មានជនបរទេសខ្លះ ជនជាតិថៃខ្លះ នៅភូមិភាគកណ្ដាល បានចេញទៅតាមជនបទ ហើយបានឃើញពិធីរៀបការបែបខ្មែរ ក៏ពោលថាផ្សេងពីភូមិភាគកណ្ដាល ឬក៏ទោះបីជនជាតិខ្មែរនៅភូមិភាគឦសានក៏ដោយ ដែលនិយាយភាសា សួយ-លាវ ក៏និយាយថា ខុសប្លែកពីប្រពៃណីរបស់គេដែរ។ ដូចនេះអ្នកនិពន្ធសូមលើកយកមករៀបរៀងនៅក្នុងកម្មវិធីនានា ដែលទាក់ទងទៅការរៀបមង្គលការជូនជ្រាបជាបណ្ដើរៗ។ ព្រោះថា គ្រាន់តែបានឃើញត្រឹមពេលរៀបចំពិធីមង្គលនោះ វាប្លែករួចទៅហើយ ហើយនៅមានចំណែកដែលមិនបានឃើញទៀត វាចម្លែកយ៉ាងណា? ដូចជាជំនឿ ប្រស្នាផ្សេងៗ ពាក្យសួរចែចូវរវាងគ្នានិងគ្នា ទាំងអស់នេះសុទ្ធសឹងតែគួរជ្រាបដោយទូលំទូលាយស៊ីជម្រៅថែមទៀតផង។
ការចូលស្ដីដណ្ដឹង ឬពិធីដណ្ដឹង
នៅពេលដែលការចូលខ្សឹបបានទទួលដំណឹងច្បាស់ថា គ្មានអ្វីជាជំទាស់ហើយ គេក៏បានបញ្ជូនចាស់ទុំចូលទៅស្ដីដណ្ដឹង ជាកិច្ចការមាន លក្ខណៈយ៉ាងចំហឱ្យសង្គមបានជ្រាបតែម្ដង។ ដោយភាសាខាងប្រុសមានការតាំងទូតឱ្យទៅស្ដីដណ្ដឹង ហើយខ្មែរហៅថា«មហា» ហើយភាគីខាងស្រីក៏មានទូតចរចាដែរ ខ្មែរហៅថា(តុលាការ) (នៅភាគកណ្ដាលមេបា)។
ទូតខាងប្រុសចាត់នាំមកនូវ«ស្រាសឹក ម្លូពាន» គឺស្រា២ដប ផ្កាប្រាំ ទៀនធូបគូៗ ម្លូស្លាបារី នំ យកទៅផ្ទះខាងស្រី ដែលនៅខាងស្រីគេបានប្រាប់ញាតិសន្ដានចាស់ទុំឱ្យមកស្ដាប់ និងទទួលដឹងឮរួមគ្នា។ ពេលនោះគេក្រាលកន្ទេល ត្រៀមទឹក ត្រៀមស្លាម្លូ ថ្នាំជក់រង់ចាំទទួលស្វាគមន៍ ព្រមទាំងមានអ្នកដែលពូកែនិយាយប្រាជ្ញ ចេះរបៀបទំនឹមទំនៀមល្អម្នាក់ ដែលគេហៅថា តុលាការ ឬ(មេបា)។
កាលបើទៅដល់ហើយ ខាងស្រីក៏អញ្ជើញឡើងទៅលើផ្ទះ អង្គុយចុះរៀបរយព្រមគ្នាហើយ ការជជែកផ្ដោះផ្ដងនូវពាក្យសំនួនវោហារចែចូវ ស្ដីដណ្ដឹងក៏ចាប់ផ្ដើមឡើងយ៉ាងដូចនេះ :
ថ្ងៃនេះជាថ្ងៃពេលាល្អ ថ្ងៃជា ពេលាកបគាប់ប្រសើរ ថ្លៃថ្លា ពេលាបើកឫក្សក៏បាន មក៍អំពីម៉ែ…ឪ…បានពឹងពាក់រកអាស្រ័យ ខ្ញុំបាទមក៍ទាំងពីរ ជាមុខមន្ដ្រីទាំងបី ជាសេនាអាមាត្យ បានបីទាំងគោល ទទួលទាំងម្លូពាន បានបីទាំងគោល ទទួលទាំងស្រាសឹក យក៍ មក៍ជាមុខ ខ្ញុំបាទបានដើរកាត់ទ្រកកាត់ទ្រាំង ជិះរថជិះរ៉ាង ត្បិតឆ្ងាយមិនថា ប៉ះដុប ស្ដុកខ្ញុំបាទក៏ឆ្ការ ប៉ះដុបបន្លា ខ្ញុំបាទក៏កាប់រៀងរាបដរាប មក៍ដល់ស្រះមួយ ឃើញទឹកថ្លាជ្រះ ត្រចះត្រចង់ ស្រមោលយោលយង់ ស្គន់សារាយ ខ្ញុំបាទបានដាក់ភ្នែក ក្រឡេកទៅពីឆ្ងាយឃើញផ្កាឈូកមួយទើបក្រពុំ ខ្ញុំសូមសួរដល់ម្ចាស់ម៉ែណាដាំ មើល៍ថែទាំងរក្សានូវសព្វថ្ងៃ ផ្កានេះល្អពេកចម្លែកក្រៃ សព្វថ្ងៃសុទ្ធស ឬយ៉ាងណា ឬមួយមានគេត្រួសត្រាយចងរបង ឆ្ការបិទបៃ – ( បិទប្រកាស)ឃោសនាទៅបាត់ហើយ បើផ្កានេះសុទ្ធសល្អនៅឡើយ ខ្ញុំបាទនឹងមានច្បាប់មួយមក៍អំពីក្រោយតាមម្ដងទៀត ទោះគួរមិនគួរ សុំម៉ែ ឳ សូមមេត្តាប្រោស។
I- កាលបើឳពុកម្ដាយ និងតុលាការ(មេបា) ខាងស្រីទទួលយកពានម្លូស្លា + សុរា ស្រេចហើយ មេបា(តុលាការ) ខាងស្រីក៏ពោលឡើងថា៖ «កូនយើងនៅសុទ្ធសល្អជ្រះ ហើយអត់មានឆ្កែណាក្អក ចចកណាស់កណ្ដាស់ បើដឹងអ្នកជា ព្រាអ្នកមុត ខ្ញុំបាទបើកឱកាសឱ្យ ហើយទីនេះទំនេរទេ ស្អាតអត់មានអ្នកណាមក៍បិទប្រកាស ឃោសនាអ្វីទេ»។
II- កាលបើមេបា ពោលបើកឱកាសដូច្នោះហើយ ខាងចៅមហាក៏និយាយប្រស្នាប្រាជ្ញតទៅទៀតថា៖
ថ្ងៃជា ពេលាល្អ ថ្ងៃជាពេលាកប គាប់ប្រសើរ ថ្ងៃក៏បើក ឫក្សក៏បាន ខ្ញុំបាទបានបីទាំងគោល ទទួលទាំងម្លូពាន បានបីទទួលទាំងស្រាសឹក យក៍មក៍ជាមុខ ខ្ញុំបាទសុំអត់ទោស។
ប្រោសមេត្តា ព្រោះខ្ញុំព្រះករុណា កុំឱ្យសង្ស័យសុំម៉ែ ឳ កាត់កាលវាល់ច្បាប់តាមប្រពៃ កាត់ខ្ពស់ លោះទាប គ្រានេះនៃសមម៉ែឳ តាយាយ ប្រោសប្រាប់ឱ្យបានឮនឹងមាត់ ត្បិតនឹងត្រចៀក បានឮនឹងមាត់ត្បិតនឹងភ្នែក ឱ្យខ្ញុំបានអរត្រេក ទៅប្រាប់អ្នកផ្ទះ ទៅគួរ មិនគួរ ម៉ែឳទ្រង់មេត្តាប្រោស។
ការចែចូវទំនងនេះ ខ្មែរហៅថា «កាត់កាលវាល់ល្បាប់» បានន័យថា កំណត់ថ្ងៃចំណងដៃ ឬជំនូនបណ្ណាការ និងថ្ងៃខែពេលវេលា។
កាលទើបទទួលនូវបណ្ណាការ គឺពានម្លូស្លា ផ្កាធូបទៀន សុរាហើយ (តុលាការ) មេបាក៏កំណត់ថ្លៃជំនូនបណ្ណាការថា នឹងស៊ីប្រាក់អស់ប៉ុន្មាន? ជ្រូកប៉ុន្មានក្បាល? សុរាប៉ុន្មានឳទិន មានមី មានមីសួ ភ្លុកចង្កូម ព្រមទាំងមាសពេជ្រកែវកងប៉ុន្មាន? តាមតែនឹងការព្រមព្រៀងគ្នាកាលពីគ្រាមកខ្សឹបមុននោះ។ បើសិនជានៅមិនទាន់ព្រមសព្វគ្រប់នឹងរៀបបានទេ ក៏សូមចងភ្ជាប់ពាក្យ ទុកប៉ុណ្ណេះសិន។ ការភ្ជាប់ពាក្យនេះត្រូវកំណត់ពេលវេលា មាសប្រាក់ និងការជប់លៀងភ្ជាប់ពាក្យទៅតាមការសមគួរ៕លីសា