នេះជារឿងថ្មី ដែលកំពុងផ្ទុះក្តៅគគុកទៀតហើយ នៅក្នុងប្រទេសថៃ ព្រោះតែមានព្រះសង្ឃមួយអង្គ បានលួចកឹបកេងលុយវត្ត យកទៅចាយវាយយ៉ាងសប្បាយ អស់ជាង ៥ លានដុល្លារ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងការក្តៅក្រហាយយ៉ាងខ្លាំង ពីសំណាក់ប្រជាពុទ្ធបរិស័ទ ជាពិសេសអ្នកមានចិត្តធ្វើបុណ្យ បរិច្ចាគចូលចំណែកកសាងវត្ត។
យោងតាមកាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយឲ្យដឹងថា អតីតព្រះសង្ឃមួយអង្គ ព្រះនាម ខុម អាភីវ៉ារ៉ូ ត្រូវបានចាប់ខ្លួន រួមនឹងមនុស្សជំនិត២នាក់ទៀត ក្រោមការចោទប្រកាន់ពីបទកេងប្រវ័ញ្ចប្រាក់ចំនួន ១៨០ លានបាត (ស្មើជាង ៥ លានដុល្លារ) ពីវត្ត ផា ហាមម៉ាគីរី ជាកន្លែងដែលព្រះសង្ឃរូបនេះគង់ នៅខេត្ត នគររាជសីមា។
លោកនាយឧត្តមសេនីយ៍ ម៉ន ទ្រី ថេតខាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានថ្លែងថា លោក ខុម អាយុ ៣៩ ឆ្នាំ ដែលទទួលបានភាពល្បីល្បាញជាអ្នកជំនាញសមាធិ និងមានអ្នកដើរតាមលំដាប់ខ្ពស់ជាច្រើនរូប ត្រូវបានចាប់ខ្លួនតាមដីកាដែលចេញដោយតុលាការព្រហ្មទណ្ឌ ពីបទពុករលួយ និងប្រព្រឹត្តិខុស ស្ថិតនៅក្រោមការិយាល័យស៊ើបអង្កេតកណ្តាល (CIB)។
មនុស្ស២នាក់ ដែលត្រូវបានចាប់ខ្លួនជាមួយគាត់ មានឈ្មោះ វុទ្ធី ម៉ា (ហៅ ប្រា ម៉ោ) អាយុ ៣៨ ឆ្នាំ និងឈ្មោះ ជូ ថាហ៊ីប អាយុ ៣៥ ឆ្នាំ។ ប្រភពពីប៉ូលិស បាននិយាយថា ការចាប់ខ្លួននេះបានធ្វើឡើងកាលពីសប្តាហ៍មុន។
ប្រភពដដែលបានបន្តថា លោក ខុម ក៏ត្រូវបានគេរកឃើញថា បានធ្វើសកម្មភាពផ្លូវភេទ នៅក្នុងវត្តទៀតផង។
ប៉ូលីសបាននិយាយកាលពីថ្ងៃសៅរ៍ថា CIB បានចាប់ផ្តើមការស៊ើបអង្កេតរបស់ខ្លួន បន្ទាប់ពីការិយាល័យជាតិនៃព្រះពុទ្ធសាសនា (NOB) បានសង្ស័យថា ព្រះសង្ឃរូបនេះ បានប្រមូលអំណោយព្រះវិហារមួយចំនួន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់គាត់។
លុយអំណោយមួយ ក៏ត្រូវបានគេរាយការណ៍ថា បានធ្វើឡើងតាមរយៈលោក វុទ្ធីម៉ា អតីតព្រះចៅអធិការ ដែលពេលនោះបានប្រគល់ប្រាក់ទៅឲ្យនាង ជូថាហ៊ីប ជាប្អូនស្រីរបស់លោក ខុម។
នាង ជូថាហ៊ីប បានដាក់ប្រាក់ចូលក្នុងគណនីធនាគាររបស់លោក ខុម ខណៈដែលអំណោយជាសាច់ប្រាក់ផ្សេងទៀតចំនួន ៥១ លានបាត ត្រូវបានរក្សាទុកក្នុងប្រអប់ស្នោ និងវ៉ាលីនៅផ្ទះរបស់នាង។
ការស៊ើបអង្កេត ក៏បានរកឃើញប្រតិបត្តិការមួយផ្សេងទៀតចំនួន ១៣០ លានបាត ដែលលោក ខុម បានគ្រប់គ្រងដកចេញពីការបរិច្ចាគវត្ត។ ប្រភពប៉ូលិសបាននិយាយថា សរុបជាសាច់ប្រាក់ លោក ខុម បានកឹបកេងប្រាក់យ៉ាងហោចណាស់ ១៨០ លានបាត ពីវត្ត។
ជនសង្ស័យ ប្រឈមនឹងការចោទប្រកាន់ពីបទកេងបន្លំ និងបំពានលើការិយាល័យ។ ចំណែក នាង ជូថាហ៊ីប ក៏ត្រូវបានចោទប្រកាន់ពីបទទទួលលុយលួចទាំងនេះផងដែរ។
សូមបញ្ជាក់ថា លោក ខុម បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Mahachulalongkornrajavidyalaya សាខា Wang Noi ក្នុងក្រុងអយុធ្យា មុននឹងផ្លាស់ទៅខេត្ត ណាខន រ៉ាឆាស៊ីម៉ា។ គាត់ត្រូវបានគេស្គាល់ថា ជាអ្នកជំនាញខាងសមាធិ ហើយមានមនុស្សល្បីៗជាច្រើន បានមកដើរតាម និងជាកូនសិស្សរបស់គាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង