ព្រះបដិមាករ ព្រះពោធិសត្វម៉ានូជីរីប៊ូដា (Manjushri Bodhisattva) ត្រូវបានទុកនៅក្នុងអារាម Hokkeji នាទីក្រុង Nara ប្រទេសជប៉ុន ដែលជាអារាមបុរាណត្រូវបានសាងសង់នៅសតវត្សរ៍ទី ៨ គ្រាដែលព្រះពុទ្ធសាសនាស្ថិតក្នុងសម័យកាលរុងរឿងបំផុត ។
នោះគឺជាព្រះបដិមារគង់ មានកម្ពស់ប្រមាណ ៧៦ សង់ទីម៉ែត្រ បដិមាករនេះ ចង់បង្ហាញពីកំពូលប្រាជ្ញានៃព្រះពោធិសត្វ ។
ក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យជាតិ Nara បានសម្រេចចិត្តធ្វើការត្រួតពិនិត្យព្រះបដិមាករនេះ ដោយម៉ាស៊ីនស្កែន CT ។ លទ្ធផលបង្ហាញថា ខាងក្នុងមានលំហមួយដែលមានផ្ទុកវត្ថុចំនួន ១៨០ ហើយប្រហែលជាត្រូវបានដាក់បញ្ចូលក្នុងព្រះកាយព្រះអង្គនាយុគ Kamakura (១១៩២-១៣៣៣) ។
រូបភាពស្កែន CT បង្ហាញឲ្យឃើញថា មានបុរាណវត្ថុ តែភាគច្រើនគឺជាគម្ពីរ ។ ពួកគេជឿថា វត្ថុទាំងនេះ ពុំមានការប៉ះពាល់អ្វីឡើយ ហើយបានស្ថិតក្នុងនោះជាង ៧០០ឆ្នាំ ។
របកគំហើញនេះ ពិតជាមានអត្ថន័យដ៏ធំធេងលើវិស័យប្រវត្តិសាស្ត្រ បុរាណសាស្ត្រ និងអបិយជំនឿ ។
បញ្ហាចោទឡើងពេលនេះ គឺតើត្រូវធ្វើបែបណា ដើម្បីអាចដឹងបានពីឯកសារក្នុងនោះ ព្រោះពួកគេរារែកចិត្ត មិនហ៊ានកាត់បំបែក ។
ព្រោះថា ៖ ទោះបីយ៉ាងណានេះគឺជាបុរាណវត្ថុដែលមានវ័យយ៉ាងចំណាស់ ហើយប្រសិនហ៊ានធ្វើផ្តេសផ្តាស់នោះ អ្នកគោរពបូជាទាំងឡាយ តើគេយល់ព្រមដែរឬទេ ? ៕ ចន្ទ្រា