ជាការពិតណាស់ នៅលើដងផ្លូវ គេតែងតែឃើញរថយន្តភាគច្រើន មិនថាតូចឬធំ គឺតែងមានទម្លាប់បើកលើគន្លងឆ្វេង បើទោះជាផ្លូវនោះ ការធ្វើចរាចរស្រឡះទូលាយក៏ដោយ ដែលជាហេតុធ្វើឲ្យរថយន្តខាងក្រោយ ពិបាកក្នុងការវ៉ាជាង និងបង្ខំចិត្តត្រូវវ៉ាស្តាំដ៏ប្រឈមគ្រោះថ្នាក់ ទាំងអារម្មណ៍មួម៉ៅជាខ្លាំង។
ទាក់ទងករណីនេះ ក៏មានអ្នកបើកបរមួយ ដែលទើសទៅនឹងទង្វើបើកបរលើគន្លងឆ្វេង បានថតវីដេអូ ដើម្បីចង់បង្រៀនឲ្យអ្នកបើកបរទាំងឡាយ ដែលបើកបរលើគន្លងខាងឆ្វេងដៃបំផុត ចូរឧស្សាហ៍មើលមកក្រោយផង ក្រែងមានរថយន្តនៅពីខាងក្រោយសុំផ្លូវវ៉ាជែង ព្រោះអីច្បាប់ចរាចរណ៍នៅកម្ពុជា គឺវ៉ាឆ្វេង មិនមែនវ៉ាស្តាំនោះទេ។
ពិតមែនហើយ វីដេអូបង្រៀននេះ គឺពិតជាល្អ។ តែទោះជាយ៉ាងណា គេក៏បានឃើញពីកំហុសរបស់អ្នកបង្រៀន ចង់លើសអ្នកដែលត្រូវបានបង្រៀនទៅទៀត ព្រោះថា បន្ទាប់ពីបានបើកវ៉ាជែងគេរួចហើយ ពុំបានចូលគន្លងស្តាំ ឬ កណ្តាលវិញនោះទេ ដោយនៅតែរក្សាបើកលើគន្លងឆ្វេងរហូត និងសូម្បីអាចលើសល្បឿនកំណត់ទៀតផង។
ជាក់ស្តែង នៅក្នុងផ្នែកខមិន អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការហួសចិត្តថា៖ «រវល់តែចាប់កំហុសគេ ភ្លេចមើលកំហុសខ្លួនឯង, ដេញគេចុះស្តាំ តែខ្លួនឯងនៅគន្លងឆ្វេងមិនចុះ ចូលលក្ខណៈបង្ករឿងច្រើនជាង»។ ក្នុងនោះ អ្នកលេងម្នាក់ ក៏បានពន្យល់ថា «ផ្លូវជាតិលេខ៥ ល្បឿនអតិបរមា80គីឡូ អញ្ចឹងបើគេជិះល្បឿន80នៅលើគន្លងឆ្វែងមិនខុសទេ ព្រោះវាជាល្បឿនដែលច្បាប់កំណត់។ បើជិះល្បឿនក្រោម 80 ត្រូវនៅកន្លងកណ្តាល ដើម្បីទុកអោយគេល្បឿន80វ៉ា។ បើអ្នកជិះលើស80 គឺខុសច្បាប់ហើយ មកដេញគេដេញឯងហើយ គិតថាខ្លួនត្រូវទៀត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង