មានជនបរទេសខ្លះ ជនជាតិថៃខ្លះ នៅភូមិភាគកណ្ដាល បានចេញទៅតាមជនបទ ហើយបានឃើញពិធីរៀបការបែបខ្មែរ ក៏ពោលថាផ្សេងពីភូមិភាគកណ្ដាល ឬក៏ទោះបីជនជាតិខ្មែរនៅភូមិភាគឦសានក៏ដោយ ដែលនិយាយភាសា សួយ-លាវ ក៏និយាយថា ខុសប្លែកពីប្រពៃណីរបស់គេដែរ។ ដូចនេះអ្នកនិពន្ធសូមលើកយកមករៀបរៀងនៅក្នុងកម្មវិធីនានា ដែលទាក់ទងទៅការរៀបមង្គលការជូនជ្រាបជាបណ្ដើរៗ។ ព្រោះថា គ្រាន់តែបានឃើញត្រឹមពេលរៀបចំពិធីមង្គលនោះ វាប្លែករួចទៅហើយ ហើយនៅមានចំណែកដែលមិនបានឃើញទៀត វាចម្លែកយ៉ាងណា? ដូចជាជំនឿ ប្រស្នាផ្សេងៗ ពាក្យសួរចែចូវរវាងគ្នានិងគ្នា ទាំងអស់នេះសុទ្ធសឹងតែគួរជ្រាបដោយទូលំទូលាយស៊ីជម្រៅថែមទៀតផង។
ការជ្រើសគូ
និយាយឱ្យចំទៅ ខ្មែរមិនមែនជាមនុស្សប្រកែប្រកាន់ខ្លួនទេ ពីបុរាណកន្លងយូរមកហើយ ជនជាតិខ្មែរមិនបំបិទសិទ្ធិសេរីភាពមនុស្សឡើយ គេបានផ្ដល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងក្នុងការដែលជ្រើសរើស គូស្រករមកធ្វើជាគ្នានោះ។ គេបានសិក្សាពីនិស្ស័យ ចិត្តគំនិតរវាងគ្នានឹងគ្នា ក្រមុំកំលោះ ដែលលាវហៅថា អ៊ែវសាវ-(កៀវសាវ) ហើយខ្មែរហៅថាទៅលេងក្រមា(លេងស្រី)។
សម័យមុនការ «លេងក្រមុំ» នេះសង្កេតឃើញមានជាទូទៅ ហើយសូម្បីតែក្នុងអត្ថបទកំណាព្យ ភ្លេងចម្រៀងប្រពៃណី ប្រជាប្រីយ៍ ភាគច្រើនក៏មាននិយាយពីការដើរលេង សួរនាំជាមួយស្រីៗដែរ។ ប៉ុន្ដែគេច្រើនដើរពីក្បាលព្រលប់ ចំណែកឯស្រីវិញច្រើនតែចេញមកបុកអង្ករនៅទីលានមុខផ្ទះ ហើយកំលោះគេមានគ្រឿងតន្ដ្រីរបស់គេដូចជាៈ ខ្លុយ, គែន, អង្កួច, (គ្រឿងតន្ដ្រីដែលប្រើមាត់ ហើយវាយ ឬផ្ទាត់ទៅក្នុងមាត់) អ្នកខ្លះក៏ហួច , ខ្លះក៏ផ្លុំស្លឹក ទៅតាមការដែលគេស្ទាត់ជំនាញ។ នៅពេលដែលទៅដល់ផ្ទះខាងស្រី បើសិនជាអ្នកភូមិផងរបងជាមួយគ្នា គេក៏ចូលអង្គុយជជែកលេង ញ៉េះញ៉ោះនាយអាយ ឬក៏ជួយធ្វើការងារផ្សេងៗ ដូចជាបុកអង្ករ ឬក៏ធ្វើអ្វីផ្សេងៗទៀត។ រីឯអ្នកម្ចាស់ផ្ទះក៏លើកពានស្លាម្លូ, បារីស្លឹកចេកមកដាក់ទទួលភ្ញៀវ។ ភាគច្រើនសម័យបុរាណនោះ គេយកហឹបស្លា(ប្រអប់ស្លា) មកឱ្យទាំងអស់តែម្ដង ហើយនៅក្នុងទំនុកច្រៀងប្រពៃណីមានច្រើនណាស់ដែលកំលោះ ស្រែកសុំស្លាពីក្រមុំដើម្បីទំពាស៊ី, បើសិនជានាងឱ្យនោះ សម្ដែងថាមានមេត្រីចិត្តដល់គ្នានិងគ្នា។
នៅពេលថ្ងៃត្រង់ នាងក្រមុំមកអង្គុយត្បាញសំពត់ កំលោះក៏ទៅអង្គុយចាំជជែកលេង ទោះបីជាកណ្ដាលយប់ក្ដី ក្នុងករណីខ្លះនាងក្រមុំក៏រវៃអំបោះ ឬសូត្រ ឯកំលោះៗក៏ឡើងទៅជជែកលេងលើផ្ទះតែម្ដង។
ការដែលផ្ដល់ឱកាសជិតស្និទ្ធគ្នានេះមានច្រើនសភាពណាស់ ដូចជានៅពេលចប់ការដកស្ទូង ច្រូតស្រូវ បោកបែន បញ្ជាន់ស្រូវ ហើយ ឬក៏នៅពេលមានបុណ្យសុន្ទទានផ្សេងៗជាដើម។
កំលោះមកពីភូមិស្រុកដទៃក៏មកទាក់ទងនឹងក្រមុំភូមិនេះដូចគ្នាដែរ។ គ្រាន់តែមិនសូវស្គាល់គ្នាច្បាស់ប៉ុណ្ណោះ ម្ចាស់ផ្ទះច្រើនតែក្រាលកន្ទេលទទួលដាក់ ទឹក លើកពានបារី ហឹប ឬកន្ដ្រកស្លាមកទទួលភ្ញៀវ ហើយក៏ជជែកសួរនាំគ្នាដើម្បីដឹងចិត្ដដឹងថ្លើមគ្នាម្ដងបន្ដិចៗទៅ។
ការដែលទៅទាក់ទងរកគូស្រករនេះ ប្រើពេលវេលាសន្សឹមៗដើម្បីសម្គាល់គ្នាអស់ពេលជាយូរ ហើយត្រូវស៊ើបម្ដងបន្ដិចៗ ស្រាវជ្រាវឱ្យដឹងពីប្រវតិ្ដពង្សាវតារ ពូជអម្បូររបស់សាមីខ្លួន។ ត្រូវទៅឱ្យស្គាល់ជាមួយញាតិសន្ដានបងប្អូនរបស់គ្នាទាំងសងខាង ទៅមើលផ្ទះសម្បែងទាំងសងខាងទៅវិញទៅមក ដូចជាសុភាសិតខ្មែរបានចែងទុកមកថា «ធ្វើស្រែឱ្យមើលស្មៅ ទុកដាក់កូនចៅឱ្យមើលផៅសន្ដាន» បានន័យថា បើក្មេងនោះល្អគឺញាតិមិត្ដល្អ កូនចៅក៏នឹងមានមារយាទល្អដែរ ហើយនោះបានន័យថា សម័យបុរាណស្រីរៀនសូត្រនៅជាមួយម្ដាយជាធំ កិច្ចការនានាសព្វសារពើគឺរៀនចេញពីឳពុកម្ដាយក្នុងគ្រួសារ ព្រោះថាជំនាន់នោះគ្មានសាលារៀនដូចសព្វថ្ងៃនេះទេ។ បើគ្រួសារល្អ មានឳពុកម្ដាយត្រឹមត្រូវ មានវង្សត្រកូលល្អ នោះកូនក៏មិនឃ្លាតឆ្ងាយពីឳពុកម្ដាយប៉ុន្មានឡើយ«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់»។
បើសង្កេតទៅឃើញថា ខុសសម័យនេះឆ្ងាយណាស់ អ្នកខ្លះក៏ស្គាល់គ្នាតាមដងផ្លូវ តាមផ្សារ។ល។ មិនដែលតាមមើល ដល់ញាតិសន្ដានសាច់សាហោហិត បងប្អូនឳពុកម្ដាយ ឬក៏ស្គាល់ដល់ផ្ទះម្ដងណាឡើយ។ ក៏ស្រាប់តែត្រូវដងត្រូវផ្លែតែម្ដង ត្រង់នេះឯងហើយគឺជាសភាពប្រែប្រួល។ ពីសម័យមុននោះ ប្រសិនបើកំលោះក្រមុំស្រឡាញ់គ្នា តែគ្មានប្រាក់កាស ក៏កើតមានរឿងពង្រត់យកស្រីទៅ ការដែលពង្រត់យកស្រីសម័យមុន គឺគេពង្រត់យកទៅធ្វើប្រពន្ធពិតប្រកដមែន មិនមែនបានត្រឹមបំផ្លាញអនាគតគ្នា ហើយបោះបង់ចោលគ្នាដូចសម័យនេះទេ។ សម័យមុននោះ គ្រាន់តែប្រុសណាមក ឬទៅប៉ះដៃ ឬចាប់ដៃតែបន្ដិចបន្ដួច ក៏ខុសខ្មោចមេបាដែរ ត្រូវតែស្ងោរមាន់សូមខមាទោសមេបា។
ការរត់តាមប្រុសក៏មានខ្លះ ស្ថិតនៅក្នុងករណីដែលស្រីជាសង្សារបានយល់ពីជម្រៅបេះដូងបុរសនោះច្បាស់ណាស់ ហើយប្រុសនោះក្រទ័លលំបាកខ្លាំងណាស់ គ្មានសមត្ថភាពអ្វីនឹងទៅចូលស្ដីដណ្ដឹង។ គឺចូលតាមផ្លូវទៅតាមប្រពៃណីបានឡើយ ព្រោះថាបើតាមទំនៀមទម្លាប់ប្រពៃណីនោះ គឺត្រូវចំណាយមាសប្រាក់ច្រើនគួរសមដែរ។ដូច្នេះដល់តែទីទ័លក្រពេក ក៏បបួលគ្នារត់ ខាងស្រីស្រឡាញ់ផង អាណិតផង ដឹងច្បាស់ពីជម្រៅស្នេហ៍ពិត ក៏ព្រមរត់តាមទៅ។ ប៉ុន្ដែគេមិនដែលធ្លាប់នាំទៅបញ្ឆោតលក់ជាបន្ដបន្ទាប់ដូចយ៉ាងសព្វថ្ងៃនេះទេ គឺគេយកទៅធ្វើជាភរិយាយ៉ាងពិតប្រាកដ ហើយក្រោយមកក៏នាំគ្នាមកក្រាបសូមខមាទោសឳពុកម្ដាយ ប៉ែកខាងស្រីក៏ចាត់ពិធីរៀបការឱ្យល្មមតែអាចធ្វើទៅបាន ហើយក្នុងករណីពង្រត់គ្នាហើយត្រឡប់មកវិញ ខាងស្រីគ្មានបង្គាប់ជំនូនចំណងដៃអ្វីឡើយ គឺស្រេចតែខាងប្រុសនឹងផ្ដល់ឱ្យតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយចុះ ទោះបីជាផ្ដល់សេរីភាពនៅក្នុងការទៅបង្កើនភាពស្និទ្ធស្នាលគ្នានិងគ្នាដើម្បីជ្រើសរើសដោយខ្លួនឯងក្ដី។ ជំនឿនៅក្នុងហោរាសាស្ដ្រក៏នៅមានតួនាទីចូលមកជ្រែកជាប់នៅឡើយ ដោយភាគច្រើនមើលឱ្យដឹងថា កើតឆ្នាំអ្វី សមពង្សធាតុ សមពង្សនាគព័ន្ធ ទៅជាអ្វីនឹងគ្នានៅខាងណាៗ កន្ទុយក្បាល, ដងខ្លួន ល្អឬអាក្រក់ផងដែរ។ ហើយក្បួននោះមាននៅក្នុងតម្រាព្រហ្មជាតិរួចអស់ទៅហើយ ។ ម្ចាស់ជំនឿនេះធ្លាប់មកធ្វើឱ្យគូស្នេហ៍ដែលស្រឡាញ់គ្នា បានរៀបការនឹងគ្នាជាច្រើនណាស់មកហើយ។
នៅក្នុងរឿងម្យ៉ាងទៀត គឺគេមើលឃើញថា មនុស្សនោះឯងជាមនុស្សជំពូកអ្នកមានរោគកាមគុណដែរឬទេ? ដូចជាកើតស្វាយ ប្រមេះ ទាមឡា… ឬក៏មានជំងឺរីងរៃ រ៉ាំរ៉ៃ តត្រកូលដែរឬទេ? បើសិនជាមានមែន គេមិនឱ្យយកឡើយ ។ដូច្នេះហើយ ទើបគេត្រូវការឱ្យមានអ្នកចាស់ទុំ អ្នកធំអាយុច្រើនជាងជួយរើសជួយមើលឱ្យបានស៊ីជម្រៅ ឱ្យបានវែងឆ្ងាយថែមទៀត ទើបបានក្លាយទៅជារឿងមួយល្អដែរ ក្នុងរឿងទំនៀមបែបនេះ ដោយហេតុថា ការរើសយកអ្នកដែលគ្មានរោគឆ្លងនានាដែលកាចសាហាវ។ តែក៏មានចំណែកខ្លះមិនល្អដែរ ដូចជារើសយកទៅតាមបែបសត្វសេដ្ឋី ដោយសម្លឹងឃើញមាសប្រាក់ ទ្រព្យសម្បត្ដិជាធំ ហើយក៏ក្លាយទៅជាការលក់កូនក្រមុំទៅវិញ បែបនេះក៏មិនល្អទាំងអស់ដែរ នោះគឺជាការនិយាយរំឭកឡើងវិញខ្លះឱ្យបានទូលទូលំទូលាយ ដែលអាចមានខ្លះៗទៅហើយមកជូនជ្រាប។ព្រោះថា រឿងពិតនៅក្នុងសង្គមអាចមានរួចស្រេចទៅហើយ នៅក្នុងនោះមានរឿងអក្សរសីល្ប៍ ឬវណ្ណកម្មទាំងឡាយដែលខ្ញុំបានអានប្រទះនោះ រឿងខ្លះក៏បានឆ្លុះឱ្យឃើញនូវការលើកសរសើរអំពីស្ដ្រីដែលពូកែក្នុងកិច្ចការងារ តែក៏មិនសូវលើកសរសើរពីសម្រស់រូបរាងរបស់នាងឱ្យណាស់ណាទេ គឺគេគ្រាន់តែធ្វើការប្រៀបធៀបបន្ដិចបន្ដួចប៉ុណ្ណោះ ដូចជាភក្ដ្រាផូរផង់ដូចចន្ទ នេត្រាខ្មៅក្រឹបដូចនិលរ័ត្ន បបូរមាត់ស្ដើងដូចក្លែបក្រូច ចង្កេះរាវស្ដួចដូចអង្ក្រង។ល។ និង។ល។ តែក៏មានន័យមួយទៅហើយ ដូចជារឿងទុំទាវ ដែលគេលើកឡើងជាស្ដ្រីល្អដាច់គេនៅក្នុងនគរ ហើយត្រូវបានព្រះរាជាជ្រើសរើសធ្វើជាស្នំនៅក្នុងរាជវាំងយ៉ាងនេះក៏មានដែរ ហើយនៅក្នុងបទចម្រៀងប្រពៃណីក៏មានច្រើន ដោយពុំសូវលើកពីសម្រស់រូបសម្បត្តិប៉ុន្មានទេ តែគេច្រើនសង្កត់ធ្ងន់ទៅលើការប្រសព្វក្នុងកិច្ចការផ្សេងៗ ដើម្បីជួយជាកម្លាំងដល់ស្វាមី ក្នុងការរកស៊ីចិញ្ចឹមជីវិត ដូចនេះខ្មែរបានសម្គាល់ច្បាស់លើការប៉ិនប្រសប់ពូកែខាងកិច្ចការសំខាន់ជាងរូបសម្ផស្សស្រស់ស្អាត៕
នីសា