្រ្តីប៉ុស្តិ៍នគរបាល Makham បានបញ្ជាក់ថា អ្នកទោសទាំងពីរ មានប្រវត្តិប្រព្រឹត្តបទល្មើសច្រើនន្លែង ហើយមានករណីចាស់ៗជាច្រើនទៀតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង