ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី បានចេញសេចក្តីសម្រេចបែងចែកភារកិច្ចទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ អគ្គបញ្ជាការដ្ឋាន និងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម)។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី ជាអ្នកមានសមត្ថកិច្ចក្នុងការបញ្ជាកងយោធពលទាំងមូល និងជាអ្នកទទួល ខុស ត្រូវចាត់តាំងអនុវត្តន៍ភារកិច្ចការពារជាតិ របស់រាជរដ្ឋាភិបាល ហើយមានភារកិច្ចដឹកនាំបញ្ជា គ្រប់គ្រងដោយផ្ទាល់កងរាជ អាវុធហត្ថ លើផ្ទៃប្រទេស ព្រមទាំងទទួលផ្ទាល់លើការងារខុទ្ទកាល័យ ទីចាត់ការបុគ្គលិក នាយកដ្ឋានស្រាវជ្រាវចារកិច្ច ទីចាត់ការហិរញ្ញវត្ថុ និងការងារអធិការដ្ឋាន ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយស្តីទីសេនាធិការចម្រុះ មេបញ្ជាការស្តីទីកងទ័ពជើងគោក មានភារកិច្ចជួយអគ្គមេបញ្ជាការស្តីទី លើការងារដឹកនាំ បញ្ជា និងគ្រប់គ្រងកងទ័ពជើងគោក។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានតែងតាំង មន្ត្រីជាន់ខ្ពស់ចំនួន១៤រូបផ្សេងទៀត ក្នុងជួរកងយោធពលខេមរភូមិន្ទ ឲ្យទទួលការងារថ្មីបន្ថែមទៀត លើការបច្ចុប្បន្នផងដែរ ដើម្បីពង្រឹងការងារឲ្យកាន់តែមានប្រសិទ្ធ ។
លោកសៅ សុខា បានបញ្ជាក់ថា ក្រៅពីភារកិច្ចដូចបានបែងចែកខាងលើនេះ នាយស្តីទីសេនាធិការចម្រុះ និងអគ្គមេបញ្ជាការរង ត្រូវទទួលខុសត្រូវភារកិច្ចបន្ថែមមួយចំនួនទៀត តាមការប្រគល់ពីអគ្គមេបញ្ជាការស្តីទី។ បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ហើយនាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន មេបញ្ជាការប្រភេទទ័ពនិងទ័ពជំនាញ នាយកស្ថាប័នចំណុះនិងសាមីខ្លួនដូចមានចែងក្នុងសេចក្តីសម្រេច ត្រូវអនុវត្តន៍សេចក្តីនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយ ៖ បញ្ញាស័ក្តិ
ខាងក្រោមនេះជាសេចក្តីសម្រេចទាំងស្រុងរបស់ នាយឧត្តមសេនីយ៍ សៅ សុខា៖