ការបាក់ដីនិងជំនន់ទឹកភ្លៀងដ៏ធំនៅជប៉ុនបានធ្វើឱ្យមនុស្សយ៉ាងតិចណាស់១៧៦នាក់ស្លាប់និងត្រូវបានចាត់ទុកថាជាមហន្ដរាយធំបន្ទាប់ពីមហន្ដរាយរញ្ជួយដីនិងរលកស៊ូណាមិកាលពីឆ្នាំ២០១១។
លោកMasaichi Kawamot អាយុ៧២ឆ្នាំឈរភ្លឹកស្មារតីសម្លឹងមើលលំនៅដ្ឋានដែលរងការវាយប្រហារដោយទឹកជំនន់នៅខេត្ដOkayama
ស្ថានីយ CNN បានដកស្រង់របាយការណ៍ពីលោកYoshihide Suga នាយកខុទ្ទកាល័យរដ្ឋាភិបាលជប៉ុនឱ្យដឹងថា ចាប់តាំងពីមានភ្លៀងធំកាលពីសប្ដាហ៍មុនមកទល់ពេលនេះមានមនុស្ស១៧៦នាក់ហើយបានស្លាប់ ។ បុគ្គលិកសង្គ្រោះប្រមាណ75.000 នាក់ត្រូវបានចាត់ឱ្យទៅសង្គ្រោះនៅតាមតំបន់ដែលរងការយាយីដោយគ្រោះមហន្ដរាយធម្មជាតិ។
លោកSuga ព្រមានថា ភ្លៀង ខ្យល់កន្ដ្រាក់និងការបាក់ដីនៅបន្ដកើតមានក្នុងអំឡុងប៉ុន្មានម៉ោងទៀត ធ្វើឱ្យស្ថានការណ៍ស្ថិតនៅក្នុងរង្វង់គ្រោះថ្នាក់ដដែល។ បច្ចុប្បន្នមានពលរដ្ឋជប៉ុន៨លាននាក់កំពុងត្រូវជម្លៀសខ្លួនតាមសំណូមពររបស់រដ្ឋអំណាច។មានមនុស្សពុំតិចនាក់ទេបានរស់នៅច្រើនថ្ងៃមកហើយក្នុងជម្រកបណ្ដោះអាសន្ន។ផ្ទះរាប់ពាន់ខ្នងគ្មានអគ្គិសនី ហើយគ្រួសារប្រមាណ 270.000 ពុំមានទឹកស្អាតប្រើប្រាស់ឡើយ។
ខាងក្រោមជាសោកនាដកម្មគួរឱ្យរន្ធត់និងអាណិតអាសូរពលរដ្ឋជប៉ុន៕