រឿងរ៉ាវពីឪពុកម្តាយ ឬជីដូនជីតា គឺតែងតែជារឿងគួរឱ្យចាប់អារម្មណ៍សម្រាប់កូនៗ និងចៅៗរបស់ពួកគេ។ ជាពិសេសប្រសិនបើវានិយាយអំពីស្នេហា វារឹតតែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត។
ជាក់ស្តែង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅលើគេហទំព័រ docbao បានបង្ហាញរឿងរ៉ាវមួយដែលទាមទារស្នាមញញឹមពីអ្នកនិយមលេងអ៊ីនធឺណិតវៀតណាម ជាខ្លាំង នៅពេលចៅស្រីម្នាក់ ព្យាយាមសាកល្បងការចងចាំរបស់ជីដូនអាយុ ៩០ ឆ្នាំ មើលថាតើគាត់នៅតែចងចាំពីអតីតកាលបានប៉ុណ្ណា។ អ្វីដែលមិននឹកស្មានដល់នោះ គឺថាបើទោះបីជាការចងចាំរបស់គាត់ចាប់ផ្តើមរសាត់បាត់ច្រើនទៅហើយក៏ដោយ តែលោកយាយមិនអាចបំភ្លេចបាននូវរឿងមួយនេះ ដែលធ្វើឲ្យផ្ទុះសំណើចគ្រប់គ្នាតែម្តង។
រឿងសំខាន់ដែលលោកយាយនៅតែចងចាំ ដែលហាក់បីដូចជាឆ្លាក់ក្នុងខួរក្បាលរបស់គាត់ជានិច្ច រហូតថ្ងៃលាចាកលោកទៅវិញនោះ គឺជាឈ្មោះរបស់អតីតមិត្តស្រីរបស់ជីតារបស់ពួកគេតែម្តង លោកយាយបានប្រាប់ថា គ្រប់គ្នាត្រូវតែចងចាំទុកណា!។
ពេលនោះ លោកតាដែលនៅអង្គុយក្បែរគាត់ បានលួចសើច នៅពេលដែលឃើញប្រពន្ធរបស់គាត់ នៅចាំឈ្មោះសង្សារចាស់ច្បាស់បែបនេះ។ ទោះជាយ៉ាងណា លោកតាមិនប្រកាន់ទេ ដោយបានបកក្រូចមួយផ្លែ ឲ្យយាយញ៉ាំដោយថ្នមៗទៀតផង។
ចំណែកលោកយាយវិញ ពេលឃើញចៅស្រី កំពុងថតវីដេអូ គាត់ក៏ប្រញាប់លើកដៃបិទមុខទាំងអាម៉ាស់ ហើយនិយាយថា «ឈប់ថតទៀត យាយខ្មាសអៀនណាស់!»។
បន្ទាប់ពីរូបភាពនេះត្រូវបានចែកចាយ ឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកនិយមលេងអ៊ីនធឺណិត ដោយមានមនុស្សជាច្រើនបានបញ្ចេញមតិដូចជា៖ «សុភមង្គលងាយនឹងបំភ្លេច ប៉ុន្តែភាពសោកសៅនោះ… មិនងាយទេណា!, ខ្ញុំចូលចិត្តខ្លាំងណាស់ ការចងចាំរបស់យាយ មិនមែនជាការលេងសើចទេ សូម្បីតែដល់ថ្ងៃស្លាប់ ក៏នៅតែអាចជីកកកាយបានដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង