និយាយដល់ផ្លែខ្នុរ គឺគេតែងនឹកឃើញដល់ក្លែប ពណ៌លឿងក្លិនក្រអូប ប៉ុន្តែមិនសូវមានអ្នកដឹងថា គ្រាប់របស់វាមានតម្លៃបំប៉ន និងជួយបង្ការជំងឺបានច្រើនបែបច្រើនយ៉ាងឡើយ ។
គុណសម្បត្តិវាប្រៀបដូចជាផ្លែកៅឡាក់ ដែលបច្ចុប្បន្នត្រូវបានចូលពីប្រទេសជប៉ុនអីចឹង។ អ្នកជំនាញឱសថបុរាណបានប្រាប់ឲ្យដឹងថា ក្នុងការប្រឆាំងទប់ទល់ជំងឺមហារីកទឹកឃ្មុំ និងគ្រាប់ខ្នុរ មានប្រសិទ្ធភាពសក្តិសិទ្ធ វាជំនួយក្នុងការធ្វើឲ្យកោសិកាមហារីកមិនអាចរាលដាលបាន ។
ប្រសិទ្ធភាពដទៃទៀតមានជាអាទិ៍ ៖
-ជួយមិនឲ្យទល់លាមក ៖ គ្រាប់ខ្នុរផ្ទុកដោយសារធាតុកាកសរសៃមិនរលាយ ។ សារធាតុកាកសរសៃនេះឯងវាជួយធ្វើឲ្យប្រព័ន្ធរំលាយអាហារខ្លាំង និងកម្ចាត់ជាតិពុលចេញពីពោះវៀន ។ ពេលដែលពោះវៀន និងប្រព័ន្ធរំលាយអាហារល្អ វាជួយឲ្យសក់និងស្បែកស្រស់ស្អាតជាងមុន ក្រៅពីនោះវាក៏ជួយទប់ស្កាត់ជំងឺដង្កាត់ទាក់ទងដល់បេះដូង ការពារដល់បេះដូងឲ្យមានសុខភាពរឹងមាំ ។
-បំពេញសារធាតុដែកដល់សរីរាង្គ ៖ មានមនុស្សតិចណាស់ដែលដឹងថា គ្រាប់ខ្នុរ គឺជាប្រភពផ្តល់ជាតិដែកដ៏អស្ចារ្យ ។ ដែកជាសមាសធាតុមួយរបស់ hemoglobin នេះជាសារធាតុជួយគាំទ្រដល់ដំណើរការអុកស៊ីតកម្មនៃរាងកាយ ជួយបង្កើតឡើងវិញនូវកោសិកាឈាមក្រហម ។ ពេលបរិភោគអាហារសម្បូរជាតិដែក វានឹងជួយកាត់បន្ថយហានិភ័យខ្វះឈាម និងជំងឺឈាមមិនប្រក្រតីដទៃទៀត ។
-ធ្វើឲ្យសាច់ដុំរឹងមាំ ប្រសិនបើអ្នកចង់មានសាច់ដុំរឹងមាំ នោះគ្រាប់ខ្នុរគឺជាជម្រើសយ៉ាងសកម្ម ព្រោះវាមានផ្ទុកបរិមាណប្រូតេអ៊ីនច្រើន ។ តាមអ្នកឯកទេសសុខាភិបាល ប្រូតេអ៊ីនរុក្ខជាតិមានប្រយោជន៍ច្រើនជាង ប្រៀបនឹងប្រូតេអ៊ីនសាច់ ។ លើសពីនេះទៀត ប្រូតេអ៊ីនក្នុងគ្រាប់ខ្នុរ ពុំមានផ្ទុកកូឡេស្តេរ៉ូល ធ្វើឲ្យសុខភាពអ្នកបរិភោគវាមានសុវត្ថិភាពពេញលេញ ។
-កាត់បន្ថយភាពតានតឹង និងរាំងស្កាត់ការឆ្លងមេរោគ ៖ ប្រសិនបើអ្នកមានលក្ខណៈបរិភោគគ្រាប់ប្រចាំ នោះវានឹងជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ ការកើតជំងឺបណ្តាលមកពី virus និងមេរោគបង្កឡើង ។ មូលហេតុដោយសារតែក្នុងគ្រាប់ខ្នុរ វាមានសារធាតុពិសេសក្នុងការប្រឆាំងមេរោគ និង virus ។
ទន្ទឹមនោះ គ្រាប់ខ្នុរក៏ជួយរារាំងការកើតមុន ហើយវាផ្តល់សំណើមយ៉ាងអស្ចារ្យសម្រាប់ស្បែក ។ លើសពីនោះទៅទៀតវាក៏មានផ្ទុកនូវពពួករ៉ែបំប៉ន ជួយកាត់បន្ថយភាពតានតឹងនិងអាការៈមិនប្រក្រតីនៃស្បែក ។
-ល្អសម្រាប់គ្រាប់ភ្នែក គ្រាប់ខ្នុរសម្បូរទៅដោយវីតាមីន A ដែលធ្វើឲ្យភ្នែកមានសុខភាពល្អ លើសពីនេះទៀត វីតាមីន A ក៏ជួយទប់ស្កាត់ដល់ជំងឺខ្វាក់មាន់ ។ វាក៏ធ្វើឲ្យសុខភាពសក់ប្រសើរជាងមុន ដោយជួយកាត់បន្ថយសភាពសក់ស្ងួត បែកចុង ៕ លីសា