Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វូងមនុស្ស ធ្វើបាតុកម្មកក្រើកប្រទេស ប្រឆាំងនឹងការចាប់ខ្លួនអតីតនាយករដ្ឋមន្រ្ដីប៉ាគីស្ថាន

រដ្ឋធានីអ៊ិស្លាម៉ាបាដ (Islamabad)៖ ការចាប់ខ្លួនអតីតនាយករដ្ឋមន្រ្ដីប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) កាលពីថ្ងៃអង្គារ បានបង្កឲ្យការផ្ទុះបាតុកម្មរាលដាលពាសពេញប្រទេស  រហូតឈានដល់ការប៉ះទង្គិចគ្នា រវាងក្រុមអ្នកគាំទ្រ និង កម្លាំងសន្ដិសុខរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះថែមទៀតផង។
 
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១០ ខែឧសភា ថា ការប៉ះទង្គិចគ្នាដោយហិង្សា បានកើតឡើង នៅក្នុងប្រទេសប៉ាគីស្ថាន រវាងកងកម្លាំងសន្តិសុខ និង អ្នកគាំទ្ររបស់អតីតនាយករដ្ឋមន្ត្រី លោក អ៊ីមរ៉ាន់ ខាន់ ក្រោយពេលគាត់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ។ ការតវ៉ានេះ បានរាលដាលពាសពេញប្រទេស ហើយយ៉ាងហោចណាស់ ក៏មានមនុស្សម្នាក់ បានបាត់បង់ជីវិត នៅក្នុងទីក្រុងខ្វែតតា (Quetta) ខេត្តបាឡូជីស្ដាន់ (Balochistan) នាភាគនិរតី ប្រទេសប៉ាគីស្ថាន។

លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) អតីតនាយករដ្ឋមន្រ្ដីប៉ាគីស្ថាន ត្រូវបានចាប់ខ្លួន នៅក្នុងរដ្ឋធានីអ៊ិស្លាម៉ាបាដ (Islamabad) ដោយកងសន្ដិសុខរបស់តុលាការកំពូល។ បើតាមឃ្លីបវីដេដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានបង្ហាញ អំពីកងសន្ដិសុខ រាប់សិបនាក់ បានបើករថយន្ដ មកដល់ ហើយចាប់ខ្លួនបុរស វ័យ៧០ឆ្នាំ ដាក់បញ្ចូលទៅក្នុងរថយន្ដមួយគ្រឿង រួចហើយបើកចេញទៅ។

អតីតនាយករដ្ឋមន្រ្ដីប៉ាគីស្ថាន រូបនេះ បានបង្ហាញខ្លួន នៅក្នុងតុលាការ ក្រោមការចោទប្រកាន់ ពីបទពុករលួយ។ ប៉ុន្ដែគាត់បានច្រានចោលនូវការចោទប្រកាន់ទាំងនេះ ដោយចាត់ទុកថា ជាការចោទប្រកាន់ ក្រោមហេតុផលខាងនយោបាយ។

សេវាកម្មទិន្នន័យចល័ត នៅក្នុងប្រទេស នឹងត្រូវផ្អាកដំណើរការ នៅថ្ងៃសុក្រ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ ខណៈការតវ៉ាកំពុងតែកើនឡើង ដោយភាគច្រើន បានកើតឡើង នៅមុខមូលដ្ឋានយោធា។ កងទ័ពប៉ាគីស្ថាន បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងឆាកនយោបាយ ខណៈមានពេលខ្លះ ក៏មានការដណ្តើមអំណាច នៅក្នុងអំពើរដ្ឋប្រហារយោធា ហើយនៅក្នុងកាលៈទេសៈផ្សេងទៀត ថែមទាំងទាញអ្នកនៅពីក្រោយឆាកថែមទៀតផង។

ក្រុមអ្នកវិភាគជាច្រើន ជឿ ថា ការឈ្នះឆ្នោតរបស់លោក ខាន់ នៅក្នុងឆ្នាំ២០១៨ បានកើតឡើង ដោយមានជំនួយពីក្រុមយោធាផងដែរ។ ឥឡូវនេះគាត់កំពុងតែស្ថិតនៅជាបក្សប្រឆាំង ហើយក្លាយជាអ្នករិះគន់ដ៏សំខាន់បំផុតមួយ ទើបធ្វើឲ្យប្រជាប្រិយភាពរបស់ពួកយោធា ធ្លាក់ចុះ។

បើតាមឃ្លឺបវីដេអូមួយ ចេញពីទីក្រុងឡាហ័រ (Lahore) ខេត្ដពុនចាប (Punjab) នាភាគឦសានប្រទេសប៉ាគីស្ថាន ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមធ្វីធើរ ឃើញហ្វូងមនុស្សលួចចូល ទៅខាងក្នុងផ្ទះមេបញ្ជាការយោធា ដោយបានដុតបំផ្លាញគ្រឿងសង្ហារឹម និង ទ្រព្យសម្បត្ដិមួយចំនួនផ្សេងទៀត។

លោក អេនតូនី ប៊្លីនខែន (Antony Blinken) រដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែង ចេញពីទីក្រុងវ៉ាស៊ីនតោន មក ថា គាត់ចង់ធ្វើឱ្យប្រាកដ ថា អ្វីៗក៏ដោយ ដែលបានកើតឡើង នៅក្នុងប្រទេសប៉ាគីស្ថាន គឺស្របតាមនីតិរដ្ឋ ជាមួយនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។

ស្របគ្នានេះដែរ លោក ជេមស៍ ក្លេវើរលី (James Cleverly) រដ្ឋមន្ត្រី ក្រសួងការបរទេសអង់គ្លេស បានបញ្ជាក់ ថា ចក្រភពអង់គ្លេស រីករាយនឹងទំនាក់ទំនងដ៏យូរអង្វែង និង ជិតស្និទ្ធ ជាមួយសមាជិក នៃប្រទេសជាខមម៉ិនវ៉ែល (Commonwealth) ប៉ាគីស្ថាន ហើយចង់ឃើញនីតិរដ្ឋ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួន»។

អ្នកគាំទ្ររបស់លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) កាលពីល្ងាចថ្ងៃអង្គារ បានប្រមូលផ្តុំគ្នា នៅខាងក្រៅទីស្នាក់ករគណៈកម្មការជាន់ខ្ពស់របស់ប៉ាគីស្ថាន នៅក្នុងរាជធានីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីតវ៉ាប្រឆាំងនឹងការចាប់ខ្លួនអតីតនាយករដ្ឋមន្រ្ដី រូបនេះ។ លោក ខាន់ ត្រូវបានបណ្ដេញចេញពីអំណាច នៅក្នុងខែមេសា ឆ្នាំ២០២២ ហើយគាត់បាននិងកំពុងធ្វើយុទ្ធនាការ សម្រាប់ការបោះឆ្នោតជាលើដំបូង ចាប់តាំងពីពេលនោះមក ខណៈការបោះឆ្នោតសកល នឹងត្រូវធ្វើឡើង នៅចុងឆ្នាំនេះ។

ដោយឡែក ពួកយោធាប៉ាគីស្ថាន កាលពីថ្ងៃចន្ទ បានព្រមានដល់អតីតនាយករដ្ឋមន្រ្ដី រូបនេះ ប្រឆាំងនឹងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់។ សកម្មភាពរបស់ពួកយោធាបានកើតឡើង ក្រោយពេលលោក ខាន់ បានចោទប្រកាន់ជាថ្មី ដល់មន្រ្ដីជាន់ខ្ពស់មួយរូប អំពីការប៉ុនប៉ងសម្លាប់រូបគាត់៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×