ម៉ាស៊ីនកិនផ្លែឈើជារបស់ដ៏ចាំបាច់មួយនៅក្នុងគ្រួសារ ប៉ុន្តែរូបរាង និងរចនាសម្ព័ន្ធរបស់វាបង្កការលំបាក សម្រាប់គ្រប់គ្នា ក្នុងពេលលាងសំអាត ។ ប្រសិនមិនប្រយ័ត្ន កាំបិតកិនអាចធ្វើឲ្យអ្នកដាច់ដៃ ហើយស្នាមប្រឡាក់យូរថ្ងៃនៅពិបាកក្នុងការដុសលាងថែមទៀត ។
ប៉ុន្តែ កុំបារម្ភ ព្រោះមានវិធីដ៏ប្រសិទ្ធភាពមួយឲ្យអ្នកកម្ចាត់ស្នាមកខ្វក់ក្នុងម៉ាស៊ីនកិនយ៉ាងរហ័ស ដោយប្រើរបស់តែម្យ៉ាង ដែលយើងគ្រវែងចោល ព្រោះចាត់ថា គ្មានប្រយោជន៍ នោះគឺសំបកស៊ុត ។
អ្នកគ្រាន់តែយកសំបកស៊ុតដាក់ចូលក្នុងម៉ាស៊ីនកិន និងចាក់ទឹកចូលបន្តិចឲ្យលិចសំបកស៊ុត បន្ទាប់មកចុចគន្លឹះឲ្យម៉ាស៊ីនដំណើរការ ។ ក្រោយពេលកិនម៉ដ្ឋហើយចូរអ្នកចាក់វាចេញ អ្នកនឹងភ្ញាក់ផ្អើលស្មានពុំដល់ ដោយឃើញផ្នែខាងក្នុង និងកាំបិតកិនស្អាតភ្លឺរលោងដូចថ្មី ។ ឥឡូវនេះអ្នកគ្រាន់តែយកវាលាងសំអាតជាមួយទឹកជាការស្រេច ។
រឿងសំខាន់មួយទៀត គឺកុំប្រញាប់ចាក់ផ្នែកសំបកស៊ុត ដែលបានកិនចោល ព្រោះវាអាចប្រើប្រាស់សម្រាប់គោលដៅ ផ្សេងគឺធ្វើជីសម្រាប់ដំណាំ ។ សំបកស៊ុតផ្ទុក ៩៧% កាល់ស្យូមកាបូណាត និងផ្ទុកសារជាតិរ៉ែផ្សេងៗ ដូចជាហ្វូសហ្វ័រ ម៉ាញ៉េស្យូម សូដ្យូម និងប៉ូតាស្យូម អាចជួយកែប្រែ និងបន្ថយកម្រិតជូររបស់ដីយ៉ាងប្រសិទ្ធភាពបំផុត ។
អ្នកក៏អាចរោយសំបកស៊ុតកិននេះជុំវិញដើមឈើក្នុងផ្ទះទៅជាស្រទាប់ “របង” ធម្មជាតិទប់ស្កាត់ខ្យង និងពពួកសត្វល្អិតផ្សេងៗ ៕ លីសា